ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើសំណើច្បាប់ពីរផ្សេងគ្នាដែលគាំទ្រក្រុមបាតុករប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុង ទោះបីជាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិនស្ថិតនៅក្នុងភាពស្រពិចស្រពិល និងមានការគំរាមពីរដ្ឋាភិបាលចិនក៏ដោយ។
រដ្ឋសភា និងព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តសំណើច្បាប់ទាំងពីរនេះកាលពីសប្ដាហ៍មុនដោយសំឡេងស្ទើរតែជាឯកច្ឆន្ទ។
ច្បាប់មួយតម្រូវឲ្យក្រសួងការបរទេសអាមេរិកផ្ទៀងផ្ទាត់ជារៀងរាល់ឆ្នាំថា ប្រទេសចិនផ្ដល់ស្វ័យភាពគ្រប់គ្រាន់ដើម្បីធានាអំពីឋានៈអនុគ្រោះពាណិជ្ជកម្មរបស់ទីក្រុងហុងកុង។ ច្បាប់នេះគំរាមដាក់ទណ្ឌកម្មលើមន្ត្រីចិនណាដែលមិនធ្វើដូច្នេះ។
ច្បាប់ទីពីរហាមឃាត់ការនាំចេញឲ្យប៉ូលិសហុងកុងនូវឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងជ័រ និងគ្រាប់កាំភ្លើងដែលមិនបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិត។
ក្រសួងការបរទេសចិនបានបញ្ជាក់ថា ខ្លួននឹង «ចាត់វិធានការតបតវិញដោយខ្លាំងក្លា» ប្រសិនបើសហរដ្ឋអាមេរិកនៅតែជ្រៀតជ្រែកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។
រដ្ឋាភិបាលទីក្រុងហុងកុងបានបង្ហាញ «ការសោកស្ដាយយ៉ាងខ្លាំង» ដោយបញ្ជាក់ថា វិធានការរបស់សហរដ្ឋអាមេរិកនេះបញ្ជូន «សារខុស» ទៅឲ្យក្រុមអ្នកតវ៉ា។
ប៉ុន្តែលោក Trump បានបញ្ជាក់នៅក្នុងទូរទស្សន៍ Fox News កាលពីយប់ថ្ងៃអង្គារថា ប្រធានាធិបតីចិនលោក Xi Jinping គឺជា «មិត្តភ័ក្ដិ» របស់លោក និងជា «បុរសដ៏អស្ចារ្យ» ម្នាក់។
ក្រោយមក លោក Trump បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា៖ «ខ្ញុំបានចុះហត្ថលេខាលើសំណើច្បាប់ទាំងនេះ ដោយសារតែខ្ញុំគោរពលោកប្រធានាធិបតី Xi Jinping ប្រទេសចិន និងប្រជាពលរដ្ឋហុងកុង។ សំណើច្បាប់ទាំងនេះត្រូវបានអនុម័តនៅក្នុងក្ដីសង្ឃឹមថា ថ្នាក់ដឹកនាំ និងអ្នកតំណាងនៃប្រទេសចិន និងទីក្រុងហុងកុងនឹងអាចដោះស្រាយការខ្វែងគំនិតគ្នាប្រកបដោយសន្តិវិធី ដែលនឹងនាំឲ្យមានសន្តិភាព និងវិបុលភាពរយៈពេលវែងសម្រាប់ភាគីទាំងអស់»៕