ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក នឹងមានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ត្រឹមដំណាច់ឆ្នាំ២០២០នេះ ឬ ឆាប់ជាងនោះ។
លោក Trump បានថ្លែងយ៉ាងដូច្នេះក្នុងអំឡុងការថ្លែងសុន្ទរកថា ដើម្បីទទួលយកការតែងតាំងជាផ្លូវការជាបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកពីគណបក្សសាធារណរដ្ឋ នៅសួនខាងត្បូងនៃសេតវិមានកាលពីយប់ថ្ងៃព្រហស្បតិ៍។
អ្នកជំនាញសុខភាពថា គេត្រូវចំណាយពេលរហូតដល់រាប់ទសវត្សរ៍ដើម្បីអាចបង្កើតបានវ៉ាក់សាំងនិមួយៗ ដោយត្រូវធ្វើការសាកល្បងជាច្រើនដើម្បីកំណត់ថា វាមានសុវត្ថភាពនៅពេលចាក់លើអ្នកជំងឺ។ ប៉ុន្តែនៅពេលនេះ គេមានក្តីសង្ឃឹមខ្ពស់ថា កិច្ចប្រឹងប្រែងជាអន្តរជាតិ នឹងជួយឲ្យគេអាចផលិតវ៉ាក់សាំងដ៏មានប្រសិទ្ធភាពត្រឹមឆ្នាំក្រោយ។
គិតត្រឹមថ្ងៃសុក្រ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ១៩សរុបកើនដល់ជាង៥,៨លាននាក់ និងអ្នកស្លាប់ជាង១៨០.០០០នាក់ នេះបើតាមតួលេខពីសាកលវិទ្យាល័យ Johns Hopkins។
នៅជុំវិញពិភពលោក វីរុសកូរ៉ូណា បានឆ្លងដល់មនុស្សជិត២៤,៥លាននាក់ និងសម្លាប់ជីវិតមនុស្សប្រមាណជាង៨៣២.០០០នាក់។ បន្ទាប់ពីសហរដ្ឋអាមេរិក ប្រទេសដែលមានការរាតត្បាតខ្លាំងទី២ គឹប្រេស៊ីលដែលមានការឆ្លង៣,៧លាននាក់ និងទី៣គឺឥណ្ឌា ដែលមានអ្នកឆ្លងសរុប៣,៣លាននាក់។
អាជ្ញាធរឥណ្ឌានិយាយថា ប្រទេសនេះ មានករណីឆ្លងថ្មីចំនួន៧៧.២៦៦ករណីកាលពីថ្ងៃសុក្រ ដែលនេះជាចំនួនឆ្លងថ្មីក្នុងមួយថ្ងៃ គឺច្រើនបំផុតមិនធ្លាប់មាននៅប្រទេសនេះ។.
ចំណែកឯនៅប្រទេសបារាំងវិញ កាលពីថ្ងៃសុក្រ អាជ្ញាធរក្រុងប៉ារីសបានបញ្ជាឲ្យពលរដ្ឋត្រូវពាក់ម៉ាស់នៅទីសាធារណៈ ក្រោយពីមានការកើនឡើងករណីឆ្លងកូវីដ១៩ជាង៥.០០០ករណីថ្មី កាលពីថ្ងៃពុធ និង៦០០០ករណី កាលពីថ្ងៃព្រហស្បតិ៍៕