អង្គការសុខភាពពិភពលោក WHO បាននិយាយកាលពីថ្ងៃចន្ទថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន៩ផ្សេងគ្នា កំពុងត្រូវបានធ្វើការវាយតម្លៃដោយកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក ដែលនៅពេលនេះ មានប្រទេសចំនួន១៧២ ជាដៃគូចូលរួម។
កម្មវិធី COVAX ត្រូវបានបង្កើតឡើងកាលពីដើមឆ្នាំនេះ ដោយអង្គការសុខភាពពិភពលោក ក្នុងគោលបំណងសម្របសម្រួលប្រឹងប្រែងរួមគ្នារបស់ប្រទេសសមាជិក ដើម្បីធានាការទទួលបាននូវវ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងភាពស្មើគ្នា ក៏ដូចជាថ្នាំព្យាបាលជំងឺកូវីដ១៩ នៅពេលដែលវ៉ាក់សាំងការពារ និងថ្នាំព្យាបាលនេះ ត្រូវបានបង្កើតឡើងនិងអនុញ្ញាតដាក់ឱ្យប្រើប្រាស់ជាផ្លូវការនោះ។
ថ្លែងក្នុងសន្និសីទព័ត៌មានមួយនៅទីស្នាក់ការធំរបស់អង្គការសុខភាពពិភពលោក ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសនោះ អគ្គនាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus លើកឡើងថា កម្មវិធី COVAX នេះមានសារៈសំខាន់ចំពោះកិច្ចប្រឹងប្រែងបញ្ចប់ការរាត្បាតនៃជំងឺកូវីដ១៩។
លោក Tedros បញ្ជាក់ថា ការធានាថា ប្រទេសទាំងអស់ទទួលបាននូវវ៉ាក់សាំងការពារណាមួយដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ គឺមានសារៈសំខាន់សម្រាប់ផ្នែកសេដ្ឋកិច្ច។ លោកបន្តថា ប្រសិនបើមានតែប្រទេសមួយចំនួនតូចដែលជាប្រទេសអ្នកមានខ្លាំងបំផុតនោះ ទទួលបាននូវវ៉ាក់សាំងការពារ ឬថ្នាំព្យាបាលនោះ វានឹងធ្វើឱ្យជំងឺកូវីដ១៩នេះកាន់តែរាតត្បាតក្នុងរយៈពេលវែងតទៅទៀត។ លោកថា ជាតិនិយមទាក់ទងនឹងរឿងវ៉ាក់សាំងនេះ ជាការជួយឱ្យវីរុសបន្តដំណើរទៅមុខទៀតតែប៉ុណ្ណោះ៕