មានវ៉ាក់សាំងប្រាំប្រភេទប្រឆាំងនឹងជំងឺកូវីដ១៩កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយបង្អស់នៃការធ្វើ តេស្ត។ ការធ្វើតេស្តទាំងនេះធ្វើតាមយុទ្ធសាស្ត្របីដាច់ដោយឡែកពីគ្នាដោយមានរួមបញ្ចូលទាំងរបៀបដោះស្រាយថ្មីៗផងដែរ។
ទីដៅធំបំផុតនៃវ៉ាក់សាំងទាំងនេះប្រឆាំងនឹងវីរុសកូរ៉ូណាគឺប្រូតេអ៊ីនមានបន្លានៅផ្ទៃខាងក្រៅនៃវីរុសនេះ។
បន្លានោះជាផ្នែកដែលវីរុសនេះប្រើសម្រាប់ចាក់ចូលទៅក្នុងកោសិកាមនុស្សបណ្តាលឱ្យមានជំងឺកូវីដ១៩។
លោក Jim Campell ជាវេជ្ជបណ្ឌិតខាងជំងឺឆ្លងនៅឯសាកលវិទ្យាល័យ Maryland។
លោកនិយាយថា គោលដៅគឺធ្វើឱ្យប្រព័ន្ធការពារជំងឺបង្កើតអង្គបដិប្រាណដែលភ្ជាប់នឹងបន្លាទាំងនេះ។ លោក Jim Campell និយាយថា៖
«អង្គបដិប្រាណនេះរារាំងវីរុសមិនឱ្យចូលក្នុងកោសិកា។ ហើយនេះដូចជាពែងទិព្វមានន័យថា មានប្រសិទ្ធភាពបំផុត»។
លោក Paul Offit ដែលជាអ្នកជំនាញខាងវ៉ាក់សាំងនិយាយថា នេះជាវិធីមួយទៅកាន់ជោគជ័យគឺចាក់ធ្វើឱ្យវីរុសសកម្មទៅក្នុងរាងកាយមនុស្ស។ លោក Paul Offit ដែលធ្វើការនៅមន្ទីរពេទ្យកុមារនៅទីក្រុង Philadelphia ថ្លែងថា៖
«យកវីរុសមួយហើយលោកអ្នកបណ្តុះវាហើយលោកអ្នកធ្វើវាឱ្យអសកម្មជាមួយសារធាតុគីមីមួយ។ យើងធ្វើវាឱ្យអសកម្មមានន័យថា វីរុសនេះមិនអាចបង្កើនចំនួនពួកវាបានទេ។នេះជាវិធីដែលយើងផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺរលាកថ្លើមប្រភេទ A។នេះជាវិធីដែលយើងផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺស្វិតដៃជើង។ នេះជាវិធីដែលយើងផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺឆ្កែឆ្កួត»។
ប្រព័ន្ធការពារប្រឆាំងនឹងជំងឺនេះបង្កើតអង្គបដិប្រាណដើម្បីធ្វើឱ្យវីរុសអសកម្មដើម្បីធ្វើឱ្យវាមានការប្រុងប្រៀបនៅពេលវីរុសពិតប្រាកដចូលមក។
ក្រុមហ៊ុនចិនពីរកំពុងសាកល្បងវិធីនេះ។
មានវិធីថ្មីមួយទៀតគឺប្រើវីរុសថ្មីខ្សោយជាយានសម្រាប់ប្រយុទ្ធនឹងជំងឺនេះ។ វិធីនេះទាញយកអត្ថប្រយោជន៍ពីភាពសាមញ្ញនៃវីរុស។ លោកវេជ្ជបណ្ឌិត Jim Campbell នៃសាកលវិទ្យាល័យ Maryland និយាយថា៖
«វាដូចជាបាល់មួយដែលមានលេខពន្ធុ ឬហ្សែន។ ក្រៅពីនេះ វីរុសនេះគ្មានអ្វីទៀតទេ»។
លេខពន្ធុនេះជាវិធីបង្កើតវីរុសថែមទៀត។ពួកអ្នកវិទ្យាសាស្ត្រប្រើពន្ធុនៃវីរុសខ្សោយសម្រាប់ផ្សាំប្រឆាំងប្រូតេអ៊ីនមានបន្លាពីវីរុសកូរ៉ូណា»។
លោក Paul Offit នៃមន្ទីរកុមារនៃក្រុង Philadelphia និយាយថា៖
«អ្វីដែលកើតមានគឺវីរុសភ្ជាប់ខ្លួនវានឹងកោសិកា ចូលក្នុងកោសិកាហើយបន្ទាប់មកប្រូតេអ៊ីននេះគឺ ប្រូតេអ៊ីនមានបន្លាត្រូវបង្កើតឡើងក្នុងកោសិកាលោកអ្នក។ ដូច្នេះ លោកអ្នកបង្កើតឱ្យមានប្រព័ន្ធការពារឆ្លើយតបនឹងប្រូតេអ៊ីនមានបន្លា។លោកអ្នកបង្កើតប្រូតេអ៊ីនមានបន្លាហើយលោកអ្នកធ្វើឱ្យមានការតបតដល់ប្រូតេអ៊ីនមានបន្លា។ នេះជាវិធីដែលវ៉ាក់សាំងប្រឆាំងនឹងជំងឺ Ebola បានត្រូវផលិតដោយជោគជ័យ»។
ហើយនេះជាយុទ្ធសាស្ត្រដែលវ៉ាក់សាំងរបស់សាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន Astra Zeneca ប្រើប្រាស់។
វិធីទីបីនិងចុងក្រោយបង្អស់គឺដាក់បញ្ចូលផែនការពន្ធុទៅក្នុងកោសិកានៅខាងក្នុងពពុះខ្លាញ់អតិសុខុមប្រាណដោយផ្ទាល់។ លោក Paul Offit ថ្លែងថា៖
«លោកអ្នកគ្រាន់តែចាក់ពន្ធុនេះចូលដែលបន្ទាប់មកកោសិកាសាច់ដុំស្រូបយក។ ហើយពន្ធុនេះក្លាយជា ប្រូតេអ៊ីនដែលបន្ទាប់មកលោកអ្នកធ្វើឱ្យមានការឆ្លើយតបដោយប្រព័ន្ធការពារនឹងជំងឺ»។
វ៉ាក់សាំងពីក្រុមហ៊ុន Moderna និងដៃគូ គឺក្រុមហ៊ុន BioNTech និង Pfizer មានគោលដៅឱ្យដំណើរការបែបនេះ។
គ្មានការធានាថា វិធីណាមួយក្នុងបណ្តាវិធីទាំងនេះនឹងមានសុវត្ថិភាព និងមានប្រសិទ្ធភាពទេ។ ព្រោះហេតុនេះហើយបានជាមានការធ្វើ តេស្តលើមនុស្សរាប់ម៉ឺននាក់នៅពេលនេះ។ ពួកអ្នកជំនាញសង្ឃឹមថា នឹងទទួលលទ្ធផលនៅដំណាច់ឆ្នាំនេះ៕
ប្រែសម្រួលដោយលោកឈឹម សុមេធ