ប្រទេសវៀតណាមចុះឈ្មោះបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ដែលបង្កើតដោយរុស្ស៊ី នេះបើតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋកាលពីថ្ងៃសុក្រ ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធនឹងការរាតត្បាតជាថ្មីនៃជំងឺនេះក្រោយពីមិនមានករណីឆ្លងថ្មីក្នុងប្រទេសជាច្រើនខែមក។
ប្រទេសរុស្ស៊ីបានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា ខ្លួននឹងបញ្ចេញវ៉ាក់សាំងកូវីដ១៩ដែលត្រូវអនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការដំបូងរបស់ពិភពលោកនៅក្នុងរយៈពេលពីរសប្តាហ៍ទៀត ដោយបដិសេធការបារម្ភរបស់អ្នកជំនាញថា វ៉ាក់សាំងនេះមិនគួរត្រូវអនុញ្ញាតមុនពេលបានសាកល្បងជាទ្រង់ទ្រាយធំសិន។
កាសែត Tuoi Tre របស់វៀតណាមរាយការណ៍ថា វៀតណាមបានបញ្ជាទិញវ៉ាក់សាំងពី៥០លានទៅ១៥០លានដូសពីរុស្ស៊ី ដោយវ៉ាក់សាំងមួយចំនួនរុស្ស៊ីនឹងផ្តល់ជាអំណោយ។
ទូរទស្សន៍រដ្ឋវៀតណាមមិនបានផ្សាយថាតើវៀតណាមនឹងទទួលបានវ៉ាក់សាំងនោះនៅពេលណាទេ ឬមានតម្លៃប៉ុន្មានទេ ប៉ុន្តែបានយោងលើក្រសួងសុខាភិបាលដែលថាវៀតណាមនឹងបន្តស្រាវជ្រាវបង្កើតវ៉ាក់សាំងកូវីដ១៩របស់ខ្លួនឲ្យបានត្រឹមចុងឆ្នាំ២០២១។
វៀតណាមធ្លាប់បានទទួលការសរសើរពីរបៀបប្រយុទ្ធនឹងការរាតត្បាតលើកទី១នៃជំងឺកូវីដ១៩ ដោយមិនមានអ្នកស្លាប់សោះ ប៉ុន្តែនៅពេលនេះប្រទេសនេះកំពុងស្រវ៉ាស្រទិញទប់ទល់នឹងការរាតត្បាតក្នុងស្រុកថ្មីមួយ ដែលគេរកឃើញដំបូងនៅក្នុងទីក្រុងដាណាងភាគកណ្តាលប្រទេសកាលពីថ្ងៃទី២៥ ខែកក្កដា។
មកទល់នឹងពេលនេះវៀតណាមបានរាយការណ៍ពីករណីឆ្លងសរុប ៩២៩ និងអ្នកស្លាប់យ៉ាងតិច២១នាក់ពីកូវីដ១៩៕