ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានបង្ហាញទស្សនៈផ្ទុយគ្នា នៅថ្ងៃចន្ទនេះ អំពីថាតើការសាកល្បងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើងកាលពីពេលថ្មីៗនេះ បានរំលោភលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែរ ឬក៏យ៉ាងណានោះ ប៉ុន្តែលោកទាំងពីរនៅតែមូលមតិគ្នា ទាក់ទិននឹងគោលបំណងចុងក្រោយនៃការធ្វើឲ្យសម្រេចបាននូវឧបទ្វីបកូរ៉េមួយដែលគ្មាននុយក្លេអ៊ែរ។
ដោយថ្លែងនៅក្នុងពេលសន្និសីទកាសែតរួមគ្នាមួយ បន្ទាប់ពីបានពិភាក្សាគ្នានៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុនរួចមក លោក Trump បាននិយាយថា លោកយល់ឃើញថា ការសាកល្បងនេះគឺជាការប្រឹងប្រែងរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ដើម្បីឲ្យគេចាប់អារម្មណ៍ ហើយលោកបានបន្ថែមថា ខ្លួនលោកផ្ទាល់ លោកមិនខ្វល់អំពីរឿងនេះទេ។
លោក Abe បាននិយាយថា ការសាកល្បងនេះពិតជាបានរំលោភលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោកក៏បានសង្កត់ធ្ងន់ម្ដងហើយម្ដងទៀតថា នៅក្នុងការចរចាជាមួយនឹងកូរ៉េខាងជើង រដ្ឋាភិបាលរបស់លោកមានចំណាប់អារម្មណ៍ខ្លាំងនៅក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាចាប់ពង្រត់ពលរដ្ឋជប៉ុនដែលធ្វើឡើងដោយកូរ៉េខាងជើង។
ការលើកឡើងរបស់លោក Trump ផ្ដោតភាគច្រើនលើបញ្ហាសេដ្ឋកិច្ច ដោយលោកបានបង្ហាញពីការរំពឹងរបស់លោកនៅក្នុងការសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងប្រទេសជប៉ុន និងចិន ដែលនឹងកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងបានលើកឡើងអំពីអ្វីដែលលោកយល់ឃើញថាជា «សក្ដានុពលសេដ្ឋកិច្ចដ៏ធំមហិមា» ដែលកំពុងរង់ចាំប្រទេសកូរ៉េខាងជើង ប្រសិនបើប្រទេសនេះធ្វើកិច្ចព្រមព្រៀងមួយ ដែលមានបញ្ចូលទាំងការលះបង់ចោលនូវអាវុធនុយក្លេអ៊ែររបស់ខ្លួនផងដែរ៕