ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កំពុងធ្វើដំណើរទៅកាន់ប្រទេសជប៉ុនដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៤ថ្ងៃដោយមានពិធីនិងការប្រកួតកីឡាដ៏អ៊ឹកធឹកផង ថ្វីបើមន្រ្តីជាន់ខ្ពស់សេតវិមានម្នាក់សន្យាថា នឹងមានកិច្ចការដុំកភួនខ្លះដើម្បីប្រកាសក៏ដោយ។
ការផ្តោតលើការថតរូបជាជាងការធ្វើកិច្ចព្រមព្រៀងអាចជាចេតនាមួយផ្នែករបស់នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ដែលបានធ្វើឲ្យមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយប្រធានាធិបតី ត្រាំ។ មេដឹកនាំទាំង២បានជួបគ្នាឬនិយាយជាមួយគ្នាជាង៤០លើក ដែលមិនធ្លាប់មានកាលពីពេលមុន។ នេះបើតាមការបញ្ជាក់របស់សេតវិមាន។
លោក Tomohiko Taniguchi ជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Keio ដែលជាអ្នកសរសេរសុន្ទរកថាគោលនយោបាយការបរទេសដ៏សំខាន់មួយឲ្យនាយករដ្ឋមន្រ្តីជប៉ុន មើលឃើញថា ក្រៅពីពិធីនៃដំណើរទស្សនកិច្ចនេះ ដំណើរទស្សនកិច្ចនេះមានខ្លឹមសារតិចតួចប៉ុណ្ណោះ។
ក៏ប៉ុន្តែ លោក Taniguchi និយាយទៀតថា នាយករដ្ឋមន្រ្តីជប៉ុនលោក Abe ជាមេដឹកនាំបរទេសតែម្នាក់គត់ដែលប្រធានាធិបតី ត្រាំ អាចចំណាយពេលរាប់សិបម៉ោងនិងនិយាយរាប់សិបម៉ោងជាមួយដោយគ្មានការប្រុងប្រៀបរៀបចំចំណុចសំខាន់ៗ ដែលជាតម្លៃយុទ្ធសាស្រ្តសម្រាប់វិស័យការទូតជប៉ុន។
នៅពេលដែល VOA សួរថាតើដំណើរទស្សនកិច្ចនេះ អាចនាំឲ្យមានកិច្ចសហប្រតិបត្តិការខាងពាណិជ្ជកម្មនិងការពារប្រទេស មន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់ដែលបានចង្អុលបង្ហាញដល់សន្និសីទកាសែតរវាងលោកត្រាំនិងលោក Abe ដែលបានគ្រោងធ្វើឡើង បានឆ្លើយតបថា៖ «មេដឹកនាំទាំង២ នឹងមានការប្រកាសដ៏សំខាន់បំផុតខ្លះដែលទាក់ទិននឹងទំនាក់ទំនងនេះ»។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវចូលរួមពីធីលាងសាយភោជន៍ជាមួយព្រះអធិរាជថ្មី លេងកូនហ្គោលជាមួយលោកនាយករដ្ឋមន្រ្តីជប៉ុន និងទស្សនាកីឡាដ្ឋានបុរាណស៊ូម៉ូ និងប្រគល់ពានរង្វាន់ដល់ជើងឯកបោកចាំបាប់៕