ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា​លោក​នឹង​ទិញ​ឡាន Tesla ដើម្បី​គាំទ្រ​ដល់​លោក​ Musk ​ពេល​​ក្រុម​ហ៊ុន​លោក​ជួប​ញ្ហា​ហិរញ្ញវត្ថុ


ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅពេលពួកគេអង្គុយនៅក្នុងរថយន្ត Tesla នៅសេតវិមាននៅថ្ងៃទី១១ ខែមីនាឆ្នាំ២០២៥។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅពេលពួកគេអង្គុយនៅក្នុងរថយន្ត Tesla នៅសេតវិមាននៅថ្ងៃទី១១ ខែមីនាឆ្នាំ២០២៥។

ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយ​ការណ៍​ថា​នៅពេល​លោក Elon Musk កំពុង​ប្រឈម​នឹងប្រតិកម្ម​ខ្លាំង​ខាង​នយោបាយ​និង​ហិរញ្ញវត្ថុ​ លោក​ប្រធានាធិបតី Donald Trump បាន​និយាយ​ថា​លោក​នឹង​ទិញ​រថយន្ត Tesla មួយ​គ្រឿង​មកពី​ក្រុមហ៊ុន​របស់​លោក Musk ជា​ការ​បង្ហាញ​នូវ​ការគាំទ្រមិន​ប្រក្រតី​មួយ​មកពី​លោក​ប្រធានាធិបតី​ដល់​ទីប្រឹក្សា​ដ៏​មាន​អំណាច​បំផុត​របស់​លោក​។​

ការណ៍​នេះ​ជា​ឧទាហរណ៍​ថ្មីៗបំផុត​ថាតើ​លោក Trump បាន​បង្ហាញ​នូវ​ភាពស្មោះត្រង់​យ៉ាង​ដូចម្តេច​ដល់​លោក Musk ដែល​បាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​លើ​យុទ្ធនាការ​នៃ​ការ​ត្រឡប់​មកកាន់​អំណាច​របស់​លោក​កាលពី​ឆ្នាំ​ទៅ​ហើយ​បាន​ក្លាយ​ជា​ឥស្សរជន​សំខាន់​មួយ​នៅ​ក្នុង​រដ្ឋបាល​អាណត្តិ​ទី២​របស់​លោក។

ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​រូប​នេះ​បាន​ប្រកាស​កាលពី​ព្រឹកថ្ងៃ​អង្គារ​ថា​លោក​នឹង​ទិញរថយន្ត Tesla ថ្មី​មួយ​គ្រឿង​ជា«ការ​បង្ហាញ​នូវ​ទំនុក​ចិត្ត​និង​ការ​គាំទ្រ​ដល់​លោក Musk ដែល​ជា​ជនជាតិ​អាមេរិកាំង​ដ៏​អស្ចារ្ស៍​ពិត​ប្រាកដ​ម្នាក់»។

ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​របស់​លោក Musk ត្រូវ​បាន​ជួប​ប្រទះ​ការ​ខាតបង់​ដោយ​ការ​លក់​ធ្លាក់​ចុះនិង​តម្លៃ​ភាគហ៊ុន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ លោក Musk បន្ត​ដឹកនាំ​ក្រុមហ៊ុន​រថយន្ត​នេះ​និង​បណ្តាញ​សង្គម X និង​ក្រុមហ៊ុន​ផលិត​កាំជ្រួច SpaceX ខណៈ​ដែល​បម្រើ​ការ​ជា​ទីប្រឹក្សា​របស់​លោក​ប្រធានាធិបតី Trump លើ​ការកែទម្រង់​និង​កាត់បន្ថយ​រដ្ឋាភិបាល​សហព័ន្ធ។

លោក​ប្រធានាធិបតី Trump បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ថា​លោក Elon Musk បានប្រថុយ​ប្រថាន​នឹង​ការ​ខាតបង់​ដើម្បី​ជួយ​ប្រទេស​ជាតិ​របស់​យើង ហើយ​លោក​កំពុង​ធ្វើ​ការងារ​ដ៏​អស្ចារ្យ។ ក៏ប៉ុន្តែ ពួក​ឆ្វេង​និយម​ជ្រុល​ដូច​ដែល​ពួកគេ​ធ្លាប់​បាន​ធ្វើ កំពុង​ព្យាយាម​ដោយ​ខុសច្បាប់​ហើយ​បាន​រួមគ្នា​ធ្វើ​ពហិកា​ដល់​ក្រុមហ៊ុន Tesla ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក ហើយ​ពួកគេ​បាន​វាយ​ប្រហារ​និង​ធ្វើ​ឱ្យ​គ្រោះថ្នាក់​ដល់​លោក Elon និង​អ្វីៗ​ដែល​លោក​មាន។

សេតវិមាន​មិន​បាន​បរិយាយ​ភ្លាមៗ​ស្តីពី​ផែនការ​របស់​លោក​ប្រធានាធិបតី Trump ដូចជា​ថាតើ​ការទិញ​នោះ​នឹង​ត្រូវ​ធ្វើ​ដោយ​របៀប​ណា​ឬរថយន្ត​នោះ​នឹង​ត្រូវ​រក្សា​នៅ​ទីណា​ទេ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG