ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បន្ទាប់ពី​មាន​ការ​បាញ់ប្រហារ​ជាច្រើន ពលរដ្ឋ​អាមេរិកាំង​សួរ​ថា «ហេតុអ្វី»?


មនុស្សម្នា​នៅ​កំដរ​គោរព​វិញ្ញាណក្ខន្ធ​ដល់​ជន​រងគ្រោះ​នៅ​ក្នុង​ការ​បាញ់ប្រហារ​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង ក្នុង​ក្រុង El Paso រដ្ឋ Texas កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩។
មនុស្សម្នា​នៅ​កំដរ​គោរព​វិញ្ញាណក្ខន្ធ​ដល់​ជន​រងគ្រោះ​នៅ​ក្នុង​ការ​បាញ់ប្រហារ​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង ក្នុង​ក្រុង El Paso រដ្ឋ Texas កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩។

ជំងឺ​ផ្លូវចិត្ត កាំភ្លើងវែង ភាពជ្រុលនិយម​អាច​ជា​កត្តា​ដែល​បង្ក​ឲ្យ​មាន​ការបាញ់ប្រហារ​ទាំងនេះឡើង ដែល​ឥឡូវនេះ​វា​បាន​កើតឡើង​នៅ​ក្នុង​សហរដ្ឋអាមេរិក នៅ​អត្រា​លើស​ពី​មួយ​ដង​ក្នុង​មួយ​ថ្ងៃ។ វា​កំពុង​ក្លាយ​ជា​បញ្ហា​មួយ​នៅក្នុង​ការឃោសនា​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី។

ប្រជាពលរដ្ឋ​អាមេរិកាំង កំពុង​សម្រួល​អារម្មណ៍ ក្រោយ​ពី​មាន​ករណី​បាញ់​ប្រហារ​ចំនួន​បី​ក្នុង​រយៈពេល​តែ​មួយ​សប្តាហ៍ ដែល​បាន​កើត​ឡើង​នៅ​ទីក្រុង Dayton ក្នុង​រដ្ឋ Ohio កាលពី​ថ្ងៃ​អាទិត្យទី៤ ខែសីហា បាន​សម្លាប់​មនុស្ស​៩​នាក់ កាលពី​ថ្ងៃសៅរ៍ទី ០៣ ខែសីហា ​នៅក្នុង​ទីក្រុង El Paso ក្នុង​រដ្ឋ Texas បាន​សម្លាប់​មនុស្ស ២០​នាក់ និង​កាលពី​ថ្ងៃអាទិត្យ ទី​២៨ ខែ​កក្កដា​កន្លង​ទៅ​នេះ នៅក្នុង​ក្រុង Gilroy ក្នុង​រដ្ឋ California បាន​សម្លាប់​មនុស្ស៣​នាក់។ នៅក្នុង​ហេតុការណ៍​នីមួយៗ មាន​មនុស្ស​ជាច្រើននាក់ បាន​រងរបួស​ ដែល​ខ្លះ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។ មនុស្ស​ជាច្រើន​បាន​សួរ​ថា តើ​មាន​ហេតុផល​អ្វី​ជំរុញ​ឲ្យ​ខ្មាន់កាំភ្លើង​ទាំងនោះ​ធ្វើការបាញ់​ប្រហារ​ដូចនេះ និង​តើ​មាន​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​នេះ។ ​

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump បាន​បង្ហោះ​សារ​តាម Twitter ថា ការបាញ់ប្រហារ​នៅ​ឯ​ផ្សារ Walmart នៅ​ក្នុង​រដ្ឋ Texas កាលពី​ថ្ងៃ​សៅរ៍​នោះ​គឺ​ជា​សោកនាដកម្ម​មួយ​និង​ជា​អំពើ​របស់​ជន​កំសាក។ អ្នកស្រី Nancy Pelosi មកពី​គណបក្ស​ប្រជាធិបតេយ្យ​ និង​លោក​ Joe Biden អតីត​អនុប្រធានាធិបតី​បាន​មានប្រសាសន៍​ថា យើង​ត្រូវតែ​ចាត់វិធានការ​ណាមួយ​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​នេះ។

ខណៈ​ពេល​ដែល ប្រជាពលរដ្ឋ​នៅ​ទីក្រុង El Paso បាន​កាន់ទុក្ខ​និង​ស្វែងរក​ចម្លើយ ការបាញ់ប្រហារ​មួយទៀត​បាន​ធ្វើ​ឲ្យភ្ញាក់ផ្អើល​នៅ​រដ្ឋ Ohio។

លោក Anthony Reynolds សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​នោះ​ផ្ទាល់​បាន​និយាយ​ថា៖

«មានមនុស្ស​ជាច្រើន​បាន​ស្រែក​និង​រត់ជាន់គ្នា នេះ​គឺ​ការខ្លាចភ័យ​រន្ធត់​មួយ»។​

មន្ត្រី​មួយចំនួន​បាន​ឲ្យ​ដឹង​ថា ប៉ូលិស​បាន​ទប់ស្កាត់​ការបាញ់ប្រហារ​នេះ​មិនដល់​មួយ​នាទី​ផង​ ដែល​ពួកគេ​បាន​សម្លាប់​ខ្មាន់កាំភ្លើង​នៅក្នុង​កន្លែងកំសាន្ត​មួយក្នុង​ទីក្រុង Dayton ក្នុង​រដ្ឋ Ohio និង​បាន​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ជាច្រើន​នាក់។ ប្អូនស្រី​របស់​ខ្មាន់កាំភ្លើង​គឺ​ជា​ជនរងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ជនរងគ្រោះ​ទាំងអស់​។

អ្នកស្រី Nan Whaley អភិបាលក្រុង Dayton បាន​ថ្លែង​ថា៖

«ការងារ​និង​ភាពក្លាហាន​របស់​ក្រុម​ប៉ូលិស​ដែល​បាន​ឆ្លើយតប​ដំបូង​នៅ​ក្នុង​ហេតុការណ៍​បាញ់ប្រហារ​នេះ​គឺ​ជា​អ្វីដែល​ជំរុញ​ឲ្យ​ខ្ញុំ​ក្រោកឡើង​រាល់ព្រឹក​ដើម្បី​បន្ត​ធ្វើការងារ​នេះ​ទៀត​»។​

សហរដ្ឋអាមេរិក​កំពុង​នៅ​ភ័យរន្ធត់​ពី​ការ​បាញ់​ប្រហារ​កាលពី​ថ្ងៃ​សៅរ៍​ នៅ​ពេល​ដែល​ខ្មាន់កាំភ្លើង​បាន​សម្លាប់​មនុស្ស​ចំនួន​បី​នាក់​និង​ធ្វើឲ្យ​មនុស្ស​ជាង​១០​នាក់​ទៀតរងរបួស​នៅ​ក្នុង​ទីក្រុង​ Gilroy ក្នុង​រដ្ឋ California មុន​ពេល​ឃាតក​បាន​បាញ់សម្លាប់​ខ្លួនឯង។ ​

រឿង​នៅ​ពីក្រោយ​ការបាញ់ប្រហារ​ក្នុង​រដ្ឋ California និងOhio នៅ​មិន​ទាន់ដឹងច្បាស់​នៅឡើយ​ទេ​។ ប៉ុន្តែ​នៅឯរដ្ឋ Texas វិញ ខណៈ​ដែល​ប្រជាជន​មាន​ភាពសោកសៅ​ទាំង​នៅ​ព្រំដែន​ខាង​សហរដ្ឋអាមេរិក​និងខាង​ប្រទេស​ម៉ិកស៊ិក​អំពី​បញ្ហា​អន្តោប្រវេសន៍ អាជ្ញាធរ​បាន​និយាយ​ថា ខ្មាន់កាំភ្លើង​ប្រហែល​ជាចង់​តម្រង់​ទៅ​ជនជាតិ Hispanics។

លោក Greg Allen មេ​ប៉ូលិស​របស់​ទីក្រុង El Paso បាន​មាន​ប្រសាសន៍​ថា៖

«វា​មាន​ការ​ទាក់ទង​គ្នា​ទៅនឹង​ឧក្រិដ្ឋកម្ម​ដែល​មានដើមចម​ចេញ​ពី​ការ​ស្អប់នៅពេល​នេះ។ ក្រុមស៊ើបអង្កេត​សហព័ន្ធ FBI នឹង​ធ្វើការស៊ើបអង្កេត​ទៅលើ​បញ្ហា​នេះ​ជាមួយ​នឹង​ក្រុម​អាជ្ញាធរ​សហព័ន្ធ​ផ្សេងទៀត»។​

ជំងឺ​ផ្លូវចិត្ត កាំភ្លើងវែង ភាពជ្រុលនិយម​អាច​ជា​កត្តា​ដែល​បង្ក​ឲ្យ​មាន​ការបាញ់ប្រហារ​ទាំងនេះឡើង ដែល​ឥឡូវនេះ​វា​បាន​កើតឡើង​នៅ​ក្នុង​សហរដ្ឋអាមេរិក នៅ​អត្រា​លើស​ពី​មួយ​ដង​ក្នុង​មួយ​ថ្ងៃ។ វា​កំពុង​ក្លាយ​ជា​បញ្ហា​មួយ​នៅក្នុង​ការឃោសនា​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី។

លោក Beto O'Rourke បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​មាន​ប្រសាសន៍​ថា៖

«នឹងហើយ! ប្រធានបទ​នេះ​គឺ​ច្បាប់​អាវុធ។ នឹងហើយ! ត្រូវ​ត្រួតពិនិត្យ​ប្រវត្តិរូប​ជាទូទៅ។ នឹងហើយ! ពួកយើង​គួរតែ​បញ្ឈប់​ការលក់​អាវុធ​សម្រាប់​សង្គ្រាម​ទៅ​ឲ្យ​សហគមន៍​របស់​យើង។ ប៉ុន្តែ​ខ្ញុំ​គិត​ថា ពួកយើង​ត្រូវតែ​ប្រឈមមុខ​នឹង​ការស្អប់​នេះ ដែល​ខ្ញុំ​មិនដែល​បាន​ជួបប្រទះ​នៅក្នុង​ជីវិត​របស់​ខ្ញុំ។

ខណៈពេល​ដែល​ប្រជាពលរដ្ឋ​នៅក្នុង​ទីក្រុង El Paso តម្រង់​ជួរ​ដើម្បី​បរិច្ចាគ​ឈាម​ តំបន់​មួយ​នេះ​កំពុង​រៀបចំ​បុណ្យ​សព​ចំនួន​២០ ហើយ​នឹង​ការរៀបចំ​បុណ្យសព​ចំនួន​៩​ទៀត​នៅក្នុង​ទីក្រុង Dayton។ មាន​សំណួរ​ជាច្រើន​បាន​ចោទឡើង​ ប៉ុន្តែ​មាន​ចម្លើយ​តិចតួច​ណាស់៕

XS
SM
MD
LG