មានការបាញ់ប្រហារចំនួនពីរកើតឡើងក្នុងរយៈពេលតែ១៣ម៉ោងប៉ុណ្ណោះ។ បច្ចុប្បន្នមានហេតុការណ៍បាញ់ប្រហារដូចនេះចំនួន ២៥០ករណីក្នុងឆ្នាំនេះ ដែលមនុស្សយ៉ាងហោចណាស់ ៤នាក់ត្រូវបានបាញ់របួសឬស្លាប់ក្នុងករណីនីមួយៗក្រៅពីខ្មាន់កាំភ្លើង។
មន្ត្រីនៅក្នុងទីក្រុង Dayton នៃរដ្ឋ Ohio និងទីក្រុង El Paso នៃរដ្ឋTexas រាយការណ៍ថា មានមនុស្សស្លាប់៣០នាក់ និងយ៉ាងហោចណាស់៥០នាក់ទៀតត្រូវបានរងរបួសពីការបាញ់ប្រហារកាលពីចុងសប្តាហ៍មុននៅក្នុងទីក្រុងទាំងពីរ។ អ្នកនយោបាយមកពីគណបក្សសាធារណរដ្ឋនិងប្រជាធិបតេយ្យបានបញ្ចេញប្រតិកម្មនៅក្នុងកម្មវិធី «សប្តាហ៍នេះ» របស់បណ្តាញទូរទស្សន៍ ABC។
កាលពីថ្ងៃអាទិត្យនៅក្នុងទីក្រុង Dayton នៃរដ្ឋ Ohio មានការបាញ់ប្រហារនៅក្នុងតំបន់ពាណិជ្ជកម្មមួយនៅវេលាម៉ោង១ រំលងអាធ្រាត្រ។
ខ្មាន់កាំភ្លើងបានបាញ់សម្លាប់មនុស្សចំនួន ៩នាក់ និងមនុស្ស ២៧នាក់បានរងរបួស មុនពេលដែលប៉ូលិសបានបាញ់សម្លាប់ខ្មាន់កាំភ្លើងនោះ។
ត្រឹមតែ១៣ម៉ោងប៉ុណ្ណោះមុនការបាញ់ប្រហារនេះ មានការបាញ់ប្រហារមួយទៀតនៅក្នុងទីក្រុង El Paso នៃរដ្ឋ Texas ដែលមន្ត្រីប៉ូលិសបានឆ្លើយតបទៅនឹងខ្មាន់កាំភ្លើងមួយទៀតនៅឯផ្សារ Wal-Mart។ នៅទីនោះ ខ្មាន់កាំភ្លើងបានសម្លាប់មនុស្ស២០នាក់ និងមនុស្សយ៉ាងហោចណាស់ ២៦នាក់ទៀតត្រូវបានរងរបួស។ មន្ត្រីសហព័ន្ធបានហៅការបាញ់ប្រហារនេះថា ជាសកម្មភាពភេរវកម្មក្នុងស្រុក។
ករណីបាញ់ប្រហារនៅសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននេះមានច្រើនជាង២៥០ករណីក្នុងឆ្នាំនេះ។
លោកប្រធានាធិបតី Trump បានសរសេរសារ Twitter អំពីការគាំទ្ររបស់លោកចំពោះលោកអភិបាលរដ្ឋ Texas ដោយនិយាយថា «ព្រះនឹងនៅជាមួយអ្នកទាំងអស់គ្នា»! លោកបាននិយាយថា ក្រុមស៊ើបអង្កេតសហព័ន្ធ FBI អាជ្ញាធររដ្ឋនិងអាជ្ញាធរ តាមតំបន់កំពុងធ្វើការជាមួយគ្នានៅក្នុងទីក្រុងទាំងពីរ។
បេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំ ២០២០ មកពីគណបក្សប្រជាធិបតេយ្យ លោក Julian Castro បានស្តីបន្ទោសទៅខ្មាន់កាំភ្លើង ប៉ុន្តែលោកបានមានប្រសាសន៍ថា វោហាសាស្រ្តពីការស្អប់របស់លោកប្រធានាធិបតី Trump នាំឲ្យមានភេរវករក្នុងប្រទេស។
លោក Julian Castro បានមានប្រសាសន៍ថា៖
«លោកប្រធានាធិបតីបានឲ្យអាជ្ញាបណ្ណទៅពួកជ្រុលនិយមស្បែកសដើម្បីបង្កើតឲ្យមានបញ្ហាជាច្រើននៅក្នុងប្រទេសយើង។ ហើយនៅពេលជាមួយគ្នានេះដែរ ក្នុងនាមជាអ្នកដឹកនាំថ្នាក់ជាតិរបស់ពួកយើង លោកប្រធានាធិបតីអាចនាំឲ្យមានការបែកបាក់បន្ថែម ឬក៏អាចព្យាយាមនាំពលរដ្ឋអាមេរិកាំងដែលមានប្រវត្តិខុសៗគ្នាឲ្យរូបរួមគ្នា»។
ប្រធានខុទ្ទកាល័យស្តីទីនៃការិយាល័យប្រធានាធិបតី លោក Mick Mulvaney បានមានប្រសាសន៍ថា គួរតែស្តីបន្ទោសខ្មាន់កាំភ្លើង មិនគួរបន្ទោសវោហាសាស្ត្រនយោបាយនោះទេ។
លោក Mick Mulvaney បានមានប្រសាសន៍បន្តទៀតថា៖
«វាគ្មានផលចំណេញអ្វីនោះទេក្នុងការព្យាយាមយកបញ្ហានេះមកធ្វើជារឿងនយោបាយ។ នេះគឺជា បញ្ហាសង្គម ហើយពួកយើងត្រូវរកដំណោះស្រាយ។ អ្នកដែលត្រូវទទួលខុសត្រូវរឿងនេះគឺជា អ្នកដែលបង្កបញ្ហានេះឡើង។ ពួកយើងត្រូវការរកវិធីកាត់បន្ថយមនុស្សរបៀបនេះនៅក្នុងសង្គម ហើយមិនត្រូវព្យាយាមស្វែងរកមនុស្សដើម្បីស្តីបន្ទោសពីរឿងនេះ នៅពេលបោះឆ្នោតខាងមុខនោះទេ»។
ទាំងលោក Mulvaney និងលោក Castro ហាក់បីដូចជាយល់ស្របថា ការកាត់បន្ថយលទ្ធភាពទិញអាវុធគឺជាជំហានមួយទៅកាន់ទិសដៅដ៏ត្រឹមត្រូវ។
លោក Julian Castro បានមានប្រសាសន៍ថា៖
«ដំណោះស្រាយចំពោះបញ្ហានេះគឺ មិនមែនកាំភ្លើងថែមទៀតនោះទេ។ ដំណោះស្រាយនោះគឺធ្វើឲ្យប្រាកដថា អាវុធសម្រាប់សង្គ្រាម និងអាវុធស្វ័យប្រវត្តិទាំងនេះមិនត្រូវឲ្យធ្លាក់ទៅក្នុងដៃមនុស្សណាដែលនឹងប្រើវាពាសវាលពាសកាលនោះទេ»។
លោក Mulvaney បានមានប្រសាសន៍បន្តទៀតថា៖
«ខ្ញុំគិតថា ពួកយើងទាំងអស់យល់ស្របថា មនុស្សអាក្រក់ដែលមានបំណងនឹងធ្វើរឿងទាំងអស់នេះ មិនគួរអាចទិញកាំភ្លើងដោយស្របច្បាប់បាននោះទេ។ ពិតណាស់ បញ្ហាចម្បងដែលយើងមាននោះគឺការព្យាយាមកំណត់អត្តសញ្ញាណមនុស្សមួយណាដែលអាក្រក់ នៅពេលដែលពួកគេព្យាយាមទិញអាវុធ ហើយយើងត្រូវតែមានកិច្ចពិភាក្សាបែបនេះ»។
ការថ្លែងដែលពោរពេញទៅដោយការស្អប់និងការប្រឆាំងជនអន្តោប្រវេសន៍បានកើតមានឡើងលើបណ្តាញអ៊ីនធឺណេតជិត ២០នាទីមុនពេលដែលការបាញ់ប្រហារបានកើតឡើងនៅក្នុងរដ្ឋ Texas។ អាជ្ញាធរមិនទាន់បានបញ្ជាក់នៅឡើយទេថានរណាជាអ្នកថ្លែងនោះទេ។
ជនរងគ្រោះម្នាក់នៅក្នុងការបាញ់ប្រហារក្នុងទីក្រុង Dayton គឺជាប្អូនស្រីរបស់ខ្មាន់កាំភ្លើង។ ការបាញ់ប្រហារទាំងអស់នេះបានធ្វើឲ្យចុងសប្តាហ៍មុន ជាសប្តាហ៍ដែលមានការបាញ់ប្រហារដ៏សាហាវបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសមួយដែលញាំញ៉ីដោយអំពើហិង្សាដោយកាំភ្លើង៕
ប្រែសម្រួលដោយ លី វួចនា