ប្រធានាធិបតីអាមេរិកលោក Donald Trump នឹងធ្វើដំណើរតាមយន្តហោះ Air Force One នៅថ្ងៃពុធនេះ ដើម្បីធ្វើទស្សនៈកិច្ចនៅទីក្រុង Dayton រដ្ឋ Ohio និងទីក្រុង El Paso រដ្ឋTexas ដែលទើបមានហេតុការណ៍បាញ់សម្លាប់មនុស្សយ៉ាងព្រៃផ្សៃបណ្តាលឲ្យមនុស្ស ៣១នាក់បានស្លាប់កាលពីចុងសប្តាហ៍មុន ហើយអ្នកស្រុករស់នៅជាច្រើននៅក្នុងទីក្រុងទាំងពីរ ដែលបានស្តីបន្ទោសដល់វោហាសាស្រ្តរបស់លោកប្រធានាធិបតីដែលបង្កឲ្យមានអំពើហិង្សានេះកើតឡើងកំពុងជំរុញឲ្យលោកស្ថិតនៅឲ្យឆ្ងាយ។
មន្រ្តីសេតវិមានបានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោកTrump នឹងធ្វើស្រដៀងគ្នាទៅនឹងអ្វីដែលលោកធ្លាប់បានធ្វើពីមុន ដើម្បីចូលរួមចែករំលែកទុក្ខជាមួយនឹងសហគមន៍ផ្សេងទៀតបន្ទាប់ពីមានហេតុការណ៍បាញ់សម្លាប់ព្រៃផ្សៃ រួមទាំងទីក្រុង Parkland រដ្ឋFlorida និងទីក្រុង Las Vegas ផងដែរ ដោយក្នុងនោះលោកប្រធានាធិបតី និងភរិយានឹងចំណាយពេលកាន់ទុក្ខជាមួយនឹងក្រុមគ្រួសារជនរងគ្រោះនិងអ្នកដែលនៅរស់រានមានជីវិត។
អ្នកនាំពាក្យសេតវិមានលោក Hogan Gidley បាននិយាយកាលពីថ្ងៃអង្គារថា «អ្វីដែលលោកប្រធានាធិបតីចង់ធ្វើគឺ ទៅសហគមន៍ទាំងនេះ និងកាន់ទុក្ខជាមួយនឹងពួកគេ អធិស្ឋានជាមួយពួកគេ ចែករំលែកទុក្ខ និងថ្លែងអំណរគុណដល់កងកម្លាំងដែលបានយកជីវិតរបស់ពួកគេទៅជួយសង្គ្រោះជីវិតមនុស្សចេញពីហេតុការណ៍បាញ់សម្លាប់ទាំងនេះ»។
ក៏ប៉ុន្តែគម្រោងទស្សនកិច្ចទាំងនេះនឹងប្រឈមនឹងសំណួរមួយចំនួនថាតើវោហាសាស្រ្តរបស់លោក Trump អាចជួយព្យាបាលសហគមន៍ដែលកំពុងមានទុក្ខព្រួយទាំងនេះបានដែរឬទេ។
លោកស្រី Nan Whaley អភិបាលក្រុង Dayton មកពីគណបក្សប្រជាធិបតេយ្យបានថ្លែងថា ទោះបីជាលោកស្រីខកចិត្តទៅនឹងសេចក្តីថ្លែងការណ៍របស់លោក Trump បន្ទាប់ពីហេតុការណ៍បាញ់នេះយ៉ាងណាក៏ដោយ ក៏លោកស្រីនឹងទទួលស្វាគមន៍លោកប្រធានាធិបតីនៅក្នុងទីក្រុងរបស់លោកស្រីដែរ ហើយលោកស្រីសង្ឃឹមថា ទស្សនកិច្ចរបស់លោក Trump នឹងជួយដល់សហគមន៍។
ចំណែកឯនៅក្នុងទីក្រុង El Paso វិញ អ្នកស្រុកមួយចំនួន និងសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យបាននិយាយថា ពួកគេមិនស្វាគមន៍វត្តមានរបស់លោកប្រធានាធិបតីទេ និងបានស្នើឲ្យលោកនៅឲ្យឆ្ងាយ។
អភិបាលក្រុង El Paso លោក Dee Margo បានថ្លែងថា ទោះជាយ៉ាងណាក៏ដោយ លោកនឹងស្វាគមន៍លោក Trump នៅក្នុងទីក្រុង។ លោកបាននិយាយទៀតថា លោក Trump ជាប្រធានាធិបតី ដូច្នេះក្នុងនាមជាអភិបាលក្រុង លោកនឹងបំពេញកាតព្វកិច្ចរបស់លោក ដើម្បីជួបជាមួយប្រធានាធិបតីនិងពិភាក្សាអំពីកិច្ចការចាំបាច់នានាសម្រាប់សហគមន៍៕