ពួកអ្នកកាសែតដែលធ្វើដំណើរជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់សន្និសីទកំពូលនៃបណ្ឌាប្រទេស G-20 នៅក្នុងប្រទេសអាហ្សង់ទីន និយាយថា លោកប្រធានាធិបតីមានអារម្មណ៍មិនល្អទេ ហើយមានស្មារតីមិនមូលនៅក្រោយលោក Michael Cohen អតីតមេធាវីរបស់លោកបានសារភាពថាលោកបាននិយាយកុហកប្រាប់សភាអំពីកិច្ចព្រមព្រៀងខាងអចលនទ្រព្យមួយរបស់លោក ត្រាំ នៅក្នុងប្រទេសរុស្ស៊ី។
លោក Cohen បានសារភាពថា មានលោកមានកំហុសនៅក្នុងតុលាការសហព័ន្ធមួយក្នុងបូរីញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយថាលោកបានធ្វើឱ្យពួកសមាជិកសភាយល់ខុសអំពីពេលវេលានៃកិច្ចចរចាជាមួយរុស្ស៊ីសម្រាប់ការកសាងអាគារ ត្រាំ នៅក្នុងក្រុងមូស្គូ។
លោក Robert Mueller រដ្ឋអាជ្ញាពិសេស ដែលស៊ើបអង្កេតអំពីលទ្ធភាពនៃការឃុបឃិតគ្នារវាងពួកអ្នកឃោសនាបោះឆ្នោតឱ្យលោក ត្រាំ និងការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតក្នុងស.រ.អា.កាលពីឆ្នាំ២០១៦ បានចោទប្រកាន់លោក Cohen។ លោក Cohen ប្រឈមរួចស្រេចហើយនឹងទោសជាប់ពន្ធនាគារដោយសារមានទាក់ទិននឹងការប្រព្រឹត្តទុច្ចរិតខាងធនាគារ និងសកម្មភាពទាក់ទិនជាមួយជំនួញឡានតាក់ស៊ី របស់លោក។
កាលពីឆ្នាំទៅមិញលោក Cohen បាននិយាយប្រាប់គណៈកម្មាធិការខាងការស៊ើបការសម្ងាត់របស់ព្រឹទ្ធសភាស.រ.អា.ថា កិច្ចចរចារវាងអង្គការត្រាំ និងប្រទេសរុស្ស៊ីដើម្បីស្ថាបនាអាគារ ត្រាំ នៅក្នុងក្រុងមូស្គូបានចប់កាលពីខែមករាឆ្នាំ២០១៦។ ប៉ុន្តែតាមពិត កិច្ចចរចានេះបានបន្តធ្វើរហូតដល់ខែមិថុនា ឆ្នាំ២០១៦ នៅក្រោយលោក ត្រាំ បានទទួលការជ្រើសតាំងជាបេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សសាធារណរដ្ឋ។
លោក Cohen ក៏បានទទួលសារភាពដែរថា លោកបាននិយាយកុហកសភាអំពីសេចក្តីលម្អិតឯទៀតៗនៃគម្រោងការនេះនៅក្នុងក្រុងមូស្គូ ដោយមានរួមបញ្ចូលការទាក់ទងរបស់លោកផ្ទាល់ជាមួយពួកមន្ត្រីរុស្ស៊ី ថាលោកមិនដែលសុំឱ្យលោក ត្រាំ ធ្វើដំណើរតាមយន្តហោះដោយខ្លួនលោកផ្ទាល់ទៅកាន់ក្រុងមូស្គូទេ៕