ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍បានលុបចោលកិច្ចប្រជុំដែលបានគ្រោងធ្វើចំនួន២ម៉ោង ជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដើម្បីឆ្លើយតបទៅកាន់រុស្ស៊ីដែលបានរឹបអូសនាវាទាហានរបស់អ៊ុយក្រែន នៅក្នុងតំបន់សមុទ្រខ្មៅ។
ខណៈពេលដែលលោកបានចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន ទៅកាន់ទីក្រុង Buenos Aires និងដើម្បីចូលរួមកិច្ចប្រជុំកំពូល G-20 នៅចុងសប្តាហ៍នេះដែលនឹងមានការចូលរួមដោយមេដឹកនាំក្រុមប្រទេសដែលមានសេដ្ឋកិច្ចនាំមុខក្នុងពិភពលោក លោក ត្រាំ បានសរសេរនៅក្នុងសារ Twitter ថា «ដោយសារតែរុស្ស៊ីមិនទាន់ប្រគល់នាវានិងពលទាហានជើងទឹកដល់អ៊ុយក្រែនវិញ ខ្ញុំសម្រេចចិត្តថា ខ្ញុំនឹងលុបចោលជំនួបជាមួយរុស្ស៊ីដែលគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសអាហ្សង់ទីន»។
លោក ត្រាំ បានបន្ថែមថា «ខ្ញុំសង្ឃឹមថានឹងមានកិច្ចប្រជុំកំពូលដ៏មានន័យមួយ នៅពេលដែលបញ្ហានេះត្រូវបានដោះស្រាយរួចរាល់»។
លោក ត្រាំ បានបង្ហោះសារ Twitter អំពីការលុបចោលកិច្ចពិភាក្សាជាមួយនឹងលោក ពូទីន មិនយូរប៉ុន្មាន បន្ទាប់ពីលោកបានប្រាប់ទៅកាន់អ្នកសារព័ត៌មាននៅសេតវិមានថា កិច្ចប្រជុំនេះនឹងបន្តធ្វើឡើងដូចការគ្រោងទុក។
ពេលនោះលោកបានថ្លែងថា៖«ខ្ញុំប្រហែលនឹងជួបជាមួយលោកប្រធានាធិបតី ពូទីន។ ខ្ញុំចង់ឲ្យវាកើតមានឡើង។ ខ្ញុំគិតថា វាជាពេលវេលាដ៏ល្អមួយដើម្បីធ្វើកិច្ចប្រជុំនេះ»។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ីបានរាយការណ៍ថា រដ្ឋាភិបាលរុស្ស៊ីមិនទាន់បានដឹងអំពីការសម្រេចចិត្តលុបចោលជំនួបនេះនៅឡើយទេ។ ប៉ុន្តែស្ថានទូតរុស្ស៊ីនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានថ្លែងថា ប្រសិនបើលោក ត្រាំ និងលោក ពូទីន មិនមានជំនួបអ្វីទេ នោះលោក ពូទីន នឹងសល់ពេលប៉ុន្មានម៉ោងដើម្បីរៀបចំកិច្ចប្រជុំផ្សេងទៀតដែលមានប្រយោជន៍»៕