លោក Mitch McConnell មេដឹកនាំគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភា បាននិយាយថា លោក «ប្រហែលជានឹង» រារាំងសំណើច្បាប់មួយដើម្បីមិនឲ្យលោកប្រធានាធិបតី Donald Trump ដកមេធាវីពិសេសលោក Robert Mueller ចេញពីតំណែង។
លោក McConnell បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារម្សិលមិញថា ការប្រឹងប្រែងរបស់គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋនៅក្នុងការបញ្ជូនសំណើច្បាប់នេះឲ្យមានការបោះឆ្នោតគាំទ្រនោះគឺជា «ដំណោះស្រាយដើម្បីបញ្ហា»។
លោកបញ្ជាក់ដូច្នេះថា៖ «លោកប្រធានាធិបតី Trump នឹងមិនបញ្ឈប់លោក Robert Mueller ពីតំណែងនោះទេ។ ព្រឹទ្ធសភាមានរឿងត្រូវធ្វើជាច្រើនដើម្បីបញ្ចប់នៅឆ្នាំនេះ ដោយមិនបោះឆ្នោតលើរឿងណាដែលផ្ទុយស្រឡះទាំងស្រុងចំពោះលទ្ធផល»។
លោក Jeff Flake សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Arizona ខាងគណបក្សសាធារណរដ្ឋ ដែលជិតអស់អាណត្តិ និងដែលជាសមាជិកមួយរូបនៃគណៈកម្មាធិការតុលាការនៃព្រឹទ្ធសភា បានគំរាមរារាំងបេក្ខជនដែលលោក Trump តែងតាំងសម្រាប់តុលាការ ប្រសិនបើលោក McConnell មិនអនុញ្ញាតឲ្យមានការបោះឆ្នោតពេញអង្គនៃព្រឹទ្ធសភាអំពីសំណើច្បាប់ទាក់ទិននឹងករណីលោក Mueller។
សំណើច្បាប់នេះត្រូវបានគណៈកម្មាធិការតុលាការរបស់ព្រឹទ្ធសភាអនុម័តកាលពីខែមេសាក្នុងសំឡេង ១៤ ទល់នឹង ៧។
កាលពីថ្ងៃអង្គារម្សិលមិញ លោក Trump បានបន្តការវាយប្រហាររបស់លោកលើការស៊ើបអង្កេតករណីលោក Mueller។ លោក Trump បានសរសេរនៅលើ Twitter ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន «បានធ្វើឲ្យលោក Mueller ដូចជាមនុស្សដ៏វិសេសវិសាលមួយរូប ដែលតាមការពិត លោកគឺផ្ទុយពីនេះ។ លោក Mueller បានបំផ្លាញយ៉ាងខ្ទេចខ្ទាំដល់ប្រព័ន្ធយុត្តិធម៌ឧក្រិដ្ឋកម្មរបស់សហរដ្ឋអាមេរិក ដោយសារលោកលំអៀងទៅតែម្ខាង»៕