ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ស្វាគមន៍​កិច្ច​ព្រមព្រៀង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កូរ៉េ​ខាង​ជើង


ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ Moon Jae-in មើល​ព័ត៌មាន​ដែល​កំពុង​ផ្សាយ​អំពី​កិច្ច​ប្រជុំ​កំពូល​ប្រធានាធិបតី​អាមេរិក​និង​មេដឹកនាំកូរ៉េ​ខាងជើង​កាលពី​ថ្ងៃទី​១២ មិថុនា ឆ្នាំ ២០១៨។
ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ Moon Jae-in មើល​ព័ត៌មាន​ដែល​កំពុង​ផ្សាយ​អំពី​កិច្ច​ប្រជុំ​កំពូល​ប្រធានាធិបតី​អាមេរិក​និង​មេដឹកនាំកូរ៉េ​ខាងជើង​កាលពី​ថ្ងៃទី​១២ មិថុនា ឆ្នាំ ២០១៨។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In បាន​ស្វាគមន៍​លទ្ធផល​នៃ​កិច្ច​ប្រជុំ​រវាង​មេដឹកនាំ​កូរ៉េ​ខាង​ជើង និង​មេដឹកនាំ​សហរដ្ឋ​អាមេរិក ដោយ​បាន​និយាយ​ថា កិច្ច​ប្រជុំ​នេះ​បាន​ជួយ​ជំរុញ​ឲ្យ​តំបន់​អាស៊ី​ខាង​កើត​ឆ្ពោះ​ទៅ​រក​សន្តិភាព។

លោក Moon Jae In បាន​ជួប​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo នៅ​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង​ដើម្បី​ពិភាក្សា​អំពី​កិច្ច​ប្រជុំ​ជា​ប្រវត្តិសាស្ត្រ​នោះ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង ជា​ថ្នូរ​នឹង​ការ​ធានា​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​សន្តិសុខ​ប្រទេស​កូរ៉េ​ខាង​ជើង និង​ការ​សន្យា​បង្កើត​ទំនាក់ទំនង​ថ្មី​មួយ​រវាង​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ជើង និង​ដើម្បី​ស្វែង​រក​អដ្ឋិធាតុ​នៃ​អ្នក​ទោស​សម័យ​សង្គ្រាម​កូរ៉េ។

លោក Moon Jae In បាន​និយាយ​ថា លោក​ចង់​ឭ​អំពី​វិធី​ដែល​ភាគី​ទាំង​ពីរ​នឹង​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ​ឲ្យ​បាន​ពេញលេញ និង​ឆាប់​រហ័ស។

លោក Pompeo បាន​បង្ហាញ​ភាព​ជឿជាក់​ថា សហរដ្ឋ​អាមេរិក «បាន​ឈាន​ជំហាន​ដ៏​សំខាន់ និង​ល្អ​បំផុត​មួយ‍» នៅ​ឯ​កិច្ច​ប្រជុំ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​នោះ។

បន្ទាប់ពី​បាន​ពិភាក្សា​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​នានា​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​មក លោក Pompeo បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​ពិតជា​ចង់​ឲ្យ​កូរ៉េ​ខាង​ជើង​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ដែល​អាច​ផ្ទៀងផ្ទាត់​បាន​នៅ​លើ​ឧបទ្វីប​កូរ៉េ​នៅ​ត្រឹម​ចុង​អាណត្តិ​ជា​ប្រធានាធិបតី​របស់​លោក Trump នៅ​ខែ​មករា ឆ្នាំ ២០២១ ខាង​មុខ​នេះ៕

XS
SM
MD
LG