ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ថាគ្មាន​ការ​លើកលែង​ទណ្ឌកម្ម​ណា​មួយ​លើ​កូរ៉េ​ខាង​ជើង​មុន​ពេល​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង​នោះ​ទេ


រដ្ឋមន្រ្តី​ការបរទេស​ Mike Pompeo ស្តាប់​សំណួរ​អំឡុង​សន្និសីទ​រួម​ជាមួយ​រដ្ឋ​មន្រ្តី​ការបរទេស​កូរ៉េ​ខាងត្បូង ​Kang Kyung-wha និង​រដ្ឋ​មន្រ្តី​ការបរទេស​ជប៉ុន​ Taro Kono បន្ទាប់​ពី​កិច្ច​ប្រជុំ​របស់​ពួកគេ​នៅ​ក្រសួង​ការបរទេស​ក្នុង​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃទី​១៤ មិថុនា ឆ្នាំ ២០១៨។
រដ្ឋមន្រ្តី​ការបរទេស​ Mike Pompeo ស្តាប់​សំណួរ​អំឡុង​សន្និសីទ​រួម​ជាមួយ​រដ្ឋ​មន្រ្តី​ការបរទេស​កូរ៉េ​ខាងត្បូង ​Kang Kyung-wha និង​រដ្ឋ​មន្រ្តី​ការបរទេស​ជប៉ុន​ Taro Kono បន្ទាប់​ពី​កិច្ច​ប្រជុំ​របស់​ពួកគេ​នៅ​ក្រសួង​ការបរទេស​ក្នុង​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃទី​១៤ មិថុនា ឆ្នាំ ២០១៨។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​មាន​ប្រតិកម្ម​តប​ទៅ​នឹង​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ដែល​បាន​ផ្សាយ​ថា លោក​ប្រធានាធិបតី Donald Trump បាន​យល់ព្រម​នៅ​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​របស់​លោក​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un នៅ​ក្នុង​ប្រទេស​សិង្ហបុរី​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ​ថា សហរដ្ឋ​អាមេរិក​នឹង​ដក​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​ចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ជើង។

លោក Pompeo បាន​និយាយ​ថា លោក Trump បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ជំហាន​នីមួយៗ​នៅ​ក្នុង​ដំណើរការ​នោះ។

ទីភ្នាក់ងារ​ព័ត៌មាន KCNA ដែល​ជា​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​បាន​រាយការណ៍​ថា លោក Trump នឹង​ដក​ទណ្ឌកម្ម​ចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ពេល​ដែល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​ប្រសើរ​ឡើង ដោយ​បង្ហាញ​ពី​វិធានការ​ជា​បន្តបន្ទាប់​ដែល​ការ​ធ្វើ​សម្បទាន​អាច​ផ្ដល់​ឲ្យ​នៅ​តាម​ដំណាក់កាល​ផ្សេងៗ​នៃ​ដំណើរការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ។

ដោយ​ថ្លែង​នៅ​ឯ​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ត្បូង​លោកស្រី Kang Kyung Hwa និង​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Taro Kono លោក Mike Pompeo បាន​និយាយ​ថា រដ្ឋបាល​របស់​លោក Trump នឹង​មិន​ធ្វើ​ខុស​ម្ដង​ទៀត​ដូច​ប្រធានាធិបតី​អាមេរិក​មុនៗ ដែល​លើកលែង​ទណ្ឌកម្ម​ដល់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ដើម្បី​ជា​ថ្នូរ​នឹង​ការ​សន្យា​របស់​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ។

លោក Pompeo បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «កំហុស​កាល​ពី​អតីតកាល​នោះ​គឺ​ថា ប្រធានាធិបតី​អាមេរិក​មុនៗ​បាន​ផ្ដល់​ជំនួយ​ផ្នែក​សេដ្ឋកិច្ច និង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​មុន​ពេល​ដែល​ការ​លុប​ចោល​ទាំង​ស្រុង​នូវ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ត្រូវ​បាន​ធ្វើ​ឡើង។ ករណី​នេះ​នឹង​មិន​កើត​ឡើង​ទៀត​ទេ។ លោក​ប្រធានាធិបតី Trump បាន​បញ្ជាក់​យ៉ាង​ច្បាស់​ហើយ‍»៕

XS
SM
MD
LG