ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដូណាល់ ត្រាំ បានច្រានចោលការជជែកដេញដោលតាមអនឡាញ ក្រោយពេលគណ:កម្មាការឯករាជ្យខាងការរៀបចំការពិភាក្សាដេញដោលរវាងបេក្ខជនប្រធានាធិបតីលើកទី២ ប្រកាសពីគម្រោងដូច្នោះ ដោយយោងថា លោក ត្រាំ មានជំងឺកូវីដ១៩ ហើយតម្រូវឲ្យស្ថិតនៅក្នុងកន្លែងដាច់ដោយឡែកពីគេឯង។
ថ្លែងប្រាប់កម្មវិធី ទូរទស្សន៍ Fox Business លោកត្រាំ ដែលជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ ច្រានចោលការផ្លាស់ប្តូរនោះ ដោយបានចាត់ទុកថា ការរៀបចំពិភាក្សាដេញដោលពីចម្ងាយជាការខាតពេល។ លោក មានប្រសាសន៍ថា៖ «ខ្ញុំ នឹងមិនចូលរួមក្នុងកិច្ចពិភាក្សាដេញដោលតាមអនឡាញទេ»។ ហើយលោកបានហៅការផ្លាស់ប្តូរនោះថា គឺជារឿងមិនអាចទទួលយកបាន។
លោកប្រធានាធិបតី ដូណាល់ ត្រាំ ខាងគណបក្សសាធារណរដ្ឋ និងលោកអតីតអនុប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ Joe Biden ដែលជាបេក្ខជនប្រធានាធិបតីទាំងពីរ គ្រោងនឹងជួបពិភាក្សាដេញដោលគ្នានៅយប់ថ្ងៃទី១៥ ខែតុលា ខាងមុខនេះ។
នៅក្នុងរយ:ពេល ៦ ខែ កន្លងមកនេះ យុទ្ធសាស្ត្រនៃយុទ្ធនាការរបស់លោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ព្យាយាមមិនឲ្យបេក្ខជនចេញក្រៅជួបមនុស្សម្នាដោយផ្ទាល់ឡើយ និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមពិធីការសុខភាពថ្នាក់រដ្ឋ និងថ្នាក់ជាតិ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ។
តែលោកត្រាំចង់ជម្នះលើវីរុសកូរ៉ូណាថា លោកកំពុងតតាំងជាមួយនឹងជម្ងឺកូវីដ១៩ ហើយថា លោកមានការធូរស្រាលពីជម្ងឺ ទោះបីលោក បានចូលមន្ទីរពេទ្យ ហើយបានចេញមកវិញនោះក្តី។
ជម្ងឺកូវីដ១៩ ដែលផ្ទុះដំបូងនៅក្រុងវូហាន ប្រទេសចិន បានសម្លាប់មនុស្សជាង២សែន ១ម៉ឺននាក់ និងឆ្លងជាង៧លាន ៥សែននាក់ នៅក្នុងសហរដ្ឋអាមេរិក នៅពេលពិភពលោក មានមនុស្សស្លាប់ជាង១លាននាក់ និងឆ្លងជាង៣៦លាននាក់៕