លោកប្រធានាធិបតី Donald Trump និងបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យលោក Joe Biden សុទ្ធតែនិយាយដូចគ្នាកាលពីថ្ងៃអង្គារម្សិលមិញថា ពួកអស់លោកទន្ទឹងរង់ចាំការជជែកដេញដោលលើកទីពីររបស់អស់លោកនៅសប្ដាហ៍ ប៉ុន្តែបញ្ហាដែលថាលោក Trump ឆ្លងជំងឺកូវីដ១៩បានចោទជាសំណួរអំពីពិធីការសុខភាពសម្រាប់ព្រឹត្តិការណ៍នោះ។
នៅពេលសួរអំពីសុវត្ថិភាពសម្រាប់ការចូលរួមក្នុងការជជែកដេញដោលនោះ លោក Biden បានប្រាប់អ្នកសារព័ត៌មានថា លោកសង្ឃឹមថា «គ្រប់ពិធីការទាំងអស់នឹងត្រូវបានអនុវត្តតាម» ហើយថា «បើសិនជា [លោក Trump] នៅមានជំងឺកូវីដ១៩ យើងមិនគួរធ្វើការជជែកដេញដោលឡើយ»។
លោក Biden និយាយទៀតថា លោកនឹងស្ដាប់តាមការណែនាំរបស់មជ្ឈមណ្ឌលសុខាភិបាល Cleveland Clinic និងការណែនាំរបស់ក្រុមវេជ្ជបណ្ឌិត។
លោក Trump បានសរសេរនៅលើ Twitter ថា៖ «ខ្ញុំកំពុងទន្ទឹងរង់ចាំការជជែកចេញដោលនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា នៅក្នុងទីក្រុង Miami។ វានឹងអស្ចារ្យ!» ។
លោក Trump ត្រូវបានត្រូវគេរកឃើញថាបានឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន និងត្រូវបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយ:ពេល៧២ម៉ោងចាប់ពីថ្ងៃសុក្ររហូតដល់ថ្ងៃច័ន្ទ។
យោងតាមពេលវេលាជាក់ស្តែងខាងលើ វត្តមានរបស់លោកនៅក្នុងការជជែកដេញដោលដែលលោកត្រូវឆ្លើយសំណួរពីសំណាក់អ្នកបោះឆ្នោត អាចបណ្ដាលឲ្យមានហានិភ័យសុខភាពសាធារណ: ពីព្រោះបើយោងតាមសេចក្ដីណែនាំរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក CDC បុគ្គលណាដែលបានឆ្លងជំងឺកូវីដ១៩ អាចចម្លងទៅកាន់អ្នកដទៃក្នុងចន្លោះពេលពី១០ទៅ ២០ ថ្ងៃ ចាប់ពីថ្ងៃចេញរោគសញ្ញា។
គណ:កម្មការជជែកដេញដោលរបស់បេក្ខជនប្រធានាធិបតី ជាអង្គការមិនរកប្រាក់កំរៃដែលជាអ្នកឧបត្ថម្ភការជជែកដេញដោលនោះ មិនទាន់បញ្ចេញមតិលើបញ្ហានេះនៅឡើយទេ។
លោក Trump និងលោក Biden បានរក្សាគម្លាត ៤ ម៉ែត្រពីគ្នាលើវេទិកាជជែកដេញដោលកាលពីថ្ងៃអង្គារសប្ដាហ៍មុនក្នុងទីក្រុង Cleveland រដ្ឋ Ohio។ មជ្ឈមណ្ឌល CDCណែនាំឲ្យរក្សាគម្លាតយ៉ាងតិចបំផុត ២ ម៉ែត្រពីគ្នា ។
វីរុសកូរ៉ូណាបានសម្លាប់មនុស្សចំនួន ២ សែន ១ ម៉ឺននាក់ និងបានចំឡងមនុស្សជិត ៧ លាន ៥ សែននាក់នៅក្នុងសហរដ្ឋអាមេរិក ។ នេះតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins ៕