ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump និង​លោក Biden ប៉ះ​ទង្គិច​គ្នា​ក្នុង​ការ​ជជែក​ដេញដោល​ដ៏​តានតឹង


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ និង​លោក Joe Biden ដែល​ជា​គូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​គ្នា​នៅ​ក្នុង​ការជជែក​ដេញដោល​ដ៏​តានតឹង​និង​វីវក់​កាល​ពី​យប់​ថ្ងៃ​អង្គារ នៅ​ក្នុង​ទីក្រុង Cleveland រដ្ឋ Ohio។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ និង​លោក Joe Biden ដែល​ជា​គូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​គ្នា​នៅ​ក្នុង​ការជជែក​ដេញដោល​ដ៏​តានតឹង​និង​វីវក់​កាល​ពី​យប់​ថ្ងៃ​អង្គារ នៅ​ក្នុង​ទីក្រុង Cleveland រដ្ឋ Ohio។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ និង​លោក Joe Biden ដែល​ជា​គូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​គ្នា​នៅ​ក្នុង​ការជជែក​ដេញដោល​ដ៏​តានតឹង​និង​វីវក់​កាល​ពី​យប់​ថ្ងៃ​អង្គារ នៅ​ក្នុង​ទីក្រុង Cleveland រដ្ឋ Ohio។ លោក​ទាំង​ពីរ​បាន​ចំណាយ​ពេល ៩០ នាទី​ដើម្បី​ព្យាយាម​បញ្ចុះបញ្ចូល​អ្នក​បោះឆ្នោត​អាមេរិកាំង​ថា គូ​ប្រជែង​របស់​ខ្លួន​មិន​សក្តិសម​នឹង​ដឹកនាំ​សហរដ្ឋ​អាមេរិក​រយៈពេល ៤ ឆ្នាំ​ខាង​មុខ​ទេ។

លោក​ទាំង​ពីរ​ដេញដោល​គ្នា​លើ​ប្រធានបទ​មួយ​ចំនួន​ដូចជា ចំនួន​អ្នក​ស្លាប់​ជាង ២ សែន ៥ ពាន់​នាក់​នៅ​សហរដ្ឋ​អាមេរិក​ដោយសារ​ជំងឺ​កូវីដ១៩ សុចរិតភាព​និង​ភាព​ស្មោះត្រង់​នៃ​ការ​បោះឆ្នោត​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា​ខាង​មុខ ការ​ស្នើ​តែងតាំង​របស់​លោក Trump ឲ្យ​ចៅក្រម​អភិរក្ស​និយម​អ្នកស្រី Amy Coney Barrett កាន់​តំណែង​ជា​ចៅក្រម​តុលាការ​កំពូល ការ​រើសអើង​ជាតិសាសន៍ គោល​នយោបាយ​បរិស្ថាន និង​ប្រធានបទ​ផ្សេងៗ​ទៀត។
លោក Biden ថា៖ «លោក Trump ជា​ប្រធានាធិបតី​ដ៏​អន់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក»។ ចំណែក​ឯ​លោក Trump វិញបាន​បក​តប​ទៅ​លោក Biden វិញ​ថា៖ «ខ្ញុំ​សម្រេច​បាន​ការងារ​ក្នុង​រយៈពេល ៤៧ ខែ [ក្នុង​នាម​ជា​ប្រធានាធិបតី] បាន​ច្រើន​ជាង​ការងារ​ដែល​លោក​សម្រេច​បាន​ក្នុង​រយ:ពេល ៤៧ ឆ្នាំ» ក្នុង​នាម​ជា​សមាជិក​ព្រឹទ្ធសភា និង​ជា​អនុ​ប្រធានាធិបតី​ក្នុង​រដ្ឋបាល​របស់​លោក​ ប្រធានាធិបតី Barack Obama។

ទាក់ទិន​នឹង​វិបត្តិ​ជំងឺ​កូវីដ១៩ លោក Biden ថ្លែង​ថា៖ «លោក​ប្រធានាធិបតី Trump គ្មាន​ផែនការ​អ្វី​ទេ។ លោក​ដឹង​ថា​ជំងឺ​នេះ​កាច​សាហាវ ប៉ុន្តែ​លោក​មិន​បាន​ប្រាប់​សាធារណជន​ឡើយ»។ រី​ឯ​លោក Trump វិញ​បាន​បញ្ជាក់​ថា៖ «យើង​បំពេញ​ការងារ​បាន​យ៉ាង​ល្អ។ យើង​នឹង​មាន​វ៉ាក់សាំង​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ»។

ចំពោះ​រឿង​បោះឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍ លោក Trump បាន​បញ្ជាក់​ឡើង​វិញ​ដូច​ដែល​បាន​និយាយ​ច្រើន​លើក​ច្រើន​សារ​កន្លង​មក​ថា៖ «ការ​លួច​បន្លំ​នឹង​កើតឡើង»។ រី​ឯ​លោក Biden វិញ​បាន​ជំរុញ​ពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត និង​បាន​បញ្ជាក់​ថា «គ្មាន​ភស្តុតាង» ណា​មួយ​ដែល​ថា ការ​បោះឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍​នឹង​នាំ​ឲ្យ​មាន​ការ​លួច​បន្លំ​នោះ​ទេ។

ចំណែក​ឯ​រឿង​តែងតាំង​ចៅក្រម​តុលាការ​កំពូល​ថ្មី លោក Biden ថា ការ​ស្នើ​តែងតាំង​របស់​លោក Trump ឲ្យ​អ្នកស្រី Barrett ធ្វើជា​ចៅក្រម​តុលាការ​កំពូល​នឹង​ប៉ះពាល់​ដល់​ច្បាប់​សុខភាព​ជាតិ​ដែល​ត្រូវ​បាន​អនុម័ត​នៅ​ពេល​លោក Biden ធ្វើ​ជា​អនុ​ប្រធានាធិបតី និង​ប៉ះពាល់​ដល់​សេចក្ដី​សម្រេច​ជា​ប្រវត្តិសាស្ត្រ​ឆ្នាំ ១៩៧៣ របស់​តុលាការ​នៅ​ក្នុង​ការ​ចាត់ទុក​សិទ្ធិ​រំលូត​កូន​ថា​ស្រប​ច្បាប់។ ប៉ុន្តែ​លោក Trump បាន​តបត​វិញ​ថា៖ «ខ្ញុំ​គិត​ថា អ្នកស្រី Barrett នឹង​ធ្វើ​ជា​ចៅក្រម​អស្ចារ្យ​ម្នាក់។ យើង​បាន​ឈ្នះ​ការ​បោះឆ្នោត ដូច្នេះ​យើង​មាន​សិទ្ធិ​ជ្រើសរើស​អ្នកស្រី»។

ពាក់ព័ន្ធ​នឹង​រឿង​ជាតិ​សាសន៍​នៅ​ក្នុង​សហរដ្ឋ​អាមេរិក លោក Biden បាន​ចោទ​លោក Trump ថា​បាន «ប្រើ​ប្រាស់​អ្វីៗ​ទាំង​អស់​ជា​សារ​នយោបាយ​ដ៏​ឆ្លាតវៃ​ដើម្បី​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ជាតិ​សាសន៍» ដោយ​លោក​បាន​រំឭក​អំពី​ការ​តវ៉ា​របស់​ក្រុម​ជន​ស្បែក​ស​ដែល​ចាត់ទុក​ខ្លួន​ឯង​ថា​អស្ចារ្យ​ជាង​គេ​នៅ​ក្នុង​ទីក្រុង Charlottesville រដ្ឋ Virginia កាល​ពី​ឆ្នាំ ២០១៧។ ចំណែក​ឯ​លោក Trump វិញ បាន​វាយ​ប្រហារ​លើ​លោក Biden ថា​បាន​សរសេរ​សំណើ​ច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​ក្នុង​ទសវត្សរ៍ ១៩៩០ នៅ​ពេល​ជា​សាមជិក​ព្រឹទ្ធសភា​ដោយ​ហៅ​ជន​ឧក្រិដ្ឋ​សង្ស័យ​ស្បែក​ខ្មៅ​ថា​ជា «ជន​កាច​សាហាវ​ខ្លាំង»។

ប្រធានបទ​សំខាន់​មួយ​ទៀត​គឺ​ទាក់ទិន​នឹង​សេចក្ដី​រាយការណ៍​របស់​កាសែត New York Times ដែល​ថា លោក Trump បាន​បង់​ពន្ធ​ប្រាក់​ចំណូល​ជូន​រដ្ឋាភិបាល​សហព័ន្ធ​ត្រឹមតែ ៧៥០ ដុល្លារ​ប៉ុណ្ណោះ​នៅ​ក្នុង​ឆ្នាំ ២០១៦ និង​នៅ​ក្នុង​ឆ្នាំ ២០១៧។ លោក Trump ជា​ថ្មី​ម្ដង​ទៀត បាន​ច្រានចោល​សេចក្ដី​រាយការណ៍​នេះ ដោយ​បាន​និយាយ​ថា លោក​បាន​បង់ពន្ធ «រាប់​លាន​ដុល្លារ»។ ប៉ុន្តែ​លោក Biden បាន​លើក​ឡើង​ថា លោក Trump «បង់​ពន្ធ​តិច​ជាង​គ្រូ​បង្រៀន​ធម្មតា​ទៅ​ទៀត»។

ក្រៅ​ពី​នេះ លោក​ទាំង​ពីរ​ក៏​បាន​ជជែក​ដេញដោល​គ្នា​ផង​ដែរ​ទាក់ទិន​នឹង​រឿង​ប្រែប្រួល​អាកាសធាតុ និង​រឿង​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG