ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Chris Wallace នៃ​ទូរទស្សន៍ Fox News គឺជា​អ្នក​សម្របសម្រួល​ការជជែក​ដេញដោល​លើក​ទីមួយ​រវាង​លោក Trump និង​លោក Biden


រូបឯកសារ៖ លោក Chris Wallace នៃ​ទូរទស្សន៍ Fox News ដែល​ធ្វើជា​អ្នកសម្របសម្រួល សុំ​ឱ្យ​ទស្សនិកជន​រក្សា​ភាពស្ងៀមស្ងាត់​មុន​ពេល​ការជជែកដេញដោល​របស់​បេក្ខជន​ប្រធានាធិបតី​លើកទី ៣ ដែល​បាន​ធ្វើឡើង​នៅ​ទីក្រុង Las Vegas កាលពី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក Chris Wallace នៃ​ទូរទស្សន៍ Fox News ដែល​ធ្វើជា​អ្នកសម្របសម្រួល សុំ​ឱ្យ​ទស្សនិកជន​រក្សា​ភាពស្ងៀមស្ងាត់​មុន​ពេល​ការជជែកដេញដោល​របស់​បេក្ខជន​ប្រធានាធិបតី​លើកទី ៣ ដែល​បាន​ធ្វើឡើង​នៅ​ទីក្រុង Las Vegas កាលពី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។

លោក​ Chris Wallace ត្រូវ​បាន​ជ្រើសរើស​ដោយ​គណៈកម្មការ​នៃ​ការ​ជជែក​ដេញដោល​របស់​បេក្ខជន​ប្រធានាធិបតី (The Commission on Presidential Debates) ដែល​ជា​អង្គការ​ឯករាជ្យ​មិន​រក​ប្រាក់​កំរៃ ដែល​បាន​ឧបត្ថម្ភ​ការ​ជជែក​ដេញដោល​នេះ​តាំង​ពី​ឆ្នាំ ១៩៨៧ មក។

លោក​ប្រធានាធិបតី Donald Trump និង​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden កំពុង​ដុសខាត់​ជំនាញ​របស់​ខ្លួន​ដើម្បី​ត្រៀម​ជជែក​ដេញដោល​គ្នា​លើក​ទី​មួយ​នៅ​ថ្ងៃ​ទី ២៩ ខែ​កញ្ញា​ខាង​មុខ នៅ​សាកលវិទ្យាល័យ Case Western Reserve University ក្នុង​ទីក្រុង Cleveland រដ្ឋ Ohio។

ក្រៅ​ពី​នេះ អ្នក​ដែល​រវល់​ត្រៀម​ខ្លួន​ម្នាក់​ទៀត គឺ​លោក Chris Wallace ពិធីករ​ប្រចាំ​កម្មវិធី «Fox News Sunday» របស់​ទូរទស្សន៍ Fox News។ លោក​ គឺជា​អ្នក​សម្របសម្រួល​នៅ​ក្នុង​ការ​ជជែក​ដេញដោល​នេះ។

លោក​ត្រូវ​បាន​ជ្រើសរើស​ដោយ​គណៈកម្មការ​នៃ​ការ​ជជែក​ដេញដោល​របស់​បេក្ខជន​ប្រធានាធិបតី (The Commission on Presidential Debates) ដែល​ជា​អង្គការ​ឯករាជ្យ​មិន​រក​ប្រាក់​កំរៃ ដែល​បាន​ឧបត្ថម្ភ​ការ​ជជែក​ដេញដោល​នេះ​តាំង​ពី​ឆ្នាំ ១៩៨៧ មក។ នេះ​ជា​លើក​ទីពីរ​ហើយ​សម្រាប់​លោក Wallace ក្នុង​ការ​ធ្វើជា​អ្នក​សម្រប​សម្រួល​ការ​ជជែក​ដេញដោល​របស់​បេក្ខជន​ប្រធានាធិបតី។

អ្នក​ជំនាញ​ខ្លះ​ជឿ​ថា ការងារ​របស់​អ្នក​សម្រប​សម្រួល ​គឺ​លើស​ពី​ការ​សួរ​សំណួរ​ទៅ​ទៀត។

លោក John Koch ប្រធាន​ផ្នែក​ការ​ជជែក​ដេញដោល​នៃ​សកលវិទ្យាល័យ Vanderbilt University បាន​និយាយ​ថា៖ «ការងារ​សំខាន់​បំផុត​របស់​អ្នក​សម្រប​សម្រួល​ គឺ​ការ​សួរ​ប្រដេញ។ នៅ​ពេល​ដែល​បេក្ខជន​ប្រធានាធិបតី​ផ្ដល់​ចម្លើយ ឬ​ ប្រសិនបើ​មាន​ការ​វែកញែក​ណា​មួយ​កើតឡើង [អ្នក​សម្របសម្រួល] ត្រូវ​ដឹង​អំពី​សំណួរ​ដែល​ត្រូវ​សួរ​ប្រដេញ»។

លោក Steve Scully នៃ​ទូរទស្សន៍ C-SPAN នឹង​សម្របសម្រួល​ការ​ជជែក​ដេញដោល​លើក​ទី ២ រវាង​លោក Trump និង​លោក Biden នៅ​ថ្ងៃ​ទី ១៥ ខែ​តុលា​ខាង​មុខ ក្នុង​ទីក្រុង Miami រដ្ឋ Florida។

រី​ឯ​អ្នក​សម្របសម្រួល​សម្រាប់​ការ​ជជែក​ដេញដោល​លើក​ទី ៣ វិញ គឺ​អ្នកស្រី Kristen Welker នៃ​ទូរទស្សន៍ NBC។ ការ​ជជែក​ដេញដោល​លើក​ទី ៣ នេះ​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង Nashville រដ្ឋ Tennessee នៅ​ថ្ងៃ​ទី ២២ ខែ​តុលា​ខាង​មុខ។

សម្រាប់​ការ​ជជែក​ដេញដោល​របស់​បេក្ខជន​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​វិញ ដែល​មាន​តែ​មួយ​លើក​នោះ នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង Salt Lake City រដ្ឋ Utah នៅ​ថ្ងៃ​ទី ៧ ខែ​តុលា ដោយ​មាន​អ្នកស្រី Susan Page នៃ​កាសែត USA Today ធ្វើ​ជា​អ្នក​សម្របសម្រួល៕

XS
SM
MD
LG