ស.រ.អា.ដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីលើប្រទេសអ៊ីរ៉ង់ដែលបានត្រូវដាក់ជាដំបូងដើម្បីគាបសង្កត់ប្រទេសនេះឱ្យកម្រិតកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនហើយដែលបន្ទាប់មកបានត្រូវលុបចោលតាមរយៈកិច្ចព្រមព្រៀងអន្តរជាតិមួយកាលពីឆ្នាំ២០១៥។
ប្រធានាធិបតី Trump ជាអ្នករិះគន់ញឹកញយដល់កិច្ចព្រមព្រៀងនេះហើយលោកបានដកស.រ.អា.ចេញពីកិច្ចព្រមព្រៀងនេះកាលពីបីខែមុននេះ ដែលនាំឱ្យមានការដក់ទណ្ឌកម្មជាថ្មីដែលចូលជាធរមានកាលពីពេលពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃចន្ទ។
លោក Trump បាន tweet នៅថ្ងៃអង្គារនេះថា «ការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់មានធ្វើជាផ្លូវការហើយ។ ទាំងនេះជាការដាក់ទណ្ឌកម្មមុតមាំបំផុតដែលមិនធ្លាប់មានពីពេលមុនទេហើយក្នុងខែវិច្ឆិកាទណ្ឌកម្មទាំងនេះនឹងត្រូវបង្កើនមួយកម្រិតទៀត។ ជនទាំងឡាយណាដែលធ្វើជំនួញជាមួយប្រទេសអ៊ីរ៉ង់នឹងមិនធ្វើជំនួញជាមួយស.រ.អា.ទេ។ ខ្ញុំសុំឱ្យមានសន្តិភាពក្នុងពិភពលោក គ្មានអ្វីក្រៅពីនេះទេ!»។
ការដាក់ទណ្ឌកម្មលើកនេះយកជាទីដៅនូវវិស័យរថយន្តនៃប្រទេសអ៊ីរ៉ង់ ពាណិជ្ជកម្មមាស និងលោហធាតុមានតម្លៃឯទៀតៗ ជាមួយរូបិយបណ្ណ Rial និងកិច្ចការហិរញ្ញវត្ថុឯទៀតៗផងដែរ។
នៅថ្ងៃទី៥ ខែវិច្ឆិកា ស.រ.អា.នឹងមានកំណត់ដាក់ទណ្ឌកម្មជាថ្មីលើកិច្ចការទាក់ទិននឹងវិស័យថាមពលនៃប្រទេសអ៊ីរ៉ង់ និងការរកស៊ីខាងជំនួញដោយស្ថាប័នហិរញ្ញវត្ថុបរទេសជាមួយធនាគារកណ្តាលនៃប្រទេសអ៊ីរ៉ង់៕