រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បាននិយាយថា ប្រទេសអ៊ីរ៉ង់ត្រូវតែចាប់ផ្ដើមធ្វើឲ្យដូចទៅនឹង «ប្រទេសធម្មតា» មួយ ស្របពេលដែលសហរដ្ឋអាមេរិកត្រៀមដាក់ទណ្ឌកម្មឡើងវិញលើរដ្ឋាភិបាលរបស់ប្រទេសនេះ។
លោក Pompeo បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យម្សិលមិញថា៖ «នេះគឺជាការមិនពេញចិត្តរបស់ប្រជាពលរដ្ឋអ៊ីរ៉ង់ចំពោះរដ្ឋាភិបាលរបស់ពួកគេ ហើយប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាក់យ៉ាងច្បាស់ហើយអំពីរឿងនេះ។ យើងចង់ឲ្យប្រជាពលរដ្ឋអ៊ីរ៉ង់ជាអ្នកសម្រេចអំពីថ្នាក់ដឹកនាំរបស់ប្រទេសរបស់ពួកគេ»។
លោក Pompeo បានបញ្ជាក់ថា សេតវិមានប្រធានាធិបតីអាមេរិកនឹងផ្ដល់ព័ត៌មានលម្អិតនៅថ្ងៃចន្ទនេះអំពីការដាក់ទណ្ឌកម្មដែលនឹងចូលជាធរមាននៅថ្ងៃអង្គារស្អែកនេះ ប្រឆាំងនឹងឧស្សាហកម្មអ៊ីរ៉ង់ជាច្រើន ដូចជាឧស្សាហកម្មរថយន្ត មាស ធ្យូងថ្ម និងដែកថែបជាដើម។ រដ្ឋាភិបាលអ៊ីរ៉ង់ក៏នឹងមិនអាចទិញយន្តហោះអាមេរិក និងយន្តហោះអឺរ៉ុប ក៏ដូចជាក្រដាសប្រាក់របស់សហរដ្ឋអាមេរិកបានដែរ។
កន្លងមក បុគ្គល និងក្រុមហ៊ុនណាដែលជាប់ពាក់ព័ន្ធនឹងឧស្សាហកម្មទាំងនោះ ត្រូវបានទុកពេលឲ្យ ៩០ ថ្ងៃ ដើម្បីដកសកម្មភាពរបស់ខ្លួនចេញពីឧស្សាហកម្មទាំងនោះ។ រយៈពេល ៩០ ថ្ងៃនោះ នឹងផុតកំណត់នៅថ្ងៃចន្ទនេះ។
ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងការនាំចេញថាមពលរបស់អ៊ីរ៉ង់គឺគ្រោងនឹងចូលជាធរមាននៅខែវិច្ឆិកាខាងមុខនេះ។
ទណ្ឌកម្មដែលត្រូវបានដកចេញកាលពីលើកមុន ឥឡូវនេះកំពុងត្រូវបានដាក់ឡើងវិញ បន្ទាប់ពីលោក Trump បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ មក៕