កាលពីថ្ងៃចន្ទ លោកប្រធានាធិបតីស.រ.អា. Donald Trump បានធ្វើសេចក្តីថ្លែងការណ៍ជាក់លាក់ថាលោកបើកចំហដើម្បីធ្វើការចរចាដោយផ្ទាល់ជាមួយប្រទេសអ៊ីរ៉ង់។
នៅក្នុងសន្និសិទកាសែតរួមគ្នាមួយជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីតាលី Giuseppe Conte អ្នកកាសែតម្នាក់បានសួរលោក Trump ថាតើលោកចង់ជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani ឬទេ។
លោក Trump បានឆ្លើយថា «ខ្ញុំមានជំនឿលើការជួបគ្នា លើការនិយាយទៅកាន់មនុស្សឯទៀត ជាពិសេសនៅពេលលោកអ្នកនិយាយអំពីសក្តានុពលនៃសង្គ្រាមការស្លាប់ ទុរភិក្ស និងអ្វីច្រើនទៀត។ គ្មានអ្វីខុសទេដោយការជួបជំនុំគ្នានោះ»។
លោក Trump បានកត់សម្គាល់អំពីការពិភាក្សាទល់មុខគ្នាកាលពីពេលថ្មីៗនេះជាមួយមេដឹកនាំកូរ៉េខាងជើង Kim Jong Un និងប្រធានាធិបតីរុស្ស៊ី Vladimir Putin ថាជាឧទាហរណ៍នៃការទូតដោយផ្ទាល់របស់លោកជាមួយពួកមេដឹកនាំដែលមានអរិភាពដល់ផលប្រយោជន៍ស.រ.អា.។
លោក Trump បានថ្លែងបន្ថែមថា «ដូច្នេះខ្ញុំនឹងជួបជាមួយមេដឹកនាំអ៊ីរ៉ង់ប្រសិនបើពួកគេចង់ជួបខ្ញុំ។ ខ្ញុំមិនដឹងទេថាតើពួកគេប្រុងប្រៀបហើយឬនៅ។ នៅពេលនេះពួកគេកំពុងមានការពិបាក។ ខ្ញុំប្រុងប្រៀបរួចហើយដើម្បីជួបគ្នានៅពេលណាដែលពួកគេចង់ជួបជាមួយខ្ញុំ»។
នៅពេលត្រូវសួរថាតើលោកមានលក្ខខណ្ឌជាមុនសម្រាប់ជំនួបមួយបែបនេះឬទេ លោក Trump បានឆ្លើយថា «គ្មានលក្ខខណ្ឌជាមុនទេ។ ប្រសិនបើពួកគេចង់ជួបគ្នា ខ្ញុំនឹងជួបជាមួយពួកគេ»៕