ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បន្តដាក់សម្ពាធឱ្យរដ្ឋាភិបាលក្រុងកៀវ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកាលពីថ្ងៃព្រហស្បតិ៍ ហើយសម្តែងភាពជឿជាក់ថា រដ្ឋាភិបាលក្រុងមូស្គូក៏ជិតឈានដល់ការព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមដែលរុស្ស៊ីបានចាប់ផ្តើមពេលដែលរុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំ ២០២២។
លោក Trump បានផ្ញើសារទៅកាន់សមាជិកអង្គការអូតង់ថា៖ «បើពួកគេមិនបង់ប្រាក់ទេ ខ្ញុំនឹងមិនការពារពួកគេទេ»។
លោក Trump ក៏បានបង្ហាញពីចក្ខុវិស័យពីរបៀបដែលលោកនឹងសម្របសម្រួលការស្វែងរកសន្តិភាពរវាងអ៊ុយក្រែននិងរុស្ស៊ី ក្នុងសម្តីដើមថា៖ «ខ្ញុំគិតថា អ្វីដែលនឹងកើតឡើង គឺអ៊ុយក្រែននឹងចង់ចុះកិច្ចព្រមព្រៀង ព្រោះខ្ញុំគិតថា ពួកគេគ្មានជម្រើសទេ។ ខ្ញុំក៏គិតថា រុស្ស៊ីចង់ចុះកិច្ចព្រមព្រៀងដែរ ដោយសារកត្តាផ្សេងមួយដែលមានតែខ្ញុំដឹង ពួកគេក៏គ្មានជម្រើសដែរ»។
លោក Trump ក៏ថា លោកនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅប្រទេសអារ៉ាប៊ីសាអូឌីត «ប្រហែលជានៅក្នុងរយៈពេលមួយខែកន្លះទៀត»។
កាលពីថ្ងៃព្រហស្បតិ៍ដែរ ប្រេសិតរបស់លោក Trump សម្រាប់តំបន់មជ្ឈិមបូព៌ាលោក Steve Witkoff ថា លោកនឹងធ្វើដំណើរទៅអារ៉ាប៊ីសាអូឌីត ដើម្បីជួបអ្នកតំណាងអ៊ុយក្រែនពិភាក្សាអំពីបទឈប់បាញ់ដើម្បីផ្អាកការឈ្លានពានរបស់រុស្ស៊ី។
លោក Witkoff ថ្លែងថា លោក Trump មានអារម្មណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានធ្វើការសម្របខ្លះ ក្រោយពីភាពតានតឹងដាក់គ្នារវាងមេដឹកនាំទាំងពីរនៅសេតវិមានកាលពីថ្ងៃសុក្រសប្តាហ៍មុន៕
វេទិកាបញ្ចេញមតិ