អ្នកការទូតកំពូលមកពីសហរដ្ឋអាមេរិកនិងកាណាដាបានជួបពិភាក្សាគ្នាកាលពីថ្ងៃពុធ ដែលរួមបញ្ចូលការពិភាក្សាអំពីពាណិជ្ជកម្ម ខណៈដែលលោកប្រធានាធិបតីអាមេរិក Donald Trump បានពន្យារពេលពន្ធថ្មី ២៥% លើការនាំចូលរថយន្តពីកាណាដា និងម៉ិកស៊ិកសម្រាប់រយៈពេលមួយខែ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថារដ្ឋមន្ត្រីការបទេសអាមេរិកលោក Marco Rubioនិងរដ្ឋមន្ត្រីការបរទេសកាណាដា Mélanie Joly បានសហការគ្នាលើ«ការចែករំលែកបញ្ហាប្រឈមសកល ការការពារព្រំដែន ពាណិជ្ជកម្មទៅវិញទៅមក និងវិបុលភាពសេដ្ឋកិច្ច»។
អ្នកនាំពាក្យសេតវិមានអ្នកស្រី Karoline Leavitt បានប្រាប់អ្នកយកព័ត៌មានថាលោក Trump បាននិយាយជាមួយមន្ត្រីកំពូលនៅក្រុមហ៊ុនផលិតរថយន្ត Ford, General Motors និងStellantis មុនពេលប្រកាសការពន្យារពេលពន្ធគយ។ លោកស្រីបាននិយាយថាលោកTrump បានជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តផ្លាស់ទីកន្លែងផលិតកម្មនៅម៉ិកស៊ិកនិងកាណាដារបស់ពួកគេទៅកាន់សហរដ្ឋអាមេរិកដើម្បីចៀសវាងពន្ធទាំងស្រុង។
ការយកពន្ធថ្មីរបស់លោកTrump លើដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកទាំងពីរនៅតែមានសម្រាប់ផលិតផលផ្សេងទៀត ទោះបីជាអ្នកស្រីLeavitt បាននិយាយថាលោកប្រធានាធិបតីបើកចំហក្នុងការស្តាប់ករណីសម្រាប់ការលើកលែងពន្ធដែលអាចកើតមានផ្សេងទៀតក្តី។
លោកTrump បានប្រកាសពីការពន្យារពេលពន្ធលើរថយន្តនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីបាននិយាយកាលពីព្រឹកមិញជាមួយនាយករដ្ឋមន្រ្តីកាណាដាលោកJustin Trudeau ដែលមិនមានឆន្ទៈក្នុងការដកពន្ធសងសឹករបស់កាណាដាប្រសិនបើ Trump បន្តរក្សាទុកពន្ធណាមួយលើប្រទេសកាណាដា។នេះបើយោងទៅតាមសារព័ត៌ មាន Associated Press ។
លោក Doug Ford អភិបាលខេត្ត Ontario បាននិយាយថា ប្រសិនបើពន្ធលើការនាំ ចេញរថយន្តរបស់កាណាដាទៅកាន់សហរដ្ឋអាមេរិកនៅតែមានដដែលនោះ ការផលិតនៅរោងចក្ររថយន្តកាណាដានឹងចាប់ផ្តើមបិទក្នុងរយៈពេលប្រហែល១០ ថ្ងៃ។
ប្រមុខដឹកនាំនៃខេត្តប្រទេសកាណាដារូបនេះបាននិយាយថាពួកគេកំពុងចាត់វិធាន ការដើម្បីជំរុញពាណិជ្ជកម្មនៅក្នុងប្រទេសកាណាដា និងជាមួយប្រទេសក្រៅទៀតដើម្បីកាត់បន្ថយការពឹងផ្អែករបស់ពួកគេលើទីផ្សារតែមួយដោយនិយាយយោងទៅលើសហរដ្ឋអាមេរិក៕
វេទិកាបញ្ចេញមតិ