កាលពីល្ងាចថ្ងៃសុក្រ លោកប្រធានាធិបតីស.រ.អា. Donald Trump បានសរសេរតាម Twitter សរសើរប្រទេសម៉ិកស៊ិក ហើយគំរាមកំហែងប្រទេសកាណាដា។ Tweets របស់លោក Trump និយាយយោងដល់កិច្ចខិតខំប្រឹងប្រែងធ្វើការចរចាជាថ្មីអំពីល័ក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើងហៅកាត់ថា NAFTA។
របៀបសរសេរនៃអត្ថាធិប្បាយរបស់លោក Trump អំពីប្រទេសម៉ិកស៊ិក មានលក្ខណៈមិត្តភាពដែលជាមធ្យោបាយមួយលោក Trump មិនប្រើប្រាស់ញឹកញាប់ចំពោះប្រទេសម៉ិកស៊ិក និងជនជាតិម៉ិកស៊ិក ទេ។ នៅពេលឃោសនាបោះឆ្នោតប្រធានាធិបតី លោក Trump បាននិយាយទទូចថាលោកនឹងឱ្យប្រទេសម៉ិកស៊ិក បង់ប្រាក់សម្រាប់ការស្ថាបនារបងមួយតាមព្រំដែនរវាងស.រ.អា.និងប្រទេសម៉ិកស៊ិក ដែលជាអ្វីមួយលោកមិនអាចធ្វើបានចាប់តាំងពីលោកបានចូលកាន់តំណែងមក។ លោកប្រធានាធិបតីអាមេរិកាំងរូបនេះក៏បានហៅជនជាតិម៉ិកស៊ិក ថាជា «ពួកអ្នករំលោភខាងភេទ» ដែរនៅពេលលោកធ្វើការឃោសនាបោះឆ្នោត។
លោក Trump បាននិយាយថា «ការរកវិធីដោះស្រាយជាមួយប្រទេសម៉ិកស៊ិក មានភាពល្អប្រសើរ។ គេត្រូវថែរក្សាពួកកម្មករផលិតឡាននិងក្រុមកសិករ ហើយបើមិនធ្វើដូច្នេះទេ នឹងមិនមានកិច្ចព្រមព្រៀងឡើយ»។
មេដឹកនាំអាមេរិកាំងរូបនេះក៏មានពាក្យសម្តីល្អៗសម្រាប់លោក Andres Manuel Lopez Obrador ដែលនឹងចូលកាន់តំណែងជាប្រធានាធិបតីថ្មីនៃប្រទេសម៉ិកស៊ិក ក្នុងខែធ្នូខាងមុខនេះ។ លោក Trump បាននិយាយថា«ប្រធានាធិបតីថ្មីនៃប្រទេសម៉ិកស៊ិក ជាសុភាពបុរស»។
លោក Trump មានទស្សនៈផ្សេងជាមួយប្រទេសកាណាដាដោយលោកបានសរសេរតាម Twitter ថា «ប្រទេសកាណាដាត្រូវតែរង់ចាំ។ ពន្ធគយនិងរបាំងពាណិជ្ជកម្មរបស់ពួកគេខ្ពស់ពេក...នឹងយកពន្ធលើឡានប្រសិនបើយើងមិនអាចធ្វើឱ្យមានកិច្ចព្រមព្រៀងបាន»។
ប្រទេសកាណាដាបានឆ្លើយតបនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃសុក្រថា«ការផ្តោតការយកចិត្តទុកដាក់របស់យើងគ្មានការប្រែប្រួលទេ។ យើងនឹងបន្តការពារផលប្រយោជន៍របស់ប្រទេសកាណាដានៅពេលដែលយើងធ្វើការឆ្ពោះទៅកាន់ការធ្វើឱ្យមានកិច្ចព្រមព្រៀង NAFTA ត្រីភាគីទំនើបមួយ»៕