សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកម្នាក់បានប្រគល់លិខិតមួយច្បាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ ជូនប្រធានាធិបតីរុស្ស៊ី Vladimir Putin ដោយបានអំពាវនាវឲ្យមានការពិភាក្សាកាន់តែច្រើនឡើងរវាងប្រទេសទាំង២។
លោក Rand Paul សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកខាងគណបក្សសាធារណរដ្ឋមកពីរដ្ឋ Kentucky ដែលជាអ្នកគាំទ្រប្រធានាធិបតីត្រាំបានស្ថិតនៅក្នុងរដ្ឋធានីមូស្គូក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះដើម្បីធ្វើការចរចាជាមួយពួកសមាជិកសភារុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា «ខ្ញុំមានកិត្តិយសដើម្បីប្រគល់ជូនលិខិតពីប្រធាធិបតីត្រាំជូនរដ្ឋបាលរបស់ប្រធានាធិបតី Vladimir Putin»។
នៅក្នុងសារតាមប្រព័ន្ធ Twitter លោកសមាជិកព្រឹទ្ធសភាអាមេរិក Rand Paul បាននិយាយថា «លិខិតនោះបានបញ្ជាក់ពីសារៈសំខាន់នៃការទាក់ទិនកាន់តែខ្លាំងឡើងនៅក្នុងវិស័យនានាដែលរួមទាំងការប្រយុទ្ធប្រឆាំងភេរវកម្ម ការលើកស្ទួយការសន្ទនាច្បាប់ហើយនិងការបន្តការផ្លាស់ប្តូរវប្បធម៌»។
សេតវិមានបានប្រាប់ឲ្យដឹងថា លិខិតនោះបានស្នើឡើងដោយលោក Paul។
លោក Hogan Gidley អ្នកនាំពាក្យរងរបស់សេតវិមានបាននិយាយថា «ទៅតាមសំណើរបស់សមាជិកព្រឹទ្ធសភា Rand Paul លោកប្រធានាធិបតីត្រាំបានផ្តល់លិខិតនោះ។ នៅក្នុងលិខិតនោះ លោកប្រធានាធិបតីបាននិយាយឡើងវិញពីប្រធានបទដ៏មានសារៈសំខាន់ដែលសមាជិកព្រឹទ្ធសភា Rand Paul ចង់ពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី Putin»។
ទាំងប្រធានាធិបតីត្រាំនិងប្រធានាធិបតី Putin បានអញ្ជើញគ្នាទៅវិញទៅមកដើម្បីបំពេញទស្សនកិច្ចរដ្ឋធានីប្រទេសរៀងៗខ្លួនបន្ទាប់ពីជំនួបកំពូលក្នុងទីក្រុង Helsinki កាលពីខែមុនរវាងមេដឹកនាំទាំង២។ ក៏ប៉ុន្តែ មិនមានជំនួបថ្មីបានគ្រោងធ្វើឡើងទេហើយសេតវិមានបានប្រាប់ឲ្យដឹងថា ខ្លួនបានពន្យារដំណើរទស្សនកិច្ចរបស់លោក Putin មកកាន់រដ្ឋធានីវ៉ាស៊ីនតោនរហូតដល់ឆ្នាំ២០១៩ដោយសង្ឃឹមថា ពេលនោះការស៊ើបអង្កេតពីការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកដោយស្មាក្តីពិសេស Robert Mueller នឹងត្រូវបានបញ្ចប់៕