សមាជិក១០ប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាននិងពួកមន្ត្រីមកទីក្រុងប៉េកាំងកាលពីសប្តាហ៍មុនបានយល់ព្រមដល់សេចក្តីព្រាងដែលគេរងចាំជាយូរណាស់មកហើយសម្រាប់ក្រមប្រតិបត្តិដែលនឹងជួយរារាំងគ្រោះថ្នាក់ដោយចៃដន្យនៅក្នុងផ្លូវទឹកដែលមានជម្លោះ។ សមុទ្រចិនខាងត្បូងបានត្រូវទាមទារដោយរដ្ឋាភិបាលចំនួន៦ហើយមានគ្រោះថ្នាក់ជាច្រើនចាប់តាំងពីទសវត្សរ៍១៩៧០មក។
តាមទីភ្នាក់ងារព័ត៌មានស៊ីនហួផ្លូវការនៃប្រទេសចិនបានរាយការណ៍ថា លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនបាននិយាយថា អត្ថបទនោះ «នឹងជួយបង្ហាញថា ចិននិងរដ្ឋជាសមាជិកអាស៊ាន មានសមត្ថភាពរក្សាសន្តិភាពនិងស្ថិរភាព»។ លោក Eduardo Araral ជាសាស្ត្រាចារ្យជំនួយនៅឯសាលាគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យជាតិសិង្ហបុរីបាននិយាយថា៖ «កិច្ចព្រមព្រៀងនេះប្រហែលត្រូវបានគេចាត់ទុកថាជាការជឿនលឿនមួយដើម្បីបញ្ឈប់ការឈ្លោះប្រកែកគ្នាដោយចំហរនៅក្នុងសមាគមអាស៊ានហើយនិងរវាងអាស៊ាននិងចិន»។ កិច្ចព្រមព្រៀងនេះ បានធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរីនៅឯជំនួបរបស់រដ្ឋមន្ត្រីការបរទេសចិននិងអាស៊ានហើយពួកមន្ត្រីនៅឯជំនួបនោះបានត្រូវដកស្រង់សម្តីមកចុះផ្សាយថា បន្ទាប់មកនឹងមានសមយុទ្ធយោធារួមគ្នាលើកទី១នៅចុងឆ្នាំនេះ។
សមាជិកសមាគមអាស៊ានមាន ប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីននិងវៀតណាមបានទាមទារសមុទ្រចិនខាងត្បូងដែលសម្បូរទៅដោយធនធានដែលជាផ្ទៃទឹកជាន់គ្នាដែលត្រួតត្រាដោយប្រទេសចិន។
ជម្លោះអធិបតេយ្យភាពជាពិសេសបានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងចិននិងវៀតណាម ហើយនិងចិននិងហ្វីលីពីនក្នុងរយៈពេលជាង៥ទសវត្សរ៍កន្លងមកនេះនៅពេលដែលចិនពង្រីកការត្រួតត្រាលើប្រជុំកោះតូចៗដែលគ្មានមនុស្សរស់នោះ ក្នុងករណីខ្លះ ចិនបានប្រើសម្រាប់សកម្មភាពយោធា។ការពង្រីកទឹកដីរបស់ចិនបានធ្វើឲ្យនាវាសហរដ្ឋអាមេរិកគាំទ្របណ្តារដ្ឋដែលមានយោធាទន់ខ្សោយនៅតំបន់អាស៊ីអាគ្នេយ៍ផ្ទុយទៅវិញបានធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំងរកាំចិត្ត។
កាលពីឆ្នាំទៅ ចិននិងសមាគមអាស៊ានបានព្រមព្រៀងគ្នាបន្តការពិភាក្សាដើម្បីឈានទៅសម្រេចបានក្រមប្រតិបត្តិ បន្ទាប់ពីជាប់គាំងប្រហែលរយៈពេលមួយទសវត្សរ៍ដោយរដ្ឋាភិបាលក្រុងប៉េកាំង។ ក្រមប្រតិបត្តិនឹងបង្កើតវិធីដើម្បីរារាំងការប៉ះទង្គិចគ្នាខាងកប៉ាល់ហើយនឹងបញ្ចៀសគ្រោះថ្នាក់ខាងនាវាចរណ៍ ក៏ប៉ុន្តែ ក្រមប្រតិបត្តិនេះនឹងមិនដោះស្រាយបញ្ហាបូរណភាពទឹកដីទេ។ ក្រមប្រតិបត្តិនេះអាចត្រូវចុះហត្ថលេខានៅចុងឆ្នាំនេះ។
វៀតណាមនិងចិនបានប៉ះទង្គិចប្រកបដោយការប្រល័យកាលពីឆ្នាំ១៩៧៤និងឆ្នាំ១៩៨៨លើការប្រកួតប្រជែងទាមទារដែនទឹក។ នៅឆ្នាំ២០១៤ ភាគីទាំង២បានបើកកប៉ាល់បុកគ្នានៅពេលដែលចិនបានអនុញ្ញាតឲ្យក្រុមហ៊ុនរុករកប្រេងមួយដំឡើងការដ្ឋានខួងប្រេងនៅក្នុងសមុទ្រមានជម្លោះ។ នៅឆ្នាំ២០១២ កប៉ាល់ចិនបានពាក់ព័ន្ធក្នុងជម្លោះជាមួយហ្វីលីពីន។
សហរដ្ឋអាមេរិកដែលមានអំណាចខាងយោធាខ្លាំងជាងគេបានបើកបរនាវាឆ្លងកាត់សមុទ្រនោះចំនួន៨ដងនៅក្រោមរដ្ឋបាលលោកប្រធានាធិបតីដូណាល់ ត្រាំដែលក៏កំពុងដាក់គំនាបលើប្រទេសចិនអំពីពាណិជ្ជកម្មដែរ។ សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដូចជាអូស្ត្រាលី ជប៉ុននិងបារាំងក៏បានបញ្ជូននាវារបស់ខ្លួនដើម្បីគាំទ្រជំហររបស់សហរដ្ឋអាមេរិកថា សមុទ្រនោះត្រូវតែបើកចំហរសម្រាប់អន្តរជាតិ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្តរបស់ខ្លួនក៏បានផ្តល់ការជួយឧបត្ថម្ភដល់សមាជិករបស់អាស៊ានដែលទាមទារសមុទ្រចិនខាងត្បូងដោយមានការធ្វើសមយុទ្ធនាវារួមហើយនឹងលក់អាវុធ។
លោក Oh Ei Sun គ្រូបង្រៀនការសិក្សាអន្តរជាតិនៅសាកលវិទ្យាល័យ Nanyang ក្នុងប្រទេសសិង្ហបុរីបាននិយាយថា៖ «ចិនមានការរសាប់រសល់ដើម្បីបង្ហាញនូវក្តីសង្ឃឹមរបស់ខ្លួនដើម្បីសន្តិភាព សន្តិសុខនិងវិបុលភាពនៅក្នុងសមុទ្រចិនខាងត្បូង ហើយចាប់តាំងពីចិនក្លាយជាភាគីដ៏សំខាន់មួយនៅថ្ងៃអនាគតដល់ក្រមប្រតិបត្តិនេះ ចិននឹងឆ្លៀតឱកាសនេះ ដោយធ្វើការបោះជំហានទៅមុខ»។
លោកបាននិយាយទៀតថា ក្រមប្រតិបត្តិផ្តាច់ព្រ័ត្រនៅទីបញ្ចប់នឹងធ្វើឲ្យទំនាក់ទំនងផ្លូវនាវាចរណ៍ត្រូវបានកម្រិតដោយ «ច្បាប់»។ ទោះជាយ៉ាងណាក៏ដោយ ទំនាក់ទំនងទាំងនេះពីមួយថ្ងៃទៅមួយថ្ងៃ អាចត្រូវបានតម្រូវដោយប្រព័ន្ធនយោបាយផ្អែកលើស្ថានភាពជាក់ស្តែង។
ពួកអ្នកវិភាគនិយាយថា អត្ថបទចរចាដែលបានព្រមព្រៀងគ្នាកាលពីសប្តាហ៍មុនរួមមានសំណើរបស់ភាគីទាំងអស់សម្រាប់ការចរចានៅពេលអនាគត។ កាលពីអតីតកាល ប្រទេសកម្ពុជា និងឡាវដែលជាសមាជិកអាស៊ានបានជំទាស់ការរិះគន់ចិន ដែលធ្វើឲ្យការចរចាស្តីពីក្រមប្រតិបត្តិជាប់គាំង។
លោក Collin Koh ជាអ្នកស្រាវជ្រាវខាងសន្តិសុខនាវាចរណ៍នៅឯសាកលវិទ្យាល័យបច្ចេកទេស Nanyang ក្នុងប្រទេសសិង្ហបុរីដែរ បាននិយាយថា ក៏ប៉ុន្តែ អត្ថបទកិច្ចព្រមព្រៀងគ្នានោះ នឹងមិនធ្វើឲ្យការចរចាកាន់តែស្រួលឡើងឬកាន់តែរហ័សឡើងទេ។
លោក Koh និយាយទៀតថា ការចាប់ផ្តើមសមយុទ្ធខាងយោធារវាងចិននិងសមាគមអាស៊ាននឹងមិនធ្វើទូលំទូលាយទេនៅពេលមុនដំបូង។ សមយុទ្ធយោធានោះនឹងគ្របដណ្តប់ការឆ្លើយតប «ក្នុងគ្រាអាសន្នខាងនាវាចរណ៍» ហើយប្រហែលយកតាមការណែនាំពីក្រមសម្រាប់ការប្រឈមមិនគ្រោងទុកនៅឯសមុទ្រ ឬ Code for Unplanned Encounters at Sea (CUES) ដែលមានប្រទេស២១ចូលរួមបានចុះហត្ថលេខានៅឆ្នាំ២០១៤។
លោក Kohបាននិយាយបន្តទៀតថា៖ «នៅមានការខ្វះទំនុកចិត្តរវាងភាគីនានានៅពេលគេពិនិត្យមើលបរិបទសមុទ្រចិនខាងត្បូង ដូច្នេះ គេមិនចង់ធ្វើសមយុទ្ធដែលមានភាពស្មុគ្រស្មាញនោះទេ។ប្រសិនបើ អ្នកធ្វើឲ្យបញ្ហានេះស្មុគ្រស្មាញ អ្នកនឹងធ្វើឲ្យសមាជិកអាស៊ានខ្លះលែងជិតស្និទ្ធ ពីព្រោះតែនាវារបស់ពួកគេមិនអាចមានសមត្ថភាពដើម្បីចូលរួមប្រភេទសមយុទ្ធបែបនេះ»។
ដោយសារសកម្មភាពខាងយោធារបស់ចិននៅកោះតូចៗក្នុងប្រជុំកោះ Spratly និងកោះដ៏ទៃទៀតក្នុងប្រជុំកោះ Paracel បានធ្វើឲ្យមានសកម្មភាពខាងយោធាកាលពីឆ្នាំទៅដោយសម្ព័ន្ធមិត្តលោកខាងលិច។
រដ្ឋាភិបាលក្រុងប៉េកាំងបានទាមទារកោះតូចៗទាំងនោះរួមជាមួយសមុទ្រប្រហែល៩០ភាគរយនៃសមុទ្រទាំងអស់ដែលមានទំហំ៣លាន៥សែនគីឡូម៉ែត្រការ៉េ ដែលសម្បូរទៅដោយត្រី ផ្លូវនាវាចរណ៍ ប្រេងកាតនិងឧស្ម័នធម្មជាតិ។ ពួកមន្ត្រីចិនផ្អែកលើកំណត់ត្រាប្រវត្តិសាស្ត្រដល់ការទាមទាររបស់ខ្លួន។ ពួកគេបានធ្វើសមយុទ្ធយោធារបស់ខ្លួននៅខែមេសា។
សមយុទ្ធនាវា RIMPAC ដែលដឹកនាំដោយនាវាសហរដ្ឋអាមេរិកកាលពីខែមិថុនានិងកក្កដា មិនបានអញ្ជើញប្រទេសចិនឲ្យចូលរួមទេ។ សមយុទ្ធបាញ់គ្រាប់ពិតៗនិងលំហាត់សមយុទ្ធជាបន្តបន្ទាប់មានកងទ័ព២ម៉ឺន៥ពាន់នាក់មកពីប្រទេស២៥បានចូលរួម រួមមានប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីននិងវៀតណាម៕
ប្រែសម្រួលដោយជឹង ប៉ូជីន