បន្ទាប់ពីបង្ហោះសារជាវីដេអូតាម Twitter កាលពីរសៀលថ្ងៃអាទិត្យថា លោកបាន «ទទួលព័ត៌មានដ៏អស្ចារ្យ» ពីវេជ្ជបណ្ឌិតរបស់លោកមក ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានសន្យាធ្វើឲ្យអ្នកគាំទ្ររបស់លោកភ្ញាក់ផ្អើលបន្តិចនៅខាងក្រៅមន្ទីរពេទ្យយោធាជាតិ Walter Reed ដែលជាកន្លែងដែលលោកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩។
បន្ទាប់មក លោកប្រធានាធិបតីបានចាកចេញពីមន្ទីរពេទ្យ Walter Reed មួយសន្ទុះតាមរថយន្ត SUV ដោយមានអង្គរក្សអមជាមួយ ជិះកាត់ក្រុមអ្នកគាំទ្រលោកដែលស្រែកអបអរលើកទឹកចិត្ត និងគ្រវីទង់ជាតិនិងបដានៅខាងក្រៅមន្ទីរពេទ្យ។
លោក Judd Deere អ្នកនាំពាក្យសេតវិមានបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «លោកប្រធានាធិបតី Trump បានធ្វើដំណើរតាមក្បួនរថយន្តមួយសន្ទុះដោយគ្រវីដៃនៅក្នុងរថយន្តទៅកាន់អ្នកគាំទ្ររបស់លោកនៅខាងក្រៅ ហើយឥឡូវនេះលោកបានវិលត្រឡប់ទៅកាន់បន្ទប់ប្រធានាធិបតីនៅខាងក្នុងមន្ទីរពេទ្យ Walter Reed វិញហើយ»។
កាលពីថ្ងៃអាទិត្យ ក្រុមវេជ្ជបណ្ឌិតដែលព្យាបាលលោក Trump បានបញ្ជាក់ថា លោកបាន «ធ្លាក់ចុះខ្យល់អុកស៊ីសែនបណ្ដោះអាសន្នចំនួន ២ លើក»។
លោក Sean Conley ដែលជាវេជ្ជបណ្ឌិតរបស់លោកប្រធានាធិបតី Trump បានប្រាប់អ្នកយកព័ត៌មានថា ថ្វីបើមានបញ្ហានោះក៏ដោយ ក៏ «សុខភាពរបស់លោកប្រធានាធិបតីមានដំណើរការល្អ»។
លោកវេជ្ជបណ្ឌិត Sean Dooley ដែលជាវេជ្ជបណ្ឌិតមួយរូបទៀតព្យាបាលលោក Trump បានប្រាប់អ្នកកាសែតនៅមន្ទីរពេទ្យ Walter Reed ថា៖ «អាការៈជំងឺរបស់លោកប្រធានាធិបតី Trump បន្តប្រសើរឡើង។ លោកមិនមានអាការៈគ្រុនក្ដៅនោះទេតាំងពីព្រឹកថ្ងៃសុក្រមក។ រលកសញ្ញាសុខភាពរបស់លោកមានលំនឹងល្អ»។
លោក Dooley បានបន្ថែមថា លោក Trump មិនត្អូញត្អែរថាមានការថប់ដង្ហើម ឬជួបប្រទះរោគសញ្ញាផ្លូវដង្ហើមណាមួយទេ។
ការសម្រេចចិត្តរបស់លោក Trump នៅក្នុងការចាកចេញមួយសន្ទុះពីមន្ទីរពេទ្យសម្រាប់អ្នកគាំទ្ររបស់លោកកាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញនោះ បានរងការរិះគន់ពីគ្រូពេទ្យមួយរូបនៅមន្ទីរពេទ្យ Walter Reed ថា ជាទង្វើគ្មានការទទួលខុសត្រូវ។
លោកវេជ្ជបណ្ឌិត James Phillips នៃមន្ទីរពេទ្យ Walter Reed និងដែលជាប្រធានផ្នែកវេជ្ជសាស្ត្រគ្រោះមហន្តរាយនៃសាកលវិទ្យាល័យ George Washington ក្នុងរដ្ឋធានីវ៉ាស៊ីនតោនផងដែរនោះ បានបញ្ជាក់ថា៖ «ហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ នៅខាងក្នុង [រថយន្ត] គឺខ្ពស់ដូចការឆ្លងក្រៅនីតិវិធីផ្នែកវេជ្ជសាស្ត្រដូច្នេះដែរ។ ការគ្មានការទទួលខុសត្រូវនេះគឺគួរឲ្យភ្ញាក់ផ្អើល។ ខ្ញុំអាណិតដល់ក្រុមអង្គរក្សដែលត្រូវបានបង្ខំឲ្យបំពេញតួនាទីរបស់ខ្លួនណាស់»។
ពេលនិយាយដល់ក្រុមអង្គរក្សនោះ លោក Phillips ចង់សំដៅដល់អ្នកបើករថយន្ត និងភ្នាក់ងារមួយរូបទៀតដែលអមដំណើរជាមួយលោកប្រធានាធិបតីនៅកៅអីជួរមុខ ដែលគេមើលទៅឃើញមានពាក់ម៉ាស់ របាំងមុខ និងវ៉ែនតាការពារភ្នែកផងដែរ។
ប៉ុន្តែ អ្នកនាំពាក្យសេតវិមានលោក Judd Deere បានបញ្ជាក់ថា៖ «មានការប្រុងប្រយ័ត្នជាមុនត្រឹមត្រូវទាក់ទិននឹងការធ្វើដូច្នេះ។ ...ការធ្វើដូច្នេះគឺអនុញ្ញាតដោយក្រុមវេជ្ជសាស្ត្រថាមានសុវត្ថិភាព»៕