មន្រ្តីក្នុងរដ្ឋ New Jersey កំពុងទាក់ទងមនុស្សប្រមាណជាង ២០០ នាក់ ដែលបានចូលរួមក្នុងកម្មវិធីរៃអង្គាសប្រាក់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅឯក្លឹបវាយកូនហ្គោល Bedminster របស់លោក ដោយបានស្នើឲ្យពួកគេតាមដានអាការៈក្នុងខ្លួន ខ្លាចក្រែងមានរោគសញ្ញាណាមួយនៃវីរុសកូរ៉ូណា។
ក្រុមមន្ត្រីបានស្នើឲ្យពួកគេរង់ចាំរយៈពេលពី ៥ ទៅ ៧ ថ្ងៃសិន ក្រោយពីចូលរួមក្នុងកម្មវិធីនោះមុនពេលទៅធ្វើតេស្តរកមើលជំងឺកូវីដ១៩ ដើម្បីចៀសវាងកុំឲ្យចេញលទ្ធផលខុស។
លោក Trump បានប្រកាសកាលពីព្រឹកថ្ងៃសុក្រថា លោកនិងអ្នកស្រី Melania Trump ដែលជាភរិយារបស់លោក បានធ្វើតេស្តរកឃើញមានវីរុសកូរ៉ូណា។ បច្ចុប្បន្ននេះ លោកប្រធានាធិបតី Trump កំពុងទទួលការព្យាបាលជំងឺកូវីដ១៩ នៅមន្ទីរពេទ្យយោធា Walter Reed ក្នុងរដ្ឋ Maryland ដែលស្ថិតនៅជាយរដ្ឋធានីវ៉ាស៊ីតោន។ ចំណែកឯអ្នកស្រី Melania Trump វិញមិនត្រូវបានតម្រូវឲ្យទទួលការព្យាបាលនៅមន្ទីរពេទ្យនោះ គឺគ្រាន់តែនៅដាច់ដោយឡែកតែឯង នៅសេតវិមានតែប៉ុណ្ណោះ។
នាយកដ្ឋានសុខាភិបាលរបស់រដ្ឋ New Jersey បានបង្ហោះសារលើ Twitter ថា សេតវិមានបានផ្ញើបញ្ជីឈ្មោះអ្នកចូលរួមចំនួន ២០៦ នាក់ ដែលបានចូលរួមក្នុងកម្មវិធីរៃអង្គាសប្រាក់នោះ ទៅឲ្យមន្ត្រីក្នុងរដ្ឋ New Jersey ហើយ។
នាយកដ្ឋានសុខាភិបាលនេះក៏បានទាក់ទងទៅអ្នកដែលបានចូលរួមទាំងនោះ និងបានប្រាប់ឲ្យពួកគេតាមដានសុខភាពដោយខ្លួនឯងផងដែរ ក្រែងមានអាការៈ ឬរោគសញ្ញាណាមួយនៃជំងឺកូវីដ១៩ ហើយត្រូវធ្វើចត្តាឡីស័ក ឬនៅដាច់ដោយឡែកតែឯង ប្រសិនបើពួកគេបានស្ថិតនៅក្បែរលោកប្រធានាធិបតី ឬបុគ្គលិករបស់លោក នៅក្នុងកម្មវិធីរៃអង្គាសប្រាក់នោះ។
ទន្ទឹមនឹងនេះដែរ មន្ត្រីក្នុងសង្កាត់ Somerset រដ្ឋ New Jersey ក៏កំពុងទាក់ទងដល់អ្នកធ្វើការនៅក្នុងកម្មវិធីនោះផងដែរ ដែលភាគច្រើនពួកគេជាអ្នករស់នៅក្នុងសង្កាត់នេះតែម្តង៕