ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បន្ទាប់ពី​សម្រាក​ព្យាបាល​ជំងឺ​កូវីដ១៩ នៅ​មន្ទីរពេទ្យ​បាន ៧២ ម៉ោង លោកTrump ត្រឡប់​ទៅ​កាន់​សេតវិមាន​វិញ


លោក​បាន​ដោះ​ម៉ាស់​ចេញ លើក​មេដៃ​ពីរ​ឡើង​លើ និង​គោរព​ឧទ្ធម្ភាគចក្រ Marine One នៅ​ពេល​ដែល​ឧទ្ធម្ភាគចក្រ​នេះ​ត្រៀម​ហោះ​ចេញពី​ទីធ្លា South Lawn នៃ​សេតវិមាន ថ្ងៃ​ទី ៥ ខែតុលា ឆ្នាំ២០២០។
លោក​បាន​ដោះ​ម៉ាស់​ចេញ លើក​មេដៃ​ពីរ​ឡើង​លើ និង​គោរព​ឧទ្ធម្ភាគចក្រ Marine One នៅ​ពេល​ដែល​ឧទ្ធម្ភាគចក្រ​នេះ​ត្រៀម​ហោះ​ចេញពី​ទីធ្លា South Lawn នៃ​សេតវិមាន ថ្ងៃ​ទី ៥ ខែតុលា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​ត្រឡប់​ទៅកាន់​សេតវិមាន​វិញ​កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ ក្នុង​ពេល ៧២ ម៉ោង​ក្រោយ​មក បន្ទាប់ពី​សម្រាក​ព្យាបាល​ជំងឺ​កូវីដ១៩ នៅ​មន្ទីរពេទ្យ​យោធា​ជាតិ Walter Reed។

លោក​បាន​ឡើង​កាំជណ្ដើរ​នៃ​ផ្នែក South Portico នៃ​សេតវិមាន និង​ឈរ​លើ​រានហាល Truman។ នៅ​ទី​នោះ លោក​បាន​ដោះ​ម៉ាស់​ចេញ លើក​មេដៃ​ពីរ​ឡើង​លើ និង​គោរព​ឧទ្ធម្ភាគចក្រ Marine One នៅ​ពេល​ដែល​ឧទ្ធម្ភាគចក្រ​នេះ​ត្រៀម​ហោះ​ចេញពី​ទីធ្លា South Lawn នៃ​សេតវិមាន។ ដោយ​មិន​បាន​ពាក់​ម៉ាស់​ឡើង​វិញ លោក​ប្រធានាធិបតី​បន្ទាប់​មក​បាន​ដើរ​ចូល​ក្នុង​សេតវិមាន​ដែល​មាន​មនុស្ស​កំពុង​រង់ចាំ​ដំណើរ​មក​ដល់​របស់​លោក។

មុន​ពេល​លោក Trump ធ្វើ​ដំណើរ​មក​ដល់​សេតវិមាន លោក​បាន​និយាយ​នៅ​ពេល​ដើរ​ចេញ​ពី​មន្ទីរពេទ្យ​យោធា​ជាតិ Walter Reed ថា៖ «អរគុណ​ច្រើន​អ្នក​ទាំង​អស់​គ្នា»។

ពេល​ចុះ​ពី​ឧទ្ធម្ភាគចក្រ​និង​ដើរ​សំដៅ​ទៅ​សេតវិមាន លោក​ប្រធានាធិបតី​បាន​ឈប់​មួយ​ភ្លែត​បែរ​ទៅ​កាន់​កាមេរ៉ា គ្រវី​ដៃ និង​លើក​មេដៃ​ឡើង​លើ។ នៅ​ពេល​អ្នក​យក​ព័ត៌មាន​របស់ VOA សួរ​អំពី​សុខភាព​របស់​លោក គេ​អាច​ឮ​ចម្លើយ​ល្ហៀងៗ​របស់​លោក​ថា «ល្អណាស់»។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Trump បាន​ឲ្យ​ដឹង​ថា លោក​មាន​គម្រោង​ចូលរួម​នៅ​ក្នុង​ការ​ជជែក​ដេញដោល​លើក​ទី ២ តទល់​នឹង​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៥ ខែ​តុលា​ខាង​មុខ។ នៅ​ពេល​បច្ចុប្បន្ន​នេះ លោក Trump កំពុង​ស្ថិត​នៅ​ពី​ក្រោយ​លោក Bidenនៅ​ក្នុង​ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ។

លោក Sean Conley វេជ្ជបណ្ឌិត​ផ្ទាល់​ខ្លួន​របស់​លោក Trump បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ​ថា៖ «ទោះបីជា​សុខភាព​របស់​លោក​ប្រធានាធិបតី​មិន​ទាន់​ដូច​ដើម​វិញ​ទាំង​ស្រុង​ក៏​ដោយ ក៏​ខ្ញុំ និង​ក្រុម​ការងារ​អនុញ្ញាត​ឲ្យ​លោក​ប្រធានាធិបតី​ត្រឡប់​ទៅ​កាន់​សេតវិមាន​វិញ​បាន ក្រោយ​ពី​មាន​ការ​វាយតម្លៃ​គ្រប់​ជ្រុងជ្រោយ​លើ​ស្ថានភាព​សុខភាព​របស់​លោក​រួច​មក»។

លោក Conley បាន​បន្ថែម​ថា នៅ​សេតវិមាន មាន​គ្រឿង​បរិក្ខា​វេជ្ជសាស្ត្រ និង​បុគ្គលិក​សុខាភិបាល ដើម្បី​ត្រួត​ពិនិត្យ​ស្ថានភាព​សុខភាព​របស់​លោក​ប្រធានាធិបតី Trump គ្រប់​ពេលវេលា។

មុន​ពេល​ចាកចេញ​ពី​មន្ទីរពេទ្យ លោក Trump បាន​បង្ហោះ​សារ​នៅ​លើ Twitter ថា៖ «កុំ​ខ្លាច​ជំងឺ​កូវីដ១៩។ កុំ​ឲ្យ​ជំងឺ​នេះ​គ្រប់គ្រង​ជីវិត​អ្នក»។ លោក​បាន​បន្ថែម​ថា លោក​មាន​អារម្មណ៍​ប្រសើរ​ជាង​កាល​ពី ២០ ឆ្នាំ​មុន​ទៅ​ទៀត៕

XS
SM
MD
LG