សហរដ្ឋអាមេរិកនិយាយថាខ្លួនបានកាត់ផ្តាច់ការចែករំលែកការស៊ើបការណ៍សម្ងាត់ជាមួយអ៊ុយក្រែនដែលអាចបន្ថយយ៉ាងខ្លាំងនូវសមត្ថភាពរបស់រដ្ឋាភិបាលក្រុងកៀវដើម្បីបន្តការប្រយុទ្ធរយៈពេល៣ឆ្នាំរបស់ខ្លួនជាមួយរុស្ស៊ី ទោះបីរដ្ឋាភិបាលក្រុងវ៉ាស៊ីន តោនកំពុងជំរុញយ៉ាងឆាប់រហ័សឆ្ពោះទៅកាន់ការចរចាសន្តិភាពដើម្បីបញ្ចប់ជម្លោះនោះក៏ដោយ។
លោកប្រធានាធិបតី Donald Trump នៅដើមសប្តាហ៍នេះបានបញ្ជាឱ្យសហរដ្ឋអាមេរិកផ្អាកជំនួយយោធាដល់ពួកអ្នកប្រយុទ្ធរបស់រដ្ឋាភិបាលក្រុងកៀវបន្ទាប់ពីជំនួបឈ្លោះប្រកែកគ្នារបស់លោកកាលពីសប្តាហ៍មុននៅឯសេតវិមានជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy មក។
នាយកទីភ្នាក់ងារកណ្តាលស៊ើបការណ៍សម្ងាត់ CIA លោក John Ratcliffe បាននិយាយកាលពីថ្ងៃពុធម្សិលមិញ ថានៅពេលឥឡូវនេះសហរដ្ឋអាមេរិកបានបញ្ចប់ការចែករំលែកការស៊ើបការណ៍សម្ងាត់របស់ខ្លួនជាមួយរដ្ឋាភិបាលក្រុងកៀវ ថ្វីបើ វាអាចជារយៈពេលខ្លីក៏ដោយ បន្ទាប់ពីលោកប្រធានាធិបតី Zelenskyy បាននិយាយថាលោកបានផ្លាស់ប្តូរពាក្យសម្តីដ៏ក្តៅគគុកជាមួយលោកប្រធានាធិបតី Trump នៅក្នុងការិយាល័យរាងពងក្រពើជា«ការគួរឱ្យសោកស្តាយ»ហើយថាអ៊ុយក្រែនបានប្រុងប្រៀបខ្លួនដើម្បីការចរចាសន្តិភាពជាមួយរុស្ស៊ីក៏ដោយ។
ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមក្នុងឆ្នាំ២០២២មក សហរដ្ឋអាមេរិកបានផ្តល់ឱ្យអ៊ុយក្រែននូវការស៊ើបការណ៍សម្ងាត់ដ៏សំខាន់ រួមមានព័ត៌មានសំខាន់ខាងយោធារបស់ខ្លួនដែលចាំបាច់សម្រាប់វាយប្រហារលើកងកម្លាំងរុស្ស៊ី។
លោក Mike Waltz ទីប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតី Trumpបានប្រាប់ពួកអ្នកយកព័ត៌មានកាលពីថ្ងៃពុធថាសហរដ្ឋអាមេរិក«បានងាកទៅក្រោយវិញ»ហើយថារដ្ឋបាលរបស់លោក Trumpបាន«ពិនិត្យមើលឡើងវិញនូវគ្រប់ទិដ្ឋភាពទាំងអស់»នៃទំនាក់ទំនងនៃការស៊ើបការណ៍សម្ងាត់ជាមួយអ៊ុយក្រែន។
ក្នុងខណៈនោះដែរ លោក Wantz បានប្រាប់ទូរទស្សន៍ CBS News ថា សហរដ្ឋអាមេរិកកំពុងចាត់វិធានការដ៏ឆាប់រហ័សដើម្បីចាប់ផ្តើមការចរចាសន្តិភាពដើម្បីបញ្ចប់សង្គ្រាមហើយនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែជាមួយរដ្ឋាភិបាលអ៊ុយក្រែន៕