ការផ្អាកជំនួយយោធាភ្លាមៗរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដល់ប្រទេសអ៊ុយក្រែនជាឆាកខាងក្រោយនោះ បានធ្វើឱ្យមានការព្រួយកង្វល់ដល់ពួកមេដឹកនាំសហភាពអឺរ៉ុបដែលជួបប្រជុំគ្នានៅក្នុងទីក្រុងព្រុចសែលនៅថ្ងៃព្រហស្បតិ៍ស្អែកនេះដើម្បីពិភាក្សាអំពីវិធានការបង្កើនវិស័យការពារប្រទេសរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ី។
ប្រធានគណៈកម្មការអឺរ៉ុបអ្នកស្រី Ursula von der Leyen បាននិយាយមុនសន្និសីទកំពូលនៅពេលដែលអ្នកស្រីសង្កត់ពីផែនការផ្តល់ហិរញ្ញវត្ថុដល់វិស័យការពារប្រទេសដែលមានទឹកប្រាក់៨៤០ពាន់លានដុល្លារមកពីផ្នែកជាច្រើនសម្រាប់ប្លុកដែលមានសមាជិក២៧ប្រទេសថា«បញ្ហាមិនមែនលើរឿងថាតើសន្តិសុខរបស់អឺរ៉ុបត្រូវរងការគំរាមកំហែងក្នុងវិធីពិតប្រាកដមួយឬថាតើអឺរ៉ុបគួរត្រូវរែកអំរែកនៃការទទួលខុសត្រូវរបស់ខ្លួនកាន់តែធ្ងន់ឡើងសម្រាប់សន្តិសុខខ្លួននោះទេ»។
អ្នកស្រីបាននិយាយទៀតថា«បញ្ហាពិតប្រាកដគឺនៅពីមុខយើងថាតើអឺរ៉ុបបានប្រុងប្រៀបដើម្បីចាត់វិធានការជាក់លាក់ទៅតាមស្ថានការជាក់ស្តែងហើយថាតើអឺរ៉ុបបានប្រុងប្រៀបនិងមានសមត្ថភាពចាត់វិធានការបានលឿនដែរឬទេ ដែលនោះគឺជារឿងចាំបាច់»។
សារនោះបានឮខ្ទរខ្ទារនៅសន្និសីទកំពូលគ្រាអាសន្នដែលពួកមេដឹកនាំអឺរ៉ុបជួបជុំគ្នាហើយខ្លាចថាសហរដ្ឋអាមេរិកអាចផ្តាច់ការទាក់ទង ហើយជាលទ្ធផលបានធ្វើឱ្យមានការសន្យាការចំណាយថ្មីខាងការពារប្រទេសរបស់អឺរ៉ុប បន្ទាប់ពីការទាមទារអស់ជាច្រើនឆ្នាំរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដើម្បីឱ្យអឺរ៉ុបទទួលបន្ទុកនេះកាន់តែច្រើនឡើង។
ក៏ប៉ុន្តែ សមាជិកសហភាពអឺរ៉ុបក៏ប្រឈមបញ្ហាដ៏ខ្លាំងនៅពេលដែលពួកគេចាត់វិធានការបំពាក់អាវុធឡើងវិញ ខណ:ដែលរដ្ឋាភិបាលនិងសេដ្ឋកិច្ចពេលខ្លះរង្គោះរង្គើ ហើយមានការសង្ស័យពីពលរដ្ឋច្រើននិងកំណើននៃក្រុមស្តាំនិយម ដែលជារឿយៗមាននិន្នាការទៅខាងរុស្ស៉ី។
ចំពោះពួកមេដឹកនាំសហភាពអឺរ៉ុបជាច្រើន សារនៅថ្ងៃនេះគឺជាសាមគ្គីភាព។ ក្នុងអំឡុងនៃសន្និសីទកំពូលក្នុងទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស បណ្តាប្រទេសរបស់សហភាពអឺរ៉ុបនិងចក្រភពអង់គ្លេសដែលមិនមែនជាសមាជិករបស់ប្លុកនោះបានព្រមព្រៀងគ្នាបង្កើតផែនការសន្តិភាពដោយខ្លួនឯងសម្រាប់អ៊ុយក្រែនដើម្បីដាក់ជូន
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ ប្រទេសបារាំងនិងចក្រភពអង់គ្លេសក៏បានគាំទ្រ«ក្រុមចម្រុះឆន្ទៈមួយ»ដើម្បីបញ្ជូនកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែនហើយអនុវត្តនូវកិច្ចព្រមព្រៀងសន្តិភាព៕