ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy ថា​លោក​ប្រុងប្រៀប​ធ្វើការ​ជាមួយ​លោក Trump សម្រាប់​ការចរចា​សន្តិភាព​​បញ្ចប់​សង្គ្រាម​ជាមួយ​រុស្ស៊ី


រូបឯកសារ៖ លោក​ប្រធានាធិបតី Donald Trump ទទួល​ស្វាគមន៍​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy នៅ​សេតវិមាន​ កាលពី​ថ្ងៃ​សុក្រ ទី២៨ ខែ​កុម្ភៈ ឆ្នាំ២០២៥។
រូបឯកសារ៖ លោក​ប្រធានាធិបតី Donald Trump ទទួល​ស្វាគមន៍​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy នៅ​សេតវិមាន​ កាលពី​ថ្ងៃ​សុក្រ ទី២៨ ខែ​កុម្ភៈ ឆ្នាំ២០២៥។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ស្នើផ្តល់​និមិត្ត​សញ្ញា​សន្តិ​ភាព​ដល់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ដោយ​និយាយ​ថា​ប្រ ទេស​របស់​លោក​បាន​ប្រុងប្រៀប​ដើម្បី​ចរចា​បញ្ចប់​សង្គ្រាម​រយៈពេល​៣ឆ្នាំ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន«ឱ្យ​បាន​ឆាប់​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន»​ហើយ​នឹង«ធ្វើការ​នៅ​ក្រោម​ការដឹកនាំ​ដ៏​ខ្លាំងរបស់​លោក Donald Trump» ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដើម្បី​ធ្វើ​ឱ្យ​សម្រេច​កិច្ច​ព្រមព្រៀង​សន្តិភាព​មួយ។

លោក Zelenskyy បាន​និយាយ​ថា​ការប៉ះទង្គិច​យ៉ាង​ជូរចត់​ជាមួយ​លោក Trump នៅ​ឯ​សេតវិមាន​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ជា«ការគួរ​ឱ្យ​សោកស្តាយ»​ហើយ​ថា​លោក​នៅ​តែ​ប្រុងប្រៀប​ខ្លួន​ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​នឹង​ផ្តល់​ឱ្យ​សហរដ្ឋ​អាមេរិក​នូវ​សិទ្ធិ​ដ៏​សំខាន់ យូរ​អង្វែង​ដល់​រ៉ែ​សំខាន់ៗ​របស់​អ៊ុយក្រែន​ដែល​ជា​តម្រូវការ​សម្រាប់​ការផលិត​ផលិតផល​បច្ចេកវិទ្យា​របស់​អាមេរិក។

នៅ​ក្នុង​ការចុះផ្សាយ​លើ​បណ្តាញ​សង្គម X មេដឹកនាំ​អ៊ុយក្រែន​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​ការពិភាក្សា​របស់​លោក​ជាមួយ​លោក​ប្រធានាធិបតី Trump និង​អនុ​ប្រធានាធិបតី JD Vance «មិន​បាន​ប្រព្រឹត្ត​ទៅតាម​អ្វី​ដែលត្រូវ​ធ្វើ»។ វា​ជា​ពេល​វេលា​ដើម្បី​ធ្វើ​ឱ្យ​ត្រឹមត្រូវ។ យើង​ចង់​បាន​កិច្ច​សហប្រតិបត្តិការនិង​ការ​ទាក់ទង​ប្រកប​ដោយ​ការ​ស្ថាបនា​នា​ពេល​អនាគត​។

លោកTrumpបាន​បញ្ចា​ឱ្យ​លោកZelenskyyចាកចេញ​ពី​សេតវិមាន​ហើយ​កិច្ចព្រម ព្រៀង​រ៉ែ​នោះ​មិន​បាន​ចុះហត្ថលេខា​ទេ។

លោក Trump និង​លោក Vance បាន​អង្គុយ​ជិត​គ្នា​នៅ​ក្នុង​ការិយាល័យ​រាង​ពងក្រពើ​ហើយ​បាន​ស្តី​បន្ទោស​លោក Zelenskyy ថា​ជា​មនុស្ស​មិន​ដឹង​គុណ​ចំពោះ​គ្រាប់​រំសេវ​ដែល​មាន​តម្លៃ​ជាង១រយ​ពាន់​លាន​ដុល្លារ​ដែល​សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​ទៅ​ឱ្យ​កងកម្លាំង​អ៊ុយក្រែន​ដើម្បី​ទប់ទល់​ការឈ្លានពាន​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​នៅ​ឆ្នាំ​២០២២ ទោះ​បី​មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ​បាន​ថ្លែង​អំណរគុណ​ជា​ច្រើន​លើក​ដល់​សហរដ្ឋ​អាមេរិក​ក៏​ដោយ៕

XS
SM
MD
LG