ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងអនុប្រធានាធិបតីជាប់ឆ្នោត លោក Mike Pence បានជួបគ្នាកាលពីថ្ងៃអង្គារដើម្បីតែងតាំងដំណែងសំខាន់ៗនៅក្នុងរដ្ឋាភិបាលថ្មីរបស់លោក។ ពួកអ្នកជំនួយការផ្តល់សញ្ញាថា លោក Rudy Guiliani អតីតអភិបាលក្រុងញូវយ៉ក អាចត្រូវបានតែងតាំងជារដ្ឋមន្រ្តីការបរទេស។
លោក ត្រាំ និង លោក Pence មានដំណែងជាង៤ពាន់ដើម្បីជ្រើសរើសមន្ត្រីមកបំពេញនៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅពេលដែលលោក ប្រុងប្រៀបកាន់អំណាចនៅថ្ងៃទី២០ ខែមករា ក៏ប៉ុន្តែ ការផ្តោតការយកចិត្តទុកដាក់របស់អស់លោកជាបន្ទាន់គឺបំពេញដំណែងការទូតកំពូល ហើយនិងរដ្ឋមន្រ្តីក្រសួងការពារប្រទេស ក្រសួងយុត្តិធម៌ និងរដ្ឋមន្រ្តីក្រសួងការពារមាតុភូមិ។ ដំណែងទាំងអស់ដែលដំណាងឲ្យមុខមាត់របស់រដ្ឋាភិបាលនៅលើឆាកពិភពលោក និងជួយនាំឲ្យមានការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម។
លោក Guiliani អាយុ៧២ឆ្នាំមិនមានបទពិសោធន៍កោលនយោបាយការបរទេសកាលពីពេលមុនទេ ក៏ប៉ុន្តែ សហការីរបស់លោកត្រាំនិយាយថា លោកបានលេចធ្លោដើម្បីក្លាយជារដ្ឋមន្រ្តីការបរទេស។ លោកជាអ្នកគាំទ្រដ៏ស្មោះត្រង់ចំពោះលោកត្រាំក្នុងអំឡុងពេលដែលមហាសេដ្ឋីអចលទ្រព្យបានឈរឈ្មោះជាបេក្ខជនប្រធានាធិបតីដែលបាននាំឲ្យបានទទួលជ័យជំនះដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីសប្តាហ៍មុន ដោយជារឿយៗបានបង្ហាញខ្លួននៅតាមព័ត៌មានទូរទស្សន៍ដើម្បីផ្សព្វផ្សាយពីបេក្ខភាពរបស់លោត្រាំ។
លោក Giulianiដែលនិយាយឥតសំចៃមាត់បានល្បីល្បាញទូទាំងប្រទេសក្នុងអំឡុងពេលនៃការកាន់ដំណែងជាអភិបាលក្រុងញូវយ៉ក កាលពីជាងមួយទសវត្សរ៍មុន។ចំពោះពលរដ្ឋអាមេរិកជាច្រើន លោកបានក្លាយជានិមិត្តរូបនៃការតាំងចិត្តរបស់សហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងលទ្ធិឥស្លាមជ្រុលនិយម បន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០០១ ទៅលើទីក្រុងញូវយ៉ក និងរដ្ឋធានីវ៉ាស៊ីនតោនដែលបានសម្លាប់មនុស្សជិត៣ពាន់នាក់៕