បាតុកម្មបានបន្តកាលពីថ្ងៃចន្ទនៅក្នុងសហរដ្ឋអាមេរិកប្រឆាំងនឹងការជាប់ឆ្នោតរបស់មហាសេដ្ឋីអចលនទ្រព្យ Donald Trump ជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកដែលនឹងកាន់ដំណែងនៅខែមករា។
សិស្សរាប់រយនាក់បានដើរដោយសន្តិវិធីចេញពីថ្នាក់រៀននៅឯវិទ្យាល័យមួយកន្លែងនៅក្នុងក្រុង Los Angeles ហើយនឹងសាលារៀនមួយកន្លែងទៀតនៅជាយក្រុងរដ្ឋធានីវ៉ាស៊ីនតុន បន្ទាប់ពីយប់នៃបាតុកម្មនៅតាមផ្លូវនានាកាន់តែច្រើនឡើងក្នុងទីក្រុងដ៏សំខាន់របស់សហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ បាតុកម្មកាលពីយប់ថ្ងៃអាទិត្យមានទំហំតូចជាងបាតុកម្មបន្ទាប់ពីជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោកត្រាំខាងគណបក្សសាធារណរដ្ឋលើលោកស្រី Hillary Clintonខាងគណបក្សប្រជាធិបតេយ្យ។
លោកស្រី Kellyanne Conway អ្នកចាត់ចែងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ បាននិយាយនៅក្នុងទីក្រុងញូយ៉កថា «ខ្ញុំដឹងថា មនុស្សមិនបានប្រុងប្រៀបខ្លួនសម្រាប់ជ័យជម្នះរបស់យើងទេ។ យើងត្រូវតែផ្តោតលើឆន្ទៈរបស់ប្រជាពលរដ្ឋ»។
លោកស្រីបានអំពាវនាវដល់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងលោកស្រី គ្លីនតុន ឲ្យនិយាយទៅកាន់ពួកបាតុករទាំងនោះថា បុរសនេះជាប្រធានាធិបតីរបស់យើង។
កាលពីសប្តាហ៍មុន ទាំងប្រធានាធិបតីអូបាម៉ា និង លោកស្រី គ្លីនតុន បានអំពាវនាវឲ្យមានសាមគ្គីភាពដើម្បីផ្តល់ឱកាសឲ្យលោកត្រាំដឹកនាំប្រទេសនៅពេលលោកកាន់កាប់សេតវិមាននៅថ្ងៃទី២០ ខែមករា ក៏ប៉ុន្តែ មិនបាននិយាយជាសាធារណៈអំពីបាតុកម្មប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតទេ៕