ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានផ្អាកជំនួយសម្រាប់ប្រទេសអ៊ុយក្រែន។ នេះបើតាមការប្រកាសរបស់សេតវិមានកាលពីថ្ងៃចន្ទ។
មន្ត្រីជាន់ខ្ពស់រដ្ឋបាលលោក Trump មួយរូបបានប្រាប់ VOA តាមអ៊ីមែលថា៖ «លោកប្រធានាធិបតី [Trump] បានបញ្ជាក់យ៉ាងច្បាស់ថាលោកផ្ដោតលើសន្តិភាព។ ...យើងក៏ត្រូវការឲ្យដៃគូរបស់យើងតាំងចិត្តចំពោះគោលបំណងនោះផងដែរ។ យើងផ្អាកនិងពិនិត្យឡើងវិញនូវជំនួយរបស់យើងដើម្បីធានាថាជំនួយនោះរួមចំណែកដល់ដំណោះស្រាយ»។
មន្ត្រីរូបនេះមិនត្រូវបានបញ្ជាក់ឈ្មោះនោះទេ ដោយសារតែនេះជាទម្លាប់ធម្មតានៅពេលនិយាយជាមួយនឹងអ្នកសារព័ត៌មាន។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងនៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃចន្ទថា ប្រទេសរបស់លោកត្រូវការ «សន្តិភាពពិតប្រាកដនិងយុត្តិធម៌» ក៏ដូចជាការធានាសន្តិសុខដើម្បីធានាថារុស្ស៊ីនឹងមិនឈ្លានពានអ៊ុយក្រែនម្ដងទៀតនៅពេលអនាគត។
អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បានប្រាប់អ្នកកាសែតនៅថ្ងៃអង្គារនេះថា ការផ្អាកជំនួយយោធារបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសអ៊ុយក្រែននេះគឺជាការរួមចំណែកដ៏ល្អបំផុតចំពោះបុព្វហេតុសន្តិភាព និងថាការផ្អាកនេះអាចជួយជំរុញអ៊ុយក្រែនឲ្យចូលរួមនៅក្នុងដំណើរការសន្តិភាព។
លោក Trump បាននិយាយចំៗកាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងរ៉ែកម្រគឺសំខាន់សម្រាប់ការគាំទ្រជាបន្តរបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន និងថាលោកនឹងប្រកាសអំពីរឿងនេះនៅថ្ងៃអង្គារនេះនៅពេលលោកថ្លែងទៅកាន់សភាទាំងពីរថ្នាក់។
លោក Trump បានជំរុញឲ្យបញ្ចប់សង្គ្រាម ប៉ុន្តែលោក Zelenskyy បានបង្ហាញការភ័យខ្លាចថាលោក Trump កំពុងប៉ុនប៉ងដើម្បីស្វែងរកដំណោះស្រាយសម្រាប់សង្គ្រាមនេះផ្អែកលើលក្ខខណ្ឌដែលមានទំនោរលើរុស្ស៊ីច្រើនជាងអ៊ុយក្រែន៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានThe Associated Press, Agence France-Presse និង Reuters)
វេទិកាបញ្ចេញមតិ