ចក្រភពអង់គ្លេសបានបញ្ជាក់កាលពីថ្ងៃចន្ទថាមានសំណើដែលអាចទៅរួចជាច្រើននៅលើតុចរចាសម្រាប់បទឈប់បាញ់នៅអ៊ុយក្រែន។ អង់គ្លេសបញ្ជាក់ដូច្នេះបន្ទាប់ពីបារាំងបានស្នើនូវសំណើមួយឲ្យមានបទឈប់បាញ់ដំណាក់កាលដំបូងមួយខែដែលអាចត្រួសត្រាយផ្លូវសម្រាប់ការចរចាសន្តិភាព។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសបាននិយាយថា៖ «ជាក់ស្ដែង មានជម្រើសជាច្រើននៅលើតុ [ចរចា]។ ខ្ញុំមិនបញ្ជាក់លម្អិតអំពីជម្រើសទាំងនោះទេ»។
បណ្ដាប្រទេសនៅអឺរ៉ុបដែលដឹកនាំដោយចក្រភពអង់គ្លេសនិងបារាំងកំពុងពិនិត្យលើជម្រើសនានាសម្រាប់សំណើសន្តិភាពដែលរួមបញ្ជូលអ៊ុយក្រែននៅក្នុងនោះ បន្ទាប់ពីមានការជជែកគ្នាតឹងសរសៃកនៅសេតវិមានកាលពីសប្ដាហ៍មុនរវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy មក។
លោក Starmer បានរៀបចំកិច្ចប្រជុំមួយជាមួយនឹងបណ្ដាមេដឹកនាំនៅអឺរ៉ុបក្នុងទីក្រុងឡុងដ៍កាលពីថ្ងៃអាទិត្យ និងបាននិយាយថាបណ្ដាមេដឹកនាំអឺរ៉ុបបានឯកភាពគ្នាតាក់តែងផែនការសន្តិភាពសម្រាប់សង្គ្រាមនៅអ៊ុយក្រែនដើម្បីដាក់ជូនសហរដ្ឋអាមេរិក។
នៅក្នុងកិច្ចសម្ភាសន៍មួយដែលបានធ្វើឡើងនៅពេលធ្វើដំណើរទៅចូលរួមកិច្ចប្រជុំនេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានលើកឡើងពីលទ្ធភាពនៃការមានបទឈប់បាញ់មួយខែ ទោះបីជាកន្លងមកសំណើនេះមិនទាន់ទទួលបានការគាំទ្រពីសម្ព័ន្ធមិត្តផ្សេងទៀតក៏ដោយ។
លោក Zelenskyy បាននិយាយថា បទឈប់បាញ់ណាមួយក៏ដោយគឺត្រូវតែធ្វើឡើងដោយមានការធានាសន្តិសុខច្បាស់លាស់ពីក្រុមបស្ចិមប្រទេសដើម្បីធានាថារុស្ស៊ីដែលបានឈ្លានពានអ៊ុយក្រែនកាលពី ៣ ឆ្នាំមុននិងកាន់កាប់ទឹកដីអ៊ុយក្រែនប្រហែល ២០% មិនវាយប្រហារអ៊ុយក្រែនម្ដងទៀតឡើយ៕
វេទិកាបញ្ចេញមតិ