ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ថា​គេ​ចាំបាច់​ត្រូវ​បង្ខំ​លោក Zelenskyy ឲ្យ​ចរចា​សន្តិភាព


រូបឯកសារ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថ្លែងក្នុង​របាយការណ៍​ពេល​ប្រជុំ​ក្នុង​ទីក្រុងកៀវ ប្រទេស​អ៊ុយ​ក្រែន​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៥។
រូបឯកសារ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថ្លែងក្នុង​របាយការណ៍​ពេល​ប្រជុំ​ក្នុង​ទីក្រុងកៀវ ប្រទេស​អ៊ុយ​ក្រែន​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៥។

កាលពី​ថ្ងៃ​ចន្ទ រុស្ស៊ី​បាន​ចោទ​ប្រកាន់​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ថា​មិន​ចង់​បាន​សន្តិភាព ក្រោយពី​មាន​ការ​ប៉ះទង្គិច​ពាក្យសម្តី​គ្នា​រវាង​មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ​និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump មក។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​ថា៖ «លោក [Zelenskyy] មិន​ចង់​បាន​សន្តិភាព​ទេ។ នរណា​ម្នាក់​គួរតែ​បង្ខំ​លោក​ឲ្យ​ចង់​បាន​សន្តិភាព។ បើ​អឺរ៉ុប​ធ្វើ​កិច្ចការ​នេះ សូម​កោត​សរសើរ​ពួកគេ​ផង»។

លោក Peskov បាន​ហៅ​ការ​ប៉ះទង្គិច​គ្នា​ជា​ពាក្យសម្តី​ខឹង​សម្បា​ជា​សាធារណៈ​រវាង​លោក Trump និង​លោក Zelenskyy ថា​ជា «ព្រឹត្តិការណ៍​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក»។ លោក Peskov បាន​បន្ទោស​លោក Zelenskyy ដោយ​និយាយ​ថា​លោក Zelenskyy «បង្ហាញ​កង្វះ​សមត្ថភាព​ការទូត​ទាំងស្រុង»។

លោក Peskov បាន​ស្នើ​ឲ្យ​សម្ព័ន្ធមិត្ត​របស់​អាមេរិក​នៅ​អឺរ៉ុប​ធ្វើ​យ៉ាងណា​សម្រួល​អារម្មណ៍​របស់​លោក Trump ដោយ​លោក​បាន​និយាយ​ថា «នរណា​ម្នាក់​ត្រូវតែ​ខិតខំ​សន្ទនា​ជាមួយ​អាមេរិក​ដើម្បី​លុបបំបាត់​ភាព​សៅហ្មង​ដែល​នៅតែ​មាន​ក្នុង​សេតវិមាន​ក្រោយពី​មាន​ការ​ពិភាក្សា​ជាមួយ​លោក Zelenskyy ហើយ»។

រុស្ស៊ី​បាន​លើកឡើង​ដូច្នេះ​បន្ទាប់ពី​សម្ព័ន្ធមិត្ត​អឺរ៉ុប​របស់​អ៊ុយក្រែន​បាន​ជួប​ពិភាក្សា​គ្នា​ក្នុង​ទីក្រុង​ឡុងដ៍​នៃ​ចក្រភព​អង់គ្លេស​អំពី​ការ​ដោះស្រាយ​វិបត្តិ​អ៊ុយក្រែន​កាលពី​ថ្ងៃ​អាទិត្យ ហើយ​លោក Zelenskyy បាន​និយាយ​ថា​លោក​នឹង​ធ្វើ​ការ​ជាមួយ​អឺរ៉ុប​ដើម្បី​កំណត់​លក្ខខណ្ឌ​សម្រាប់​កិច្ច​ព្រមព្រៀង​សន្តិភាព​មួយ​ដែល​អាច​ទៅរួច៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG