លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាដល់ការិយាល័យពាណិជ្ជកម្មរបស់លោក ឲ្យស៊ើបអង្កេតទៅលើថាតើចិនកំពុងតែលួចចម្លងកម្មសិទ្ធិបញ្ញារបស់អាមេរិកឬយ៉ាងណា ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំងបានព្រមានជាមុនថា ប្រទេសទាំងពីរនេះ នៅទីបំផុត នឹងក្លាយជាអ្នកចាញ់នៅក្នុងសង្គ្រាមពាណិជ្ជកម្ម។
លោក ត្រាំ បានបញ្ចប់ការសម្រាកវិស្សមកាលនៅឯរមណីយដ្ឋានវាយកូនហ្គោលរបស់លោកនៅក្នុងរដ្ឋ New Jersey ដោយត្រឡប់ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន វិញ ដើម្បីចុះហត្ថលេខាលើបទបញ្ជាប្រធានាធិបតីមួយ និងបញ្ជាឲ្យលោក Robert Lighthizer អ្នកតំណាងខាងពាណិជ្ជកម្ម ស៊ើបអង្កេតទៅលើការចោទប្រកាន់ដែលថា ចិនបានលួចបច្ចេកវិទ្យានិងកម្មសិទ្ធិបញ្ញារបស់អាមេរិក។
លោក ត្រាំ ចង់ឲ្យមន្រ្តីពាណិជ្ជកម្មពិនិត្យមើលទៅលើការអនុវត្តរបស់ចិន ដែលបង្ខំឲ្យក្រុមហ៊ុនអាមេរិកបញ្ចេញព័ត៌មានអំពីកម្មសិទ្ធិបញ្ញារបស់ខ្លួន ដើម្បីអាចធ្វើជំនួញនៅក្នុងប្រទេសចិនបាន។
លោក ត្រាំ បានមានប្រសាសន៍ថា៖ «យើងនឹងការពារបុគ្គលិករបស់យើង ការពារការច្នៃប្រឌិតថ្មីរបស់យើង»។
លោកបានពណ៌នាការស៊ើបអង្កេតនេះថាជា«វិធានការដ៏ធំមួយ។ នេះគ្រាន់តែជាចំណុចចាប់ផ្តើមតែប៉ុណ្ណោះ»។
ប្រសិនបើសហរដ្ឋអាមេរិកបន្តពិនិត្យមើលលើករណីនេះ អាមេរិកអាចនឹងស្នើដល់ស្ថាប័នពាណិជ្ជកម្មពិភពលោក WTO ឲ្យផាកពិន័យចិនឬទាមទារសំណងនានា។
អ្នកវិភាគនិយាយថា ការស៊ើបអង្កេតនេះអាចបង្កើនភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិន ហើយអាចនាំឲ្យមានសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរបាន៕