អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence បានប្រឈមនឹងការជំទាស់ពីប្រធានាធិបតីកូឡុំប៊ីលោក Juan Manuel Santos កាលពីថ្ងៃអាទិត្យម្សិលមិញ ទាក់ទិននឹងការគំរាមកំហែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្នុងការប្រើជម្រើសយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។
ដោយថ្លែងនៅឯសន្និសីទព័ត៌មានរួមគ្នាជាមួយនឹងលោក Juan Manuel Santos នៅក្នុងទីក្រុង Cartagena ប្រទេសកូឡុំប៊ី លោក Mike Pence មិនបានជំទាស់ទៅនឹងការប្រើកម្លាំងយោធានោះទេ ប៉ុន្តែលោកក៏មិនបានលើកឡើងដោយផ្ទាល់អំពីរឿងនេះផងដែរ។
ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី លោក Pence បានប្រាប់ប្រធានាធិបតីប្រទេសកូឡុំប៊ីថា សហរដ្ឋអាមេរិកចង់បាននូវអ្វីដែលលោកបានហៅថា ដំណោះស្រាយ «ដោយសន្តិវិធី» សម្រាប់ប្រទេសវ៉េណេស៊ុយអេឡា។
លោកបាននិយាយថា មានជម្រើសជាច្រើនអាចប្រើប្រាស់បានក្នុងការដាក់សម្ពាធលើរបបដឹកនាំរបស់លោក Nicolas Maduro នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដែលក្នុងនោះមានដូចជា ការបង្កើនការដាក់សម្ពាធការទូត និងសេដ្ឋកិច្ចជាដើម។ លោក Pence បានធានាចំពោះលោក Santos ថា សហរដ្ឋអាមេរិកនឹងមិនឈរស្ងៀមទុកឲ្យប្រទេសវ៉េណេស៊ុយអេឡាបែកបាក់ និងធ្លាក់ចូលទៅក្នុងរបបផ្ដាច់ការនោះទេ។
លោក Pence បានបន្ថែមថា ការដួលរលំនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា អាចមានគ្រោះថ្នាក់ដល់ទ្វីបអាមេរិកទាំងមូល។ លោកថា លោក Trump បញ្ជូនលោកមកតំបន់អាមេរិកឡាទីននេះ គឺដើម្បីគៀងគរ និងពង្រឹងការគាំទ្រនៅក្នុងតំបន់ ដើម្បីជួយប្រជាពលរដ្ឋវ៉េណេស៊ុយអេឡា។
ចំណែកឯប្រធានាធិបតីវ៉េណេស៊ុយអេឡាវិញ ដោយលើកឡើងពីសកម្មភាពយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាមេរិកឡាទីនជាងមួយសតវត្សរ៍កាលពីអតីតកាល លោកបាននិយាយថា គ្មានប្រទេសនៅតំបន់អាមេរិកឡាទីនណាមួយនឹងទទួលយកនូវទម្រង់ណាមួយនៃការជ្រៀតជ្រែកបែបយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសវ៉េណេស៊ុយអេឡានោះទេ៕