ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧត្ដមសេនីយ៍​កំពូល​សហរដ្ឋ​អាមេរិក​ធ្វើ​ដំណើរ​ទៅ​ឧបទ្វីប​កូរ៉េ​ដើម្បី​ពិភាក្សា​អំពី​ការ​គំរាមកំហែង​របស់​កូរ៉េ​ខាង​ជើង


ឧទ្ធម្ភាគចក្រ​មួយ​ដឹក​លោក​ឧត្តមសេនីយ៍ Joseph Dunford និង​អគ្គមេបញ្ជា​ការលោក Vincent Brooks កាលពី​ថ្ងៃទី​១៣ សីហា ២០១៧ ក្បែរទីក្រុង​ Pyeongtaek ប្រទេស​កូរ៉េខាងត្បូង។
ឧទ្ធម្ភាគចក្រ​មួយ​ដឹក​លោក​ឧត្តមសេនីយ៍ Joseph Dunford និង​អគ្គមេបញ្ជា​ការលោក Vincent Brooks កាលពី​ថ្ងៃទី​១៣ សីហា ២០១៧ ក្បែរទីក្រុង​ Pyeongtaek ប្រទេស​កូរ៉េខាងត្បូង។

ឧត្ដមសេនីយ៍​កំពូល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ឧបទ្វីប​កូរ៉េ ស្រប​ពេល​ដែល​មាន​ការ​គំរាម​កំហែង​ដែល​មិន​ដែល​មាន​ពី​មុន​មក រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង និង​ស្រប​ពេល​ដែល​ការ​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​អាច​បណ្ដាល​ឲ្យ​ភាព​តានតឹង​កាន់តែ​កើន​ឡើង​ថែម​ទៀត។

ដោយ​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ឧបទ្វីប​កូរ៉េ លោក​ឧត្ដមសេនីយ៍ Joe Dunford ប្រធាន​នាយ​អគ្គសេនាធិការ​ចម្រុះ​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ការ​ផ្ដោត​ជា​ចម្បង​របស់​យោធា​សហរដ្ឋ​អាមេរិក គឺ​ការ​គាំទ្រ​ចំពោះ​យុទ្ធនាការ​ការទូត និង​សេដ្ឋកិច្ច​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Donald Trump ក្នុង​ការ​ធ្វើ​ឲ្យ​ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ គឺ​ត្រៀម​នូវ​ជម្រើស​យោធា​ផ្សេងៗ​ក្នុង​ករណី​ដែល​យុទ្ធនាការ​នេះ​បរាជ័យ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ឧបទ្វីប​កូរ៉េ​នៅ​ក្នុង​សប្ដាហ៍​នេះ គឺ​មាន​គោល​បំណង​ធ្វើ​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន ដែល​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក មាន​ការ​ទុកចិត្ត​ចំពោះ​សហរដ្ឋ​អាមេរិក ហើយ​ក្នុង​ពេល​នោះ​ដែរ គឺ​មាន​គោល​បំណង​កសាង​ទំនាក់ទំនង​យោធា​ជាមួយ​នឹង​ប្រទេស​ចិន ដើម្បី​ការពារ​ការ​ប៉ាន់ស្មាន​ខុស​ណា​មួយ។

លោក Dunford បាន​និយាយ​ថា៖ «យើង​ទាំង​អស់​គ្នា​ចង់​គេច​ចេញ​ពី​ស្ថានការណ៍​នៃ​ការ​គំរាម​កំហែង​របស់​កូរ៉េ​ខាង​ជើង ដោយ​មិន​មាន​ការ​ធ្វើ​សង្គ្រាម។ ក្នុង​នាម​ជា​មេដឹកនាំ​យោធា​មួយ​រូប ខ្ញុំ​ត្រូវតែ​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ច្បាស់​ថា លោក​ប្រធានាធិបតី Donald Trump មាន​ជម្រើស​យោធា​នានា​ដែល​អាច​ធ្វើ​ទៅ​បាន នៅ​ក្នុង​ករណី​ដែល​យុទ្ធនាការ​ដាក់​សម្ពាធ​ខាង​ការទូត និង​សេដ្ឋកិច្ច មិន​ទទួល​បាន​ជោគជ័យ‍»។

លោក Dunford បាន​ធ្វើ​ដំណើរ​ទៅ​ដល់​មូលដ្ឋាន​ទ័ព​អាកាស Osan នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​យប់​ថ្ងៃ​អាទិត្យ​នេះ។ លោក​មាន​គម្រោង​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In និង​ប្រធាន​នាយ​អគ្គសេនាធិការ​ចម្រុះ​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​ចន្ទ​ស្អែក មុន​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន និង​ជប៉ុន នៅ​ចុង​សប្ដាហ៍​នេះ៕


XS
SM
MD
LG