លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងរងការរិះគន់ពីគ្រប់មជ្ឈដ្ឋាននយោបាយអាមេរិកចំពោះការខកខានរបស់លោកក្នុងការថ្កោលទោសទៅលើពួកស្បែកសជ្រុលនិយមដែលបានធ្វើការប្រមូលផ្តុំមួយដែលហៅថា "Unite the Right" ក្នុងទីក្រុង Charlottesville រដ្ឋ Virginia ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់។
លោក ត្រាំ ដែលជារឿយៗតែងតែបញ្ចេញមតិយ៉ាងលឿនទៅលើការវាយប្រហារភេរវកម្ម បានថ្កោលទោសទៅលើ «ការបង្ហាញការស្អប់ខ្ពើម ការប្រកាន់សាសនាហួសហេតុ និងអំពើហិង្សាខុសប្រក្រតី» ដែលបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់និងរបួស១៩នាក់ ក្នុងអំឡុងពេលដែលមានអំពើហិង្សាលើដងផ្លូវ ហើយនិងការស្លាប់របស់ប៉ូលិសក្នុងរដ្ឋនេះចំនួនពីរនាក់ ដែលបានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងដែលពាក់ព័ន្ធនឹងការប្រមូលផ្តុំគ្នានេះ។ នៅក្នុងសារមួយលើបណ្តាញសង្គម Twitter លោក ត្រាំ បានចូលរួមរំលែកទុក្ខចំពោះអ្នកទាំងបីដែលបានស្លាប់បាត់បង់ជីវិត និងសម្តែងការគោរពស្រឡាញ់ចំពោះអ្នកដែលបានរងរបួស។
ក៏ប៉ុន្តែលោក ត្រាំ មិនបានថ្កោលទោសដល់ក្រុមជ្រុលនិយមដែលបានរៀបចំការតវ៉ាកាលពីថ្ងៃសៅរ៍នោះទេ ដែលក្នុងចំណោមពួកគេទាំងនោះគឺជាអ្នកគាំទ្រនយោបាយរបស់លោក ដែលបាននិយាយដោយបើកចំហចំអកទៅលើក្រុមភាគតិច ជនជាតិជ្វីស និងស្ត្រី ជាមួយផ្ទាំងបរដានិងការស្រែកបន្ទរ។
លោក David Duke ដែលជាអតីតមេដឹកនាំក្រុមរើសអើងពូជសាសន៍ដែលហៅថា Ku Klux Klan នៅសហរដ្ឋអាមេរិកបាននិយាយថា ការប្រមូលផ្តុំដែលស្ថិតនៅចម្ងាយប្រមាណ១៦០គីឡូម៉ែត្រប៉ែកនិរតីនៃរដ្ឋធានីវ៉ាស៊ីនតោននេះ គឺជាចំណុចផ្លាស់ប្តូរមួយដើម្បីចលនានានាក្នុងការបំពេញទៅតាមការសន្យារបស់លោក ដូណាល់ ត្រាំ។
ក្នុងអំឡុងពេលនៃការឈរឈ្មោះជាប្រធានាធិបតីកាលពីឆ្នាំមុន លោក ត្រាំ មិនទទួលស្គាល់ការគាំទ្ររបស់លោក Duke នោះទេ។
កាលពីថ្ងៃអាទិត្យ សេតវិមានបានព្យាយាមបកស្រាយចំពោះការបរាជ័យរបស់លោក ត្រាំ កាលពីថ្ងៃសៅរ៍ ក្នុងការថ្កោលទោសពួកស្បែកសជាតិនិយម ដោយនិយាយថា លោកបានថ្កោលទោសរាល់ទម្រង់ទាំងអស់នៃអំពើហិង្សា ការរើសអើង និងការស្អប់ខ្ពើម ហើយប្រាកដណាស់ នេះក៏រួមទាំងពួកស្បែកសជ្រុលនិយម ពួក Ku Klux Klan ដែលរើសអើងពូជសាសន៍ និងក្រុមជ្រុលនិយមទាំងអស់ផងដែរ៕