កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា លោកជំទាស់ការទាមទាររបស់ពួកប្រជាធិបតេយ្យឱ្យមានប្រាក់រាប់ពាន់លានដុល្លារសម្រាប់ការចំណាយថ្មីរបស់សេវាប្រៃសណីយ៍សហរដ្ឋអាមេរិក ពីព្រោះវាបើកផ្លូវឱ្យមានការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ដែលលោកអះអាងដោយគ្មានភស្តុតាងថា ការធ្វើដូច្នេះនាំឱ្យមានការលួចបន្លំយ៉ាងធំធេងប្រឆាំងនឹងលោក។
លោក Trump បាននិយាយប្រាប់បណ្តាញទូរទស្សន៍ Fox Business ថា៖ «នៅពេលនេះ ពួកប្រជាធិបតេយ្យត្រូវការទឹកប្រាក់នេះដើម្បីធ្វើឱ្យសេវាប្រៃសណីយ៍មានដំណើរការ ដើម្បីឱ្យសេវានេះប្រមូលយកសន្លឹកឆ្នោតរាប់លានទាំងនេះ។ ក៏ប៉ុន្តែប្រសិនបើពួកគេមិនសម្រេចបានការទាមទារទាំងពីរនោះទេមានន័យថា លោកអ្នកមិនអាចមានការបោះឆ្នោតសាកលផ្ញើតាមប្រៃសណីយ៍ទេ ពីព្រោះពួកគេគ្មានឧបករណ៍សម្រាប់បំពេញកិច្ចការនេះទេ»។
លោក Trump បាននិយាយថា៖ «ការទាមទារសុំទាំងនេះត្រូវការទឹកប្រាក់២៥ពាន់លានដុល្លារសម្រាប់ការិយាល័យប្រៃសណីយ៍និង៣ពាន់៥រយលានដុល្លារសម្រាប់ការបោះឆ្នោតតាមរយៈប្រៃសណីយ៍។ ប្រសិនបើយើងមិនមានការព្រមព្រៀងគ្នាទេ មានន័យថា ពួកគេមិនអាចមានប្រាក់ទេ។ ការណ៍នេះមានន័យថា ពួកគេមិនអាចមានការបោះឆ្នោតសាកលតាមរយៈប្រៃសណីយ៍ទេ។ ការបោះឆ្នោតបែបនេះមិនអាចកើតមានបានទេ»។
ការចរចារបស់សេតវិមានជាមួយពួកសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យជាក្រុមប្រឆាំងមានរួមបញ្ចូលការពិភាក្សាគ្នាអំពីការផ្តល់ប្រាក់ឱ្យសេវាប្រៃសណីយ៍ដោយមានកញ្ចប់ជំនួយធំជាងមុនសម្រាប់ក្រុមអ្នកគ្មានការងារធ្វើ សម្រាប់គ្រួសារអាមេរិកាំង សម្រាប់វិស័យធុរកិច្ច និងសម្រាប់រដ្ឋាភិបាលមូលដ្នានដែលរងផលប៉ះពាល់ដោយសារការរាតត្បាតជាសាកលនៃវីរុសកូរ៉ូណាមិនស្រាកស្រាន្តនៅក្នុងស.រ.អា.។
ក៏ប៉ុន្តែកិច្ចចរចាគ្នានេះបានបរាជ័យកាលពីសប្តាហ៍ទីមួយខែសីហាអំពីការផ្តល់ប្រាក់ឱ្យសេវាប្រៃសណីយ៍និងទំហំនៃជំនួយឯទៀតៗនៅពេលមានការរាតត្បាតនៃវីរុសកូរ៉ូណាដោយពួកប្រជាធិបតេយ្យអំពាវនាវឱ្យចំណាយច្រើនជាងមុនហើយពួកសាធារណរដ្ឋចង់ឱ្យចំណាយតិចជាងមុន។ កិច្ចខិតខំប្រឹងប្រែងធ្វើឱ្យមានកិច្ចចរចាគ្នាជាថ្មីបានបរាជ័យកាលពីសប្តាហ៍ទីមួយនៃខែសីហាដោយពួកប្រជាធិបតេយ្យអំពាវនាវឱ្យមានចំណាយច្រើនជាងមុន ហើយពួកសាធារណរដ្ឋចង់ឱ្យមានចំណាយតិចជាងមុន។ កិច្ចខិតខំប្រឹងប្រែងធ្វើឱ្យមានការចរចាគ្នាជាថ្មីមិនបានផលទេកាលពីថ្ងៃពុធទី១២ ខែសីហា។ កាលពីខែមីនា អ្នកសាធារណរដ្ឋលោក Trump បាននិយាយអំពីហេតុផលមួយទៀតដែលលោកជំទាស់នឹងការបង្កើនចំណាយសម្រាប់ការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ដែលអាចនាំឱ្យមានសន្លឹកឆ្នោតច្រើនសម្រាប់ក្រុមប្រជាធិបតេយ្យ។
លោកបាននិយាយកាលណោះថា ការបោះឆ្នោតបែបនេះអាចបណ្តាលឱ្យមាន«ការបោះឆ្នោតមួយដែល បើសិនលោកអ្នកយល់ព្រមគឺ នឹងមិនមានអ្នកសាធារណរដ្ឋណាម្នាក់ជាប់ឆ្នោតទៀតទេ»។
លោក Trump បាននិយាយប្រឆាំងការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ ដោយអះអាងថា ការបោះឆ្នោតបែបនេះនាំឱ្យមានការបន្លំសន្លឹកឆ្នោត ទោះណាជាអំពើពុករលួយនៅក្នុងការបោះឆ្នោតក្នុងស.រ.អា.មានតិចតួចក៏ដោយ។ កាលពីអាទិត្យទីមួយនៃខែសីហា លោកនិយាយដោយមិនរារែកទេថា ការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ជាការល្អប្រសើរនៅក្នុងរដ្ឋ Florida ពីព្រោះការបោះឆ្នោតនោះត្រូវបានមើលការខុសត្រូវកាលពីពេលថ្មីៗនេះដោយអភិបាលរដ្ឋសាធារណរដ្ឋពីរនាក់ដែលគាំទ្រលោក។
នៅពេលជាមួយគ្នានេះ ពួកអ្នកធ្វើការឃោសនាបោះឆ្នោតឱ្យលោកបានប្តឹងសុំរារាំងការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍នៅក្នុងរដ្ឋ Nevada នៅភាគខាងលិចស.រ.អា.ដែលមានអភិបាលរដ្ឋជាអ្នកប្រជាធិបតេយ្យនិងជាអ្នករិះគន់លោក Trump ជាខ្លាំងយូរយារមកហើយ។ មានរដ្ឋចំនួន៥ក្នុងបណ្តារដ្ឋទាំងអស់៥០នៃប្រទេសអាមេរិកដែលបានធ្វើការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ស្ទើរតែទាំងស្រុង។ នៅឆ្នាំនេះមានរដ្ឋាភិបាលរដ្ឋជាច្រើនបានចាត់វិធានការសម្រួលការបោះឆ្នោតដោយឱ្យមានការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ដើម្បីបន្ថយការភ័យខ្លាចរបស់ពួកអ្នកបោះឆ្នោតដែលខ្លាចឆ្លងវីរុសកូរ៉ូណាបើគេទៅកន្លែងបោះឆ្នោតនៅទូទាំងប្រទេសដែលនៅទីនោះពួកគេនឹងនៅជិតមនុស្សឯទៀតៗ។
ក្រុមប្រជាធិបតេយ្យបានរិះគន់លោក Trump ថា ខិតខំបន្ថយជំនួយថ្មីដល់សេវាប្រៃសណីយ៍។
លោក Chris Coons សមាជិកព្រឹទ្ធសភាស.រ.អា.ខាងគណបក្សប្រជាធិបតេយ្យបាននិយាយប្រាប់ទូរទស្សន៍ MSNBC ថា៖ «ជាដំបូងខ្ញុំសង្ឃឹមថា នេះមិនមែនជាកិច្ចខិតខំប្រឹងប្រែងដោយមានចេតនាបោះបង់ចោលការបោះឆ្នោតទេ។ កាលពីពេលថ្មីៗ ខ្ញុំខ្លល់ខ្វាយខ្លាំងដោយឃើញមានការផ្លាស់ប្តូរអ្នកដឹកនាំសេវាប្រៃសណីយ៍ រៀបចំដោយនាយកទូទៅនៃសេវាប្រៃសណីយ៍ដែលខ្ញុំសូមរំឭកថា គាត់ជាអ្នកផ្តល់ប្រាក់ច្រើនដល់ការឃោសនាបោះឆ្នោតរបស់លោក Trump»។
លោក Louis DeJoy នាយកទូទៅនៃសេវាប្រៃសណីយ៍ដែលបានធ្វើវិភាគទាន២លាន៧សែនដុល្លារដល់លោក Trump និងអ្នកសាធារណរដ្ឋឯទៀតៗ ចាប់តាំងពីឆ្នាំ២០១៧មក បានបញ្ជាឱ្យកាត់ការបង់ប្រាក់សម្រាប់ធ្វើការហួសម៉ោងរបស់ពួកអ្នកធ្វើការខាងប្រៃសណីយ៍នៅក្នុងការប្រឹងប្រែងដើម្បីកាត់បន្ថយការខាតបង់ខាងហិរញ្ញវត្ថុធ្ងន់ធ្ងររបស់ទីភ្នាក់ងារនេះ ប៉ុន្តែពួកអ្នករិះគន់ថ្លែងថា ការណ៍នេះនាំឱ្យមានការយឺតយូរការប្រគល់សំបុត្រឱ្យប្រជាពលរដ្ឋ។
ក្រៅពីលទ្ធភាពមានការបន្លំសន្លឹកឆ្នោត ការពង្រីកការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍នាំឱ្យមានការពន្យារពេលការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋមួយចំនួននៅឆ្នាំនេះនៅក្នុងការបោះឆ្នោតបឋមនៃគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋ ហើយជួនកាលបណ្តាលឱ្យមានការសង្ស័យដល់លទ្ធផលនៃការបោះឆ្នោតទាំងនេះជាច្រើនសប្តាហ៍ផងដែរ។
ក្រុមអ្នកបោះឆ្នោតរាប់ម៉ឺននាក់បានសុំសន្លឹកឆ្នោតផ្ញើតាមប្រៃសណីយ៍ច្រើនជាងការបោះឆ្នោតកាលពីពេលមុនៗជាជាងទៅកាន់ស្ថានីយ៍បោះឆ្នោតនៅក្នុងអគាររដ្ឋាភិបាល សាលារៀន វិហារគ្រឹស្តសាសនា ស្ថានីយ៍ឡានទឹកពន្លត់អគ្គីភ័យ និងកន្លែងឯទៀតៗនៅពេលមានការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
ដោយសារការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ទំនងជានឹងមានកំណើនខ្លាំង ពួកអ្នកវិភាគនយោបាយស.រ.អា.ច្រើននាក់បានព្រមានថា ការរាប់សន្លឹកឆ្នោតនៃការបោះឆ្នោតជាតិនៅថ្ងៃទី៣ ខែវិច្ឆិកាអាចត្រូវពន្យារពេលហួសពីថ្ងៃបោះឆ្នោតនោះ ហើយអាចនាំឱ្យលទ្ធផលនៃការប្រកួតប្រជែងរបស់លោក Trumpជាមួយបេក្ខជនប្រជាធិបតេយ្យលោក Joe Biden មានភាពមិនប្រាកដប្រជាជាច្រើនថ្ងៃឬច្រើនសប្តាហ៍ថែមទៀតផង៕
ប្រែសម្រួលដោយលោកឈឹម សុមេធ