ខណៈពេលដែលសហរដ្ឋអាមេរិក និងប្រទេសចិនបន្តភាពតានតឹងផ្នែកពាណិជ្ជកម្ម ដែលបានពង្រីកខ្លួនពីជម្លោះលើកម្មសិទ្ធិបញ្ញា និងការប្រជែងទីផ្សារ ទៅដល់បញ្ហាសន្តិសុខជាតិសំខាន់ៗ អាជីវកម្មនានាទូទាំងពិភពលោក កំពុងតែប្រឈមមុខនឹងភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើង។
កាលពីសប្ដាហ៍មុនគឺពោរពេញទៅដោយការចរចាម្ដងហើយម្ដងទៀត ការប្រកួតប្រជែង និងពេលខ្លះគឺការចេញសេចក្ដីថ្លែងការណ៍តតាំងដាក់គ្នាពីសំណាក់មន្ត្រីសេតវិមាន ក៏ដូចជាបង្កើតឲ្យមានស្ថានភាពភាន់ច្រឡំសម្រាប់អាជីវកម្មនានាផងដែរ។
ហើយក្ដីសង្ឃឹមដែលថាជំនួបដោយឡែកមួយរវាងលោកប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីចិន Xi Jinping ក្នុងកិច្ចប្រជុំកំពូល G-20 នៅខែក្រោយ នឹងនាំមកនូវដំណោះស្រាយដល់ជម្លោះពាណិជ្ជកម្មនេះ ត្រូវបានបង្អាក់ដោយលោក Gao Feng រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន ដោយលោកបានថ្លែងក្នុងភាសាចិន កាលពីថ្ងៃព្រហស្បតិ៍ថា៖ «បើសិនជាអាមេរិកចង់បន្តការចរចា អាមេរិកគួរតែរក្សាភាពស្មោះត្រង់ និងកែប្រែសកម្មភាពខុសឆ្គងរបស់ខ្លួន ទើបអាចបន្តការចរចាបាន»។ នេះបើយោងតាមការបកប្រែរបស់ស្ថាប័នសារព័ត៌មាន CNBC។
លោក Goa បន្ថែមថា៖ «អាមេរិក...បង្ក្រាបមកលើក្រុមហ៊ុនចិនមិនមែនត្រឹមតែធ្វើឲ្យខូចខាតដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនោះទេ ប៉ុន្តែវាថែមទាំងបង្កើតឲ្យមានការគំរាមកំហែងដល់សន្តិសុខនៃខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់ជាសកលផងដែរ។ រដ្ឋាភិបាលចិនប្រឆាំងដាច់ខាតចំពោះទង្វើនេះ។ យើងនឹងតាមដានការវិវឌ្ឍនេះយ៉ាងដិតដល់ ក៏ដូចជាធ្វើការត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់»។
ក្រុមហ៊ុនមួយចំនួនក៏ចង់ត្រៀម «លក្ខណៈឲ្យបានគ្រប់គ្រាន់» ប៉ុន្តែមិនច្បាស់ថាពួកគេគួរតែយ៉ាងដូចម្ដេចដោយសារតែ ស្ថានភាពនៃជម្លោះរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពី ផ្លាស់ប្ដូរលឿន និងមានហានិភ័យខ្ពស់។
ឧទាហរណ៍ រដ្ឋបាលរបស់លោកប្រធានាធិបតី Trump បានចេញសេចក្ដីប្រកាសមួយថា ខ្លួននឹងហាមប្រាមការលក់ចេញឧបករណ៍បច្ចេកវិទ្យាទំនើប ឲ្យទៅក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន កាលពីសប្ដាហ៍មុន ដែលនាំឲ្យក្រុមហ៊ុន Google ចេញសេចក្ដីថ្លែងការណ៍មួយដែលថា ក្រុមហ៊ុន Google នឹងឈប់ផ្ដល់ប្រព័ន្ធប្រតិបត្តិការ Android របស់ខ្លួនឲ្យទៅក្រុមហ៊ុន Huawei ប្រើប្រាស់នៅក្នុងស្មាតហ្វូនតទៅទៀត។ ការណ៍អាចធ្វើឲ្យប៉ះពាល់ខ្លាំងដល់អាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei។
ប៉ុន្មានថ្ងៃក្រោយមក រដ្ឋបាលរបស់លោក Trump បានប្រកាសការទុកពេលឲ្យរយៈ ៩០ ថ្ងៃ ដែលការណ៍នេះបានបង្ខំឲ្យក្រុមហ៊ុន Google កែប្រែសេចក្ដីថ្លែងការណ៍ដើមរបស់ខ្លួនមកថា ក្រុមហ៊ុន Google នឹងធ្វើការជាមួយក្រុមហ៊ុន Huawei ក្នុងកម្រិតមួយដែលមានដែនកំណត់ក្នុងរយៈពេល ៩០ ថ្ងៃនេះ។
ប៉ុន្មានថ្ងៃក្រោយមក ក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ប្រតិបត្តិការអាជីវកម្មមួយចំនួនដល់ក្រុមហ៊ុន Huawei ក៏បានប្រកាសថា ពួកគេនឹងបញ្ឈប់ការធ្វើអាជីវកម្មជាមួយក្រុមហ៊ុនចិនមួយនេះ៕