លោក Mitt Romney ដែលជាអ្នករិះគន់មិនសំចៃមាត់មួយរូបមកពីគណបក្សសាធារណរដ្ឋចំពោះលោក Donald Trump(ដូណាល់ ត្រាំ) ក្នុងអំឡុងពេលដំបូងៗនៃយុទ្ធនាការរកសំឡេងឆ្នោតកន្លងមក គឺជាមនុស្សម្នាក់ ក្នុងចំណោមមន្ត្រីមួយក្រុមដែលបានជួបជាមួយនឹងលោក Donald Trump ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ម្ស៉ិលមិញ ស្របពេលដែលលោក Trump កំពុងជ្រើសរើសបេក្ខជនដើម្បីបំពេញតំណែងនានានៅក្នុងរដ្ឋបាលរបស់លោក។
អ្នកផ្សេងៗទៀត ដែលបានជួបជាមួយលោក Trump នៅឯទីលានវាយកូនហ្គោលរបស់លោក នៅក្នុងរដ្ឋ New Jersey មានដូចជា សកម្មជនអប់រំអ្នកស្រី Michelle Rhee និងអ្នកស្រី Betsy DeVos ក៏ដូចជាលោកឧត្ដមសេនីយ៍ចូលនិវត្តន៍ James Mattis ដែលជាអ្នកកំពុងត្រូវបានគេពិចារណាដើម្បីដឹកនាំមន្ទីរបញ្ចកោណ ដែលជាមន្ទីរយោធារបស់សហរដ្ឋអាមេរិកផងដែរ។
លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅក្លឹបវាយកូនហ្គោល Trump National Gold Club ស្របពេលដែលលោក និងលោក Romney កំពុងចាកចេញពីកន្លែងប្រជុំថា កិច្ចប្រជុំនេះដំណើរការបានល្អណាស់។
លោក Romney បានប្រាប់អ្នកសារព័ត៌មានថា លោក និងលោក Trump បានពិភាក្សាជាមួយគ្នាយ៉ាងលម្អិតអំពីកិច្ចការពិភពលោក។
លោក Romney ដែលជាគូប្រជែងជាមួយលោក Barack Obama នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១២ ត្រូវបានគេបញ្ជាក់នាពេលថ្មីៗនេះថា លោកអាចជាជម្រើសរបស់លោក Trump ក្នុងការតែងតាំងលោកជារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។
នៅថ្ងៃអាទិត្យនេះ លោក Trump មានគម្រោងជួបជាមួយនឹងលោក Wilbur Ross ដែលអាចជាបេក្ខជនសម្រាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ លោក Wilbur Ross រកចំណូលបានរាប់ពាន់លានដុល្លារ ដោយសារការវិនិយោគលើក្រុមហ៊ុនដែលក្ស័យធន់។ លោក Trump ក៏នឹងជួបជាមួយនឹងលោក David McCormick ប្រធានក្រុមហ៊ុនវិនិយោគ Bridgewater Associates និងលោកChris Christie អភិបាលរដ្ឋ New Jersey ផងដែរ៕