លោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុន បាននិយាយថា លោក Donald Trump ប្រធានាធិបតីជាប់ឆ្នោតស.រ.អា.ជាអ្នកដឹកនាំដែលលោកមានជំនឿទុកចិត្តអស្ចារ្យ។
លោក Abe គឺជាមេដឹកនាំក្នុងពិភពលោកដែលបានជួបលោក Donald Trump ដំបូងគេ តាំងពីលោក Donald Trump បានជាប់ឆ្នោតជាប្រធានាធិបតីស.រ.អា.។ មេដឹកនាំទាំងពីរបានជួបគ្នានៅសណ្ឋាគារ Trump Tower នៅទីក្រុង New York។ លោក Abe និយាយថា កិច្ចពិភាក្សារបស់លោកជាមួយលោក Trump ត្រង់ៗ និងរាក់ទាក់។
លោក Abe និយាយថា តាមសម្តីដើមយ៉ាងដូច្នេះថា លទ្ធផលនៃកិច្ចពិភាក្សា និងប្រជុំថ្ងៃនេះ ខ្ញុំធ្វើការវិនិច្ឆ័យរបស់ខ្ញុំជាថ្មីជាមួយលោក Trump ថា យើងនឹងអាចបង្កើតទំនាក់ទំនងមានទំនុកចិត្តគ្នា ហើយទាក់ទងនឹងខ្លឹមសារនៃកិច្ចពិភាក្សានេះ ជាបឋមខ្ញុំសូមជម្រាបថា ខ្ញុំសូមបង្ហាញទស្សនៈជាមូលដ្ឋានរបស់ខ្ញុំអំពីបញ្ហាមួយចំនួនប្រាប់លោក Trump។ តែព័ត៌មានលម្អិតមិនទាន់អាចនិយាយបាន ទេព្រោះលោក Trump មិនទាន់ចូលកាន់តំណែងជាប្រធានាធិបតីស.រ.អា.ជាផ្លូវការ ហើយការពិភាក្សាថ្ងៃនេះគឺមិនផ្លូវការទេ ដូច្នេះខ្ញុំសូមមិនបញ្ចេញព័ត៌មានលម្អិតទេ។ តែទោះជាយ៉ាងណា យើងបានបង្ហាញប្រាប់លោក Trump ថា យើងនឹងមានឱកាសម្តងទៀតនៅពេលសមស្របដើម្បីពិភាក្សាស៊ីជម្រៅ និងទូលំទូលាយ។
លោក Abe មិនផ្តល់ព័ត៌មានលម្អិត ហើយលោក Trump មិនបានធ្វើអត្ថាធិប្បាយអ្វីទេ៕