ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​វិទ្យាសាស្រ្ត​ខាង​អាកាសធាតុ​បារម្ភថា​ជ័យ​ជម្នះ​របស់​លោក​ Trump ​នឹង​បង្អាក់​​​វឌ្ឍនភាព​នៃកិច្ចការ​ការពារ​​ការ​កើន​ឡើង​កម្ដៅ​ផែនដី


អតីត​បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​ លោក​ Donald Trump ចូល​រួមកិច្ច​ពិភាក្សា​តុមូល​ស្តីពី​សន្តិសុខ​ជាតិ​ក្នុង​ការិយាល័យ​របស់គាត់​ក្នុងអគារ​ Trump Tower ក្នុង​ទីក្រុង​ New York។
អតីត​បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​ លោក​ Donald Trump ចូល​រួមកិច្ច​ពិភាក្សា​តុមូល​ស្តីពី​សន្តិសុខ​ជាតិ​ក្នុង​ការិយាល័យ​របស់គាត់​ក្នុងអគារ​ Trump Tower ក្នុង​ទីក្រុង​ New York។

ជ័យជម្នះ​លើ​ការ​ប្រកួត​ប្រជែង​ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក​របស់​លោក​ ដូណាល់​​ ​ត្រាំ​ (Donald​ Trump)​ បាន​ធ្វើ​ឲ្យ​​មាន​ការ​រកាំ​រកូស​​នៅ​ក្នុង​កិច្ចពិភាក្សា​​អំពី​​បញ្ហា​​អាកាធាតុ​​របស់​​អង្គការ​សហប្រជាជាតិ​ ដែល​ត្រូវ​​បាន​ឡើង​នៅ​ប្រទេស​ម៉ារ៉ុក​ ​ក្នុង​ខែ​វិច្ឆិកា​នេះ។ កិច្ច​ប្រជុំ​អន្តរជាតិ​នេះ​មាន​គោល​បំណង​ដាក់​គោល​នយោបាយ​លម្អិត​លើ​កិច្ច​ព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​ជា​ប្រវត្តិសាស្ត្រ​​ ប៉ុន្ដែលោក​​Trump ​បាន​សន្យា​បំបាត់​កិច្ច​ព្រមព្រៀង​នោះ​ចោល ​ដើម្បី​បើក​រ៉ែ​និង​ធ្យូង​ថ្ម​ឡើង​វិញ​និង​ជំរុញ​គម្រោង​ប្រេង​និង​ឧស្ម័ន​​ក្នុង​ថ្ម​ឲ្យ​ទៅ​មុខ។

កិច្ច​ព្រមព្រៀង​អាកាសធាតុ​ទី​ក្រុង​ប៉ារីស​មាន​គោលដៅ​ក្នុង​ការកំណត់​ការ​កើន​ឡើង កំដៅ​ផែនដី​ឲ្យបាន​នៅ​ត្រឹម​កម្រិត​ពីរ​អង្សាសេ​ខ្ពស់​ជាង​កម្រិត​មុន​ពេល​មាន​បដិវត្តន៍​ឧស្សាហកម្ម​ដោយ​ភាគ​ច្រើន​តាម​រយៈ​ការ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់។

ប្រទេស​ជាង​១០០បាន​ផ្តល់​សច្ចាប័ន​លើ​កិច្ច​ព្រមព្រៀង​ក្នុង​ពេល​តែ​មួយ​ឆ្នាំ ​ក្នុង​នោះ​រួម​មាន​សហរដ្ឋអាមេរិក ​និង​ប្រទេស​ចិន។ លោក​សាស្រ្តាចារ្យ​ Samuel ​Fankhauser​ នៃវិទ្យាស្ថាន​ស្រាវជ្រាវ​Grathamនៃការ​ប្រែប្រួស​អាកាសធាតុនៃ​មហា​វិទ្យាល័យ​សេដ្ឋកិច្ចទី​ក្រុង​ឡុងដ៍ (London​ School ​of​ Economics'​ Grantham) ​និយាយ​ថា មាន​ការ​រីកចំរើន​គួរ​ឱ្យ​កត់​សម្គាល់។

លោក​សាស្រ្តាចារ្យ​បាន​ពន្យល់​ថា៖ «មូលហេតុ​មួយ​ដែល​យើង​មាន​ស្ថានភាព​ដូច​ដែល​យើង​មើល​ឃើញសព្វថ្ងៃ មូលហេតុ​ដែលយើង​មាន​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ និង​ការ​ផ្តល់​សច្ចាប័នយ៉ាង​ឆាប់​រហ័ស​លើ​កិច្ចព្រមព្រៀង​នោះគឺ​មក​ពី​ការ​ដឹកនាំ​របស់សហរដ្ឋ​អាមេរិក»។

ប្រធានាធិបតី​ជាប់ឆ្នោត​របស់​សហរដ្ឋអាមេរិក​លោក​ដូណាល់​ត្រាំ​ធ្លាប់​បាន​ពណ៌នា​ការ​ប្រែប្រួល​អាកាសធាតុ​តាម​បណ្តាញ​ស​ង្គម​ Twitter ថា​ជា​ ការ​បោកប្រាស់​ដែល​បង្កើត​ឡើង​ដោយ​ប្រទេស​ចិន​ ដើម្បី​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ប្រកួត​ប្រជែង​ឧស្សាហកម្ម​របស់​សហរដ្ឋ​អាមេរិក។

នៅពេល​ធ្វើ​យុទ្ធនាការ​បោះឆ្នោត ​លោក​បាន​ប្តេជ្ញា​ថា​នឹង​ហែក​ចោល​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​នៅ​ក្នុង​រយៈពេល​១០០​ថ្ងៃ​នៃ​ការ​ចូល​កាន់​តំណែង​របស់​លោក ​ហើយ​ផ្តោត​អារម្មណ៍​ជា​ថ្មី​លើ​ឯករាជ្យភាព​វិស័យថាមពល​របស់​សហរដ្ឋអាមេរិក។

លោកTrumpបាន​និយាយ​ថា៖ «យើង​នឹង​ផ្តល់​ការងារ​ដល់​កម្មករ​អណ្តូង​រ៉ែ​ឡើង​វិញ​ យើង​នឹង​ផ្តល់​ការងារ​ដល់​កម្មករ​អណ្តូង​រ៉ែ​ឡើង​វិញ។ យើង​នឹង​បើក​អណ្តូង​រ៉ែ​ទាំង​នោះ​ឡើង​វិញ»។

លោក​ Fankhauser ​និយាយថា​ ការ​បត់​ត្រឡប់​ក្រោយ​ដោយ​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​អាច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​កិច្ចខិត​ខំ​ប្រឹងប្រែង​ជា​សាកល​ដើម្បី​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន។

លោក​បាន​និយាយ​ថា៖ «ក្នុង​តួនា​ទី​ជា​អ្នក​ដឹក​នាំនឹង​បង្កើត​ឲ្យ​មាន​ចន្លោះ ​វាច្បាស់​ណាស់​ដែល​មាន​រឿង​បែបនេះ។ ​ប៉ុន្តែ​ប្រសិន​បើ​មាន​ដំណឹង​ល្អ​ ដំណឹង​ល្អនោះ​គឺ​ថា ​នៅ​ពេល​ដែល​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ត្រូវ​បាន​អនុវត្ត​ដូច​ពេលឥឡូវ​នេះ​ ហើយ​សហរដ្ឋ​អាមេរិក​គឺ​ជា​សមាជិក​ក្នុង​កិច្ចព្រមព្រៀង​នោះ ការ​ចាកចេញ​ពី​កិច្ចព្រមព្រៀង​នេះគឺ ​ពិត​ជា​លំបាក​ច្រើន​ជាង​ការ​មិន​ដែល​ចូលរួម​សោះ​ទៅ​ទៀត»។

គណៈប្រតិភូ​ដែល​នឹង​ត្រូវ​មក​ជួបជុំនៅ​ក្នុងកិច្ច​ពិភាក្សា​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ​នា​ខែ​នេះ​នៅ​ក្នុង​ប្រទេស​ម៉ារ៉ុក​ មាន​ក្តីបារម្ភ​ថា​ វឌ្ឍនភាព​នៃកិច្ច​ខំប្រឹង​ប្រែង​របស់​ពួកគេ​នឹ​ង​ត្រូវ​បំបាត់​ចោល។ Weram Mannasseh Chlanga គឺ​ជាគណៈ​ប្រតិភូ​មកពី​ម៉ាឡាវី។

សមាជិក​គណៈ​ប្រតិភូ​មួយរូប​ឈ្មោះ Chlanga បាន​ពន្យល់​ថា៖ «ប្រសិន​បើ​លោកTrump ​ដក​ខ្លួន​ចេញ ​(ពី​កិច្ច​ព្រមព្រៀង​អាកាសធាតុ​ទី​ក្រុង​ប៉ារីស) វា​មាន​ន័យ​ថា​អ្វី​គ្រប់យ៉ាង​ គឺ​ត្រូវ​ដើរ​ថយ​ក្រោយ​ ហើយ​វា​នឹង​មិន​ល្អ​សម្រាប់​ពិភពលោក»។

ក្រុម​អ្នក​សង្កេតការណ៍​បាន​និយាយ​ថា ​ផល​ប៉ះពាល់​ទាំងស្រុង​នៃ​ការ​ទទួល​ជ័យ​ជម្នះ​របស់​លោក​Trump ​នឹង​មិន​ត្រូវ​បាន​គេ​មើល​ឃើញត្រឹមតែ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ​ឡើយ​ គឺអាច​បន្សល់​ទុក​នូវ​អនាគត​ដែល​មិន​ច្បាស់លាស់​សម្រាប់​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ជា​ប្រវត្តិសាស្ត្រ​នេះ៕

ប្រែ​សម្រួល​ដោយ ​ផន​ បុប្ផា

XS
SM
MD
LG