ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump និង​លោក Macron អះអាង​អំពី​ការរួបរួមគ្នា​នៅ​ឯ​សន្និសីទ​កំពូលG7


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​មួយ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល G7 ក្នុង​ក្រុង Biarritz ប្រទេស​បារាំង កាលពី​ថ្ងៃទី២៦ ខែសីហា ឆ្នា២០១៩។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​មួយ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល G7 ក្នុង​ក្រុង Biarritz ប្រទេស​បារាំង កាលពី​ថ្ងៃទី២៦ ខែសីហា ឆ្នា២០១៩។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​សមភាគី​បារាំង​លោក Emmanuel Macron បាន​ថ្លែង​ថា​មាន​ការព្រមព្រៀងគ្នា​ជារួម​លើ​បញ្ហា​សំខាន់ៗ​ជាច្រើន​នៅក្នុង​សន្និសីទ​កំពូល G7 នៅ​ប្រទេសបារាំង​ បើទោះបី​ជា​មាន​ការខ្វែង​គំនិត​គ្នា​លើ​បញ្ហា​មួយ​ចំនួន​នៅ​អំឡុងកិច្ចប្រជុំ​ពាក់ព័ន្ធ​នឹង​បញ្ហា​ពាណិជ្ជកម្ម​ កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ និង​ភ្លើងឆេះ​ព្រៃ Amazon ក៏​ដោយ។

នៅ​ឯ​សន្និសីទ​សារព័ត៌មាន​រួមគ្នា​មួយ​កាល​ពី​ថ្ងៃចន្ទ​ លោក Trump បាន​ថ្លែង​ថា​ នេះ​គឺ​ជា​ការបង្រួបបង្រួម​គ្នា​យ៉ាង​អស្ចារ្យ​ ខណៈ​លោក Macron បាន​ថ្លែង​ថា​ ទោះ​ជា​មាន​ការខ្វែងគំនិត​គ្នា​យ៉ាងណា​ក៏ដោយ​ ក៏​ភាគី​ទាំង​អស់​បាន​ខិតខំស្វែង​រកចំណុច​រួមគ្នា​ទាល់​តែ​បាន។

ទាក់ទិនទៅនឹង​បញ្ហា​ប្រទេសអ៊ីរ៉ង់​ លោក Macron បាន​ថ្លែង​ថា​ លោក​មាន​សង្ឃឹម​ទៅ​លើ​កិច្ចប្រជុំ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ​ រវាងលោក Trump និង​ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani។ ទោះ​ជា​យ៉ាង​ណា​ក្តី លោក Trump មិន​ទាន់​ប្រាកដ​អំពី​ពេលវេលា​នៃ​កិច្ចប្រជុំ​នាពេល​ខាងមុខ​នេះ​នៅ​ឡើយ​ទេ។

លោក​បាន​ថ្លែង​ដោយ​បញ្ជាក់​ថា​ ប្រទេស​អ៊ីរ៉ង់​មិន​អាច​មាន​អាវុធ​នុយក្លេអ៊ែរ​និង​កាំជ្រួច​ម៉ីស៊ីល​ផ្លោង​ឆ្លង​ទ្វីប​ជា​ដាច់​ខាត។ លោក​បាន​និយាយ​ក្នុង​សម្តី​ដើម​ថា «ប្រសិន​បើ​កាលៈទេសៈ​កើតឡើង​ដូច​តាម​ការរំពឹងទុក​ នោះ​ខ្ញុំ​នឹង​យល់ព្រម​ចូលរួម​កិច្ចប្រជុំ»។

លោក Macron បាន​បញ្ជាក់​សារជាថ្មី​អំពី​ការប្តេជ្ញាចិត្ត​របស់​លោក​ចំពោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ២០១៥​ដែល​លោក Trump បាន​ដក​ខ្លួន​ចេញ​កាល​ពី​ឆ្នាំ​មុន។ លោក Trump នៅ​តែ​ហៅ​កិច្ចព្រមព្រៀង​នោះ​ថា​ជា​កិច្ចព្រមព្រៀង​អាក្រក់។

នៅ​អំឡុង​សន្និសីទ​កំពូល G7 មេដឹកនាំ​ពិភពលោក​បាន​បង្ហាញ​ក្តី​បារម្ភ​អំពី​ការកើន​ឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន។

លោក Trump ​បាន​ថ្លែង​ថា​សហរដ្ឋអាមេរិក​បាន​ទទួល​សញ្ញា​វិជ្ជមាន​ពី​រដ្ឋាភិបាលក្រុង​ប៉េកាំង​លើ​បញ្ហា​នេះ​ដោយ​លោក​បាន​និយាយ​ថា «ខ្ញុំ​គិតថា​ចិន​ពិតជា​ចង់​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​យ៉ាងខ្លាំង​ជាមួយ​នឹង​អាមេរិក»។

លោក Macron បាន​ថ្លែង​ថា​កិច្ចព្រមព្រៀង​នឹង​ជួយ​លុបបំបាត់​ភាពមិន​ប្រាកដប្រជា​នៅក្នុង​ទីផ្សារ​សកលលោក​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ៕

XS
SM
MD
LG