លោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ក្រុង Biarritz ប្រទេសបារាំងហើយដើម្បីចូលរួមក្នុងសន្និសីទកំពូលក្រុមប្រទេស G-7 ដែលជាការប្រជុំមួយនៃពួកប្រទេសមានលទ្ធិប្រជាធិបតេយ្យជឿនលឿនបំផុតក្នុងពិភពលោក។
ភ្លាមៗបន្ទាប់ពីបានទៅដល់ប្រទេសបារាំងកាលពីថ្ងៃសៅរ៍ លោក ត្រាំ បានពិសារអាហារថ្ងៃត្រង់ជាមួយលោកប្រធានាធិបតីបារាំង Emmanuel Macron។មេដឹកនាំទាំងពីរនាក់នេះបាននិយាយជាថ្មីទៀតអំពីបំណងរបស់អស់លោកក្នុងការធ្វើការជាមួយគ្នានៅពេលលោកទាំងពីរពិភាក្សាគ្នាអំពីបញ្ហាមួយចំនួនដោយមានរួមបញ្ចូលការប្រែប្រួលធាតុអាកាស, បញ្ហាប្រទេសស៊ីរី, កូរ៉េខាងជើង, អ៊ុយក្រែន និងបញ្ហាប្រទេសអ៊ីរ៉ង់ជាដើម នៅក្នុងដំណាច់សប្តាហ៍នេះ។
លោក Macron បានហៅលោក ត្រាំ ថាជា«ភ្ញៀវពិសេស»របស់ខ្ញុំ។ដោយបដិសេធថាមានការបែកបាក់គ្នាជាមួយលោក Macron លោក ត្រាំ បាននិយាយថា លោកនិងលោក Macron មានការយល់ឃើញដូចគ្នាច្រើន ហើយជាមិត្តភក្តិនឹងគ្នាយូរយាមកហើយ។
លោក ត្រាំ បានថ្លែងថា៖ «រហូតដល់ពេលនេះអ្វីៗល្អទាំងអស់។ មានធាតុអាកាសល្អណាស់។ ខ្ញុំយល់ថាយើងនឹងសម្រេចកិច្ចការច្រើននៅដំណាច់សប្តាហ៍នេះ»។
ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយក៏នៅពេលលោកចាកចេញពីសេតវិមានកាលពីយប់ថ្ងៃសុក្រ លោក ត្រាំ បានគំរាមកំហែងថានឹងដាក់កំហិតពន្ធគយលើស្រាទំពាំងបាយជូរបារាំង ប្រសិនបើប្រទេសបារាំងដាក់កំហិតពន្ធដារលើក្រុមហ៊ុនបច្ចេកវិទ្យារបស់ស.រ.អា.៕